រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលតាមការអះអាងថា ដោយសារតូចចិត្តខ្លួនមានជំងឺប្រចាំកាយគ្មានលទ្ធភាពព្យាបាល ហើយក្រីក្រទៀតមិនអាចធ្វើការរកស៊ីអ្វីកើត បានចង.កសម្លាប់ខ្លួនដើម្បីបញ្ចប់បញ្ហា ប៉ុន្តែមុននឹងសម្លាប់ខ្លួនបុរសរូបនេះបានសរសេរសំបុត្របណ្តាំ១ច្បាប់ទុកឱ្យប្រពន្ធដោយបញ្ជាក់ពីទុក្ខលំបាក និងការចុះចាញ់ព្រហ្មលិខិតដែលបានដាក់ទោសឱ្យរូបគាត់កើតមកហើយមានជំងឺប្រចាំកាយ និងក្រីក្របែបនេះ ។
ការប្រទះឃើញចង.កសម្លាប់ខ្លួននេះ គឺនៅវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៣ សីហា នៅក្នុងខ្ទមតូចមួយតាមខ្នងប្រឡាយមេ ស្ថិតក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ បុរសរូបនេះឈ្មោះគឹម ហា អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក សព្វថ្ងៃស្នាក់នៅក្នុងភូមិខាងលើ មានជំងឺថ្លើម និងជំងឺខ្លាញ់រុំប្រមាត់ បានយកខ្សែភ្លើងចង.កភ្ជាប់ទៅនឹងដំបូលខ្ទមមួយនៅក្បែរផ្ទះរបស់ខ្លួន បណ្តាលឱ្យស្លាប់ចោលប្រពន្ធ និងកូន៥នាក់ឱ្យនៅមេម៉ាយ និងកំព្រា ។
បើតាមស្ត្រីឈ្នោះគិត សាឯម ជាប្រពន្ធឱ្យដឹងថា ប្តីគាត់មានជំងឺថ្លើម និងខ្លាញ់រុំប្រមាត់យូរមកហើយ តែគ្មានប្រាក់សម្រាប់ព្យាបាល ហើយជំងឺនេះកាន់តែធ្ងន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។ ដោយសារតែមូលហេតុបែបនេះ ប្តីគាត់ចេះតែរអ៊ូរទាំថាពិបាកទ្រាំនឹងជំងឺនៅក្នុងខ្លួននោះណាស់ ហើយនៅល្ងាចថ្ងៃទី២ សីហា ខណៈក្រុមគ្រួសារគាត់ហូបបាយជុំគ្នា ប្តីក៏ត្អូញត្អែរពីជំងឺនេះទៀត។
ស្ត្រីជាប្រពន្ធរៀបរាប់ទៀតថា ក្រោយពេលហូបបាយរួចក៏នាំគ្នាចូលដេកជាធម្មតារហូតដល់វេលាម៉ោង៤ និង១០នាទីទៀបភ្លឺប្តីគាត់ប្រាប់ថា ទៅបត់ជើងតូចនៅជិតខ្ទម រួចក៏ចុះដើរទៅបាត់ ទៅ ។ ពេលនោះរូបគាត់មិនបានចាប់អារម្មណ៍ថាប្តីទៅចង.កសម្លាប់ខ្លួនបែបនេះទេ ហើយក៏បន្តដេកលង់លក់ទៀតទៅរហូតដល់ភ្លឺ ។ ពេលនោះមានស្ត្រីអ្នកលក់ត្រីម្នាក់ធ្វើដំណើរឆ្លងកាត់ទីនោះ ក៏ប្រទះឃើញប្តីគាត់ចង.កនៅនឹងដំបូលខ្ទមនោះស្លាប់បាត់ទៅហើយ លុះដឹងដល់គាត់ក៏តក់ស្លុតយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាប្តីចង.កសម្លាប់ខ្លួនបែបនេះឡើយ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏មានអ្នកជិតខាងទៅចោមរោមមើលយ៉ាងច្រើនទៀតផង ។ មិនតែប៉ុណ្ណោះ នៅជាប់ខ្លួនសពគេបានប្រទះឃើញមានសំបុត្របណ្តាំ១ច្បាប់ដែលបុរសនោះសរសេរផ្តាំផ្ញើលាប្រពន្ធ កូន ដោយរៀបរាប់ពីភាពអស់សង្ឃឹមព្រោះជីវភាពក្រីក្រ និងមានជំងឺប្រចាំកាយនៅក្នុងខ្លួនរបស់គាត់រហូតធ្វើឱ្យគាត់ដាច់ចិត្តចង.កសម្លាប់ខ្លួនបែបនេះ ។ សព ត្រូវបានប្រពន្ធចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ