ខេត្តបន្ទាយមានជ័យ ៖ លោកតា ឱ គង់ អាយុ៩៣ឆ្នាំ មានជំងឺប្រចាំកាយភ្នែកងងឹតសម្រាកតែនឹងកន្ទេល និងកំពុងរស់នៅជាមួយលោកយាយជាភរិយាឈ្មោះ ធិប យិប អាយុ៨៨ឆ្នាំ ត្រចៀកថ្លង់ នៅមើលថែរក្សាមានជីវភាពក្រីក្ររស់នៅពឹងអាស្រ័យលើកូនប្រុសម្នាក់អាយុ៣៨ឆ្នាំ ធ្វើកម្មករស៊ីឈ្នួលគេ មានទីលំនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ស្ថានភាពនេះធ្វើឱ្យសប្បុរសជនមានចិត្តអាណិតអាសូរ ក៏បាននាំគ្នាធ្វើការបរិច្ចាគជួយរំលស់ការលំបាកផ្នែកជីវភាពរបស់លោកតាលោកយាយ ។
អំណោយរបស់សប្បុរសជនដែលផ្តល់តាមរយៈអ្នកសារព័ត៌មានកោះសន្តិភាពប្រចាំខេត្តបន្ទាយមានជ័យជាលើកទី២ត្រូវបាននាំយកទៅប្រគល់ ដល់គេហដ្ឋានលោកតាលោកយាយផ្ទាល់ កាលពីថ្ងៃទី២៩ កក្កដា ដោយមានការចូលរួមពីអាជ្ញាធរឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលនិងលោកមេភូមិរួមទាំងអ្នកជិតខាងផងដែរ ។ អំណោយដែលកោះសន្តិភាពយកទៅប្រគល់ជូនលោកតាលោកយាយទាំង២គឺ បានទទួលពីសប្បុរសជន ១-លោក ប្រាក់ ចំរើន និងលោកស្រី សេង ពុទ្ធិឆាត ព្រមទាំងបុត្រាបុត្រី និងចៅចំនួន១០០ដុល្លារ ២-លោក កែ សុខឡេង និងភរិយា ព្រមទាំងបុត្រ២០ម៉ឺនរៀល ៣-កញ្ញា ស្រីពៅ ៥ដុល្លារ ៤-កញ្ញា រស្មី ៥ដុល្លារ ៥-អ្នកនាង គាត សម្បត្តិ ៤មឺុនរៀល ៦-លោក គាត សុរិយា ៤ម៉ឺនរៀល ។
ក្រោយពីទទួលបានអំណោយជាថវិកា ខាងលើលោកតានិងលោកយាយ បានថ្លែងអំណរគុណដល់លោកអ្នកសប្បុរសជនទាំងអស់ និងសូមជូនពរដល់ក្រុមគ្រួសាររបស់អស់លោក អ្នកសូមឱ្យជួបតែសេចក្តីសុខចំរើន មានអាយុយ៉ឺនយូរ រកស៊ីមានបានថ្កុំថ្កើនរុងរឿងឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង និងជូនពរឱ្យជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ ៕
ចែករំលែកព័តមាននេះ