ខេត្តកំពង់ធំ ៖ នៅសាលប្រជុំសាលាខេត្តកាលពីព្រឹកថ្ងៃទី២ សីហា មានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តថ្មីជំនួសប្រធានមន្ទីរចាស់ដែលចូលនិវត្តន៍ ក្រោមអធិបតីភាពលោកយិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីលោកសោម សុផាត អភិបាលរងខេត្ដ លោកឃន សុកល ប្រធានសាលាដំបូងខេត្ដ និងមន្ត្រីនានាជាច្រើនរូបទៀត ។
លោកហេង ហួត ប្រធានមន្ទីរបរិស្ថានខេត្តចាស់មានប្រសាសន៍ថា លោកដល់ពេលចូលនិវត្ដន៍ហើយ គឺល្មមសមទៅនឹងវ័យរបស់លោកដែលបានធ្វើការបម្រើជាតិ និងប្រជាជនអស់រយៈពេលជាង៣០ឆ្នាំកន្លងមក ។ លោកពេញចិត្ដណាស់ ពេលនេះបានសម្រាកឱ្យធូរស្បើយកម្លាំង ហើយទោះបីរូបលោកចូលនិវត្ដន៍ ក៏លោកសូមផ្ដាំផ្ញើដល់មន្ដ្រីបរិស្ថានខេត្ដទាំងអស់ត្រូវតែយកចិត្ដទុកដាក់ធ្វើការបម្រើជាតិឱ្យទទួលបានជោគជ័យ ។
លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្ដ ដែលទើបទទួលការតែងតាំងថ្មី បានឡើងធ្វើការចាប់អារម្មណ៍ និងប្ដេជ្ញាចិត្ដថា ទោះជាមានការលំបាកយ៉ាងណាក្ដី ក៏លោកមិនរួញរានោះទេ លោកនឹងតស៊ូគ្រប់បែបយ៉ាង ដើម្បីបម្រើជាតិនិងប្រជាជន ។
លោកយិន គឹមស៊ាន បានផ្ដាំផ្ញើដល់លោកប្រធានមន្ទីរថ្មី សូមមានទំនាក់ទំនងល្អជាមួយមន្ទីរនានាជុំវិញខេត្ដ កុំមានចិត្ដចង្អៀតចង្អល់ជាមួយមជ្ឈដ្ឋានជុំវិញខ្លួន ត្រូវតែបម្រើប្រជាជន និងបម្រើប្រទេសជាតិឱ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ដ ។ ជាចុងក្រោយនៃពិធីនេះគឺមានការបំពាក់មេដាយមាសការងារជូនដល់មន្ត្រី៣រូប មេដាយប្រាក់៥រូប និងមានជូនប័ណ្ណសរសើរមួយចំនួនទៀត ៕



ចែករំលែកព័តមាននេះ