ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​​បណ្តុះ​បណ្តាល​​បច្ចេក​​វិទ្យា​ព័ត៌​មាន​វិទ្យា​​ និង​មូល​ដ្ឋាន​​គ្រឹះ​​នៃ​ទូរ​គម​នា​គមន៍​

13 ឆ្នាំ មុន

​​រាជ​ធានី​ភ្នំពេញ​​ ៖ ​នា​រសៀល​ថ្ងៃ​ទី​​១ សីហា​ ​​លោក​បណ្ឌិត​​សូរ ឃុន ​រដ្ឋ​​មន្ត្រី​​ក្រសួង​ប្រៃ​សណីយ៍និង​​​ទូរ​គមនា​គមន៍​​ បាន​អញ្ជើញ​​ជា​អធិបតីភាព​​ក្នុង​ពិធី​​បើក​វគ្គ​​បណ្តុះ​បណ្តាល​​ស្តីពី​​បច្ចេក​វិទ្យា​​ព័ត៌​មាន​វិទ្យា​ និង​មូល​ដ្ឋាន​​គ្រឹះ​នៃ​​ទូរ​គមនា​គមន៍​ ។

លោក​យី ​វណ្ណ​ប្ញទ្ធិ​​ ​ប្រធាន​​នាយក​ដ្ឋាន​​បុគ្គ​លិក​និ​ង​បណ្តុះ​បណ្តាល​​នៃ​ក្រសួង​ប្រៃ​សណីយ​​ និង​ទូរ​គមនា​គមន៍​​ បាន​​គូស​បញ្ជាក់​​​ថា ដោយ​​ទទួល​​បាន​នូវ​​កិច្ច​​សហ​ការ​ល្អ​​​ពី​ទី​​ភ្នាក់​​ងារ​​ព័ត៌​មាន​​​សង្គម​ជាតិ​កូរ៉េ​ តាម​រយៈ​​កម្ម​វិធី​​អ្នក​ស្ម័គ្រ​ចិត្ត​​ផ្នែក​ព័ត៌​មាន​​​វិទ្យា​កូរ៉េ​​សម្រាប់​​​ឆ្នាំ​​​២០១២​ ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនា​គមន៍​​​ បាន​​រៀប​ចំ​ពិធី​​បើក​វគ្គ​​បណ្តុះ​បណ្តាល​​នេះ​ឡើង​​មាន​​រយៈ​ពេល​​៤​​សប្តាហ៍​ គឺ​ចាប់​ពី​ថ្ងៃ​ទី​​១ ដល់​ថ្ងៃ​ទី​​២៤ ខែ​សី​ហា ឆ្នាំ​​​២០១២​ ​ដោយ​មាន​​សិក្ខា​កាម​​ចូល​រួម​ចំនួន​​៣១​នាក់​ មក​ពី​គ្រប់​​អង្គ​ភាព​​​ក្រោម​ឱវាទ​​ក្រសួង​ ក្រោម​​ការ​ជួយ​​​បណ្តុះ​បណ្តាល​​ និង​ផ្លាស់​ប្តូរ​​បទ​ពិសោធន៍​​ពី​​គ្រូ​ស្ម័គ្រ​ចិត្ត​​ផ្នែក​ព័ត៌​មាន​​វិទ្យា​​កូរ៉េ​​ចំនួន​​៤នាក់ ។

​​​លោក​បណ្ឌិត​សូរ​ ឃុន ​មាន​ប្រ​សាសន៍​​ថា ក្នុង​​នាម​ក្រសួង​​ប្រៃ​សណីយ៍​ និង​ទូ​រគមនា​គមន៍​​​​ លោ​កសូម​​ថ្លែង​អំណរ​គុណ​​យ៉ាង​​ជ្រាល​ជ្រៅ​​ចំពោះ​​រដ្ឋា​ភិបាល​​នៃ​សា​ធារណ​រដ្ឋ​កូរ៉េ​​ ពិសេស​​អ្នក​ស្ម័គ្រ​​ចិត្ត​ផ្នែក​​​​​​ព័ត៌​មាន​វិទ្យា​​កូរ៉េ​​ និង​ដៃ​គូ​​អភិវឌ្ឍន៍​​នានា ចំពោះ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ​និង​ការ​​បន្ត​ការ​​គាំ​ទ្រ​​របស់​​​ពួក​គេ​ ក្នុង​បេស​កក​ម្ម​​អភិ​វឌ្ឍន៍​​ធន​ធាន​មនុស្ស​​របស់​ក្រសួង​​ប្រៃ​សណីយ៍​​ និង​ទូរ​គមនា​គមន៍​​លើ​វិស័យ​​បច្ចេក​​​វិទ្យា​​គមនា​គមន៍​ និង​ព័ត៌​មាន​ ។​

​​លោករដ្ឋ​មន្ត្រី​​​មាន​ប្រសាសន៍​​ទៀ​ត​ថា ​រដ្ឋា​ភិបាល​​ល្អ​​​ អភិបាលកិច្ច​​​ល្អ ​តម្រូវ​ឱ្យ​​មាន​មន្ត្រី​​រាជ​ការ​ល្អ ​ក្រសួង​ស្ថាប័ន​​រឹ​ងមាំ និង​មាន​ប្រព័ន្ធ​​គ្រប់​គ្រង​​ការ​ងារ​​ ក៏​ដូច​ជា​​វិធី​សា​ស្ត្រ​​ក្នុង​ការ​​អនុវត្ត​​ការ​ងារ​​ដែល​មាន​​ប្រសិទ្ធ​ភាព​​ខ្ពស់ ។​​ ក្រសួង​​​​ត្រូវ​ប្រើ​ប្រាស់​​សមត្ថ​ភាព​ដែល​មាន​ស្រាប់​ និង​បន្ត​​អភិវឌ្ឍ​​ន៍​​សមត្ថ​ភាព​ថ្មី​​ឱ្យ​កាន់តែ​​ប្រសើ​រ​ឡើង ​ដើម្បី​​ឱ្យ​ក្លាយ​​ទៅ​ជា​ស្ថា​ប័ន​​ប្រកប​ដោយ​​​​ភក្តី​ភាព​​ ឆន្ទៈ​បម្រើ​ការ​ងារ​​មោះមុត ​មាន​សីល​ធម៌​​​វិជ្ជា​ជីវៈ​និង​យក​​​ចិត្ត​ទុក​ដាក់​​ខ្ពស់​លើ​ការ​ផ្តល់​សេវា​ ។

លោក​​​សង្ឃឹម​​ថា ​ក្នុង​រយៈ​​ពេល​​សិក្សា​​៤​សប្តាហ៍​​នេះ សិក្ខា​កាម​​ទាំង​អស់​​នឹង​ធ្វើ​ការ​​ចែក​រំលែក​​បទ​​ពិសោធន៍​​ និង​ចំណេះ​ដឹង​​តាម​រយៈ​​ការ​​ពិភាក្សា​​គ្នា ​កា​រអនុវត្ត​​ផ្ទាល់​​​ និង​ការ​ផ្លាស់​ប្តូរ​​ព័ត៌​មាន​​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ៕​