រាជធានីភ្នំពេញ ៖ បុរសម្នាក់ខឹងប្រពន្ធស្តីបន្ទោសពីរឿងដើរផឹកស៊ីរហូតដល់ភ្លេចប្រពន្ធកូន និងបោះបង់ចោលមុខរបរថែមទៀតបានបង្ហូរសាំងចេញពីម៉ូតូរបស់ខ្លួនប្រុងដុតម៉ូតូនិងផ្ទះចោល ហើយក៏បានត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ សីហា ។ បុរសឈ្មោះ ជា សុវណ្ណៈ អាយុ២៧ឆ្នាំ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយពីឃាត់ខ្លួនត្រូវបាននាំមកកាន់ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ។
ស្ត្រីជាប្រពន្ធឈ្មោះ ស្រីផា អាយុ២៤ឆ្នាំ និយាយថា សព្វថ្ងៃប្តីប្រពន្ធគាត់រស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ បើទោះបីជាមានមុខរបរធើ្វសិប្បកម្មផ្សារដែកមានកម្មករប្រើយ៉ាងណាក៏ដោយ ប៉ុន្តែគ្មានសុភមង្គលក្នុងគ្រួសារឡើយ ។ ជារៀងរាល់ថ្ងៃប្តីគាត់តែងតែដើរផឹកស៊ីជាប់រហូត មិនគិតពីមុខរបររកស៊ីនោះទេ ហើយសព្វថ្ងៃគាត់ដែលមានផ្ទៃពោះ៦ខែទៅ៧ខែ និងជិតដល់ថ្ងៃឆ្លងទន្លេទៅហើយត្រូវទទួលរាប់រងការងារសព្វបែបយ៉ាង ពោលគឺធ្វើជាប្រពន្ធផងនិងប្តីផង និងដោយសារតែការស្តីបន្ទោសឱ្យកែខ្លួន បែរជាប្តីចង់បំផ្លាញផ្ទះសម្បែងរបស់ខ្លួនថែមទៀត ។
ចំណែកឯមន្ត្រីប៉ូលិសប៉ុស្តិ៍ទឹកថ្លាបានឱ្យដឹងថា បុរសជាប្តីរូបនេះពេលឈ្លោះប្រកែកជាមួយប្រពន្ធក៏បានបង្ហូរសាំងចេញពីម៉ូតូប្រុងដុតផ្ទះនិងម៉ូតូចោលដែលឃើញបែបនេះប៉ូលិសចូលទៅឃាត់ បែរជារកវាយប៉ូលិសថែមទៀត ទើបឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍ធ្វើការអប់រំរួចទើបឱ្យទៅផ្ទះដើម្បីកែខ្លួនជាថ្មីឡើងវិញ ៕


ចែករំលែកព័តមាននេះ