ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានីភ្នំពេញ​ចំនួន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ស្ទួនកើន​ដល់​​​57.946​នាក់

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​ ៖ លោក​លុន ​ឆេង​កៃ ​ប្រធាន​គណៈ​កម្មការ​រៀប​ចំការបោះ​ឆ្នោតរាជ​ធានីភ្នំពេញ​បាន​លើក​ឡើង​ថា​ ​ជាក្តីកង្វល់​សម្រាប់​រាជធានីភ្នំពេញ​​ចំពោះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​​ដែល​​ចេះ​តែ​ប៉ោង​​ឡើងពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ដោយ​គ្រាន់​​តែករណី​​ឈ្មោះ​​ស្ទួនមួយមុខ​សម្រាប់​​ឆ្នាំនេះ ​​គឺមាន​ចំនួ​នរហូតដល់​ទៅ​៥៧.៩៤៦​នាក់ ​។

លោកលុន ​ឆេង​កៃ ​​លើក​ឡើង​បែប​នេះ ​នៅ​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ពិនិត្យបញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះអ្នក​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ២០១២ ​​ក្រោម​​អធិបតី​ភាព​លោក​អ៊ឹម ​​​សួស្តី​ ​ប្រធាន​គណៈ​កម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ​.ប​)និង​លោក​ម៉ប់​​ ​សារិន ប្រធានក្រុម​ប្រឹក្សារាជ​ធានីភ្នំពេញ​ ​នា​ព្រឹក​​ថ្ងៃទី​៣ សីហា​ នៅសាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួមពីមន្ត្រី​ក្រោមឱវាទ​សាលា​រាជ​ធានី​ភ្នំពេញ​ជា​ច្រើន​រូប​​ ។

លោក​លុន ឆេងកៃ បានឲ្យដឹង​ទៀតថា នៅក្នុង​ដំណើរ​ការ​នៃការ​ពិនិត្យបញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​អ្នក​​បោះ​ឆ្នោតប្រចាំឆ្នាំ​កន្លង​មកការ​​ផ្សព្វ​ផ្សាយ​​ស្តីពីការ​​ពិនិត្យបញ្ជី​ឈ្មោះនិង​ចុះ​ឈ្មោះ​​បោះ​ឆ្នោតគឺ​អនុវត្តតាម​រយៈយន្តការ​នៃ​ការ​​​ផ្សព្វ​ផ្សាយ​តាមវិទ្យុ ​ទូរ​ទស្សន៍ ​ការចង​បដា​តាម​​ទីសា​ធារ​ណៈ ការបិទផ្សាយ​​ខិត្តប័ណ្ណ​ឬ ប័ណ្ណ​​ប្រកាស​​ ​និងតាមរយៈ​កម្មវិធីការ​បណ្តុះ​បណ្តាល ​ដោយ​ផ្ទាល់ជាមួយ​អ្នកដែលត្រូវ​ប្រតិ​បត្តិ​​រួម​មាន​​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ​ស្មៀនឃុំ ​-​សង្កាត់ និងអ្នក​ពាក់​ពន្ធ័ផ្សេងៗ រួមមាន​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ​គណបក្ស​នយោបាយ និង​អង្គការ​មិន​មែនរដ្ឋាភិបាល​សង្កេតការណ៍​បោះឆ្នោត​។

ដោយ​ឡែក ចំពោះការ​ពិនិត្យបញ្ជី​ឈ្មោះ ​និង​​ចុះ​ឈ្មោះ​អ្នក​​បោះ​ឆ្នោតប្រចាំឆ្នាំ​២០១២​នេះ​ដែល​ជា​​ឆ្នាំ​សម្រាប់​​ត្រៀមការ​បោះឆ្នោត​ជ្រើស​តាំង​​​តំណាង​រាស្ត្រនីតិកាល​ទី៥​នា​​ឆ្នាំ​២០១៣ និង​តាម​រយៈ​លទ្ធផល​នៃសន្និបាត​បូកសរុប​ការងារ​បោះ​ឆ្នោត​ទូទាំងប្រទេស​ គ.ជ.ប នឹ​ងខិតខំ​បន្ថែម​​ទៀត​ក្នុងការពង្រឹង​គុណភាព ​​និងសុក្រឹ​ត​ភាពនៃ​បញ្ជី​ឈ្មោះ​អ្នក​​បោះ​ឆ្នោត​​តាម​រយៈការ​​​ដាក់​ចេញនូវ​កម្ម​វិធីថ្ងៃ​នេះ​​។ នៅក្នុង​ឱកាស​នោះ​លោកលុន ឆេងកៃ ​​​បានសំណូម​ពរ​ដល់ក្រុម​ប្រឹក្សា​ ​សង្កាត់​​​និង​ស្មៀន​សង្កាត់​ទាំង​អស់​ ព្រមទាំង​អាជ្ញាធរ​ពាក់ពន្ធ័​ សូម​​មេតា្ត​យក​ចិត្ត​ទុក​ដាក់ក្នុងការ​សម្អាត​បញ្ជី​បោះ​​ឆ្នោតឆ្នាំ​នេះ​ ដើម្បី​ធ្វើឲ្យ​បញ្ជីឈ្មោះ​​អ្នក​​បោះឆ្នោត​កាន់​តែ​មាន​លក្ខណៈ​​ល្អប្រសើរ​ឡើងនៅពេល​ក្រោយៗ​​ទៀត​ ។

លោកម៉ប់ សារិន ប្រធានក្រុម​ប្រឹក្សា​រាជ​ធានី​​ភ្នំពេញ ​បាន​ថ្លែងថា ​ការចុះ​​ឈ្មោះនិង​ពិនិត្យ​បញ្ជី​ឈ្មោះបោះ​ឆ្នោត តែងតែ​មាន​ការរិះ​គន់​ពី​ជន​អគតិមួយ​​ចំនួនដែល​បានលើក​ឡើងពីភាព​មិន​ប្រក្រតី​នៃ​​​ការចុះឈ្មោះ ឬលប់់ឈ្មោះ​ពី​បញ្ជី​បោះ​​ឆ្នោត​ជាដើម ។ ដូច្នេះ ដើម្បីជៀស​វាងការ​រិះ​គន់​ទាំង​ងងឹ​តងងល់​ ​អាជ្ញា​ធរគ្រប់​សង្កាត់​ ត្រូវ​ខិត​ខំ​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពីការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតនេះ​ឲ្យដល់គ្រប់​ក្រុមគ្រួសារ​ ​និង​ធ្វើ​ការ​ផ្សព្វផ្សាយ​តាមគ្រប់រូប​ភា​ពដែល​​អាច​ធ្វើ​បាន ​និងត្រូវច្បាស់​លាស់ចំពោះ​ឈ្មោះរបស់​ប្រជា​​ពលរដ្ឋ​ម្នាក់ៗ ។

លោក​អ៊ឹ​ម សួស្ដី ​ប្រធាន​គ.ជ.ប​ ​បាន​សំណូម​​ពរបន្ថែម​ដល់លោក​ស្មៀនគ្រប់សង្កាត់ ត្រូវ​តែ​ចុះ​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត ដោយពិនិត្យ​ឲ្យ​ម៉ត់ចត់​​ទាំងនាម​​ត្រកូល​ ​និងនាម​ខ្លួន​ ចៀស​វាង​មាន​បញ្ហានៅពេល​ក្រោយ​។ លោកបញ្ជាក់​ទៀត​ថា​ ​នាពេល​កន្លងមក​គ្រាន់តែ​ឈ្មោះស្ទួន​មាន​ចំនួន​៣១ម៉ឺន​នាក់​។ យើងផ្តោត​សំខាន់ទៅ​លើអ្នក​ផ្លាស់​ប្តូរទីលំនៅ​ អ្នកទទួល​មរណ​ភាព​ អ្នក​មាន​ឈ្មោះ​ស្ទួន ​ឬអ្នកទើប​គ្រប់អាយុ​ចុះឈ្មោះ​បោះ​ឆ្នោត ។ ​លោក​អ៊ឹម ​សួស្តី ​បានលើក​ឡើងទៀត​ថា​ ភ្នំពេញជា​កន្លែងដែល​សម្បូរ​អ្នកចាំ​ថា ចាំ​រិះ​គន់​ខុសពី​នីតិវិធី​របស់គ.ជ.ប​។

ការពិនិត្យ​បញ្ជី​ឈ្មោះ ​និងចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​ ២០១២​នេះ ​គឺជា​ឆ្នាំត្រៀម​សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​នី​តិ​កាលទី៥នា​​ឆ្នាំ២០១៣ ដែល​​ជា​ការ​ខិតខំបន្ថែម​ទៀតរបស់​ គ.ជ.ប​ ក្នុង​ការ​ពង្រឹង​គុណភាព​ ​និងសុក្រឹ​ត​ភាពនៃ​បញ្ជីបោះ​ឆ្នោត ។ ការពិនិត្យ​បញ្ជីឈ្មោះ ​និងចុះ​ឈ្មោះ​បោះ​ឆ្នោត ការផ្តល់​សុពលភាព​លើ​បញ្ជី​បោះ​ឆ្នោត​សម្រាប់​​ឆ្នាំ២០១២​ ចាប់​ផ្តើមពីថ្ងៃ​ទី​១ ​កញ្ញា​ ដល់ថ្ងៃ​ទី៣១ ​ធ្នូ ឆ្នាំ២០១២ ដូចបាន​កំណត់​​ក្នុង​ប្រ​​តិទិន ៕