ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវ​​គម្រោង​​ត្រី​​កោណ​​មរកត​​19គីឡូម៉ែត្រ​​​រង​ការ​ខូច​ខាត​​​នា​រដូវ​វស្សា​

13 ឆ្នាំ មុន

​​ខេត្ត​រតនគិរី​​ ៖ ផ្លូវជន​​​បទ​គម្រោង​​ត្រី​កោណ​​មរកត​ចម្ងាយ​​១៩​គីឡូ​ម៉ែត្រ​ ចាប់​ពី​​សង្កាត់​យក្ស​ឡោម​ ​ក្រុងបាន​លុង ​ទៅ​ឃុំ​​ស្រយ៉ោះ​​(ឃុំ​ទើប​​បង្កើត​ថ្មី​)​ ស្រុក​​លំផាត់ ​កំពុង​​​រងនូវ​ការ​​ខូច​ខាត​​យ៉ាង​ខ្លាំង​​ បណ្តាល​​មក​ពី​​រថយន្ត​ធុន​ធំ​​ផ្ទុក​​គ្រឿង​ចក្រ​​ដូច​ជា​​ប៊ុល​ដូ​ហ៊ែ្សរ​​​ ​អេ​ស្កា​វ៉ា​ទ័រ​ គោ​យន្ត​​កែ​ច្នៃ ​រថយន្ត​ក្រុម​​ហ៊ុន​ដឹក​ជញ្ជូន​​ឈើ​អារ​ ​ជា​ដើម​ ។​

លោក​លេញ​ ថឺ​ន ប្រធាន​​មន្ទីរ​​អភិវឌ្ឍ​ន៍ជន​​បទ​ខេត្ត​​ បានឱ្យ​​ដឹង​ថា​ ផ្លូវ​​ប្រវែង​​​១៩​គី​ឡូ​ម៉ែត្រ​​នេះ ​កសាង​​ឡើង​​ដោយ​​ក្រុម​ហ៊ុន​​ដែល​ដេញ​ថ្លៃ​​បាន​​ពី​​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ ហើយ​ជា​ផ្លូវ​​កសាង​​ថ្មី​​មាន​ទី​តាំង​​​​ភូមិ​សាស្ត្រ​​ស្មុគ​ស្មាញ​ ដោយ​ឆ្លង​កាត់​​ព្រៃ​​ស្រោង​​ក្រាស់​ៗ ​​មាន​ស្មៅ​​ដុះ​ស៊ុប​​ទ្រុប ​​ធ្វើ​​ឱ្យ​មន្ត្រី​​សិក្សា​គម្រោង​​​​ជួ​​ប​ឧបសគ្គ​​​ក្នុង​ការ​​កំណត់​ទី​​កន្លែ​ង​ធ្វើ​ស្ពាន​ និ​ង​ដាក់​លូ​សម្រាប់​​បង្ហូរ​ទឹក​​​​កុំ​ឱ្យ​ដក់​ទឹក​​នៅ​លើ​ដង​ផ្លូវ​​ ដែល​រដូវ​នេះ​​ជា​រដូវ​វស្សា​​ មាន​ភ្លៀង​​ធ្លាក់​​​ជោក​ជាំ​ ។ ទន្ទឹម​​នោះ​ ​មាន​រថយន្ត​​ធំ​ផ្ទុក​​ទៅ​ដោយ​គ្រឿង​​ចក្រ​ផ្សេងៗ​​ គោ​យន្ត​​​កៃច្នៃ​​ដឹក​​កសិ​ផល​​ លើ​ស​​ទម្ងន់​ ពី​ព្រោះ​​ថា​តំបន់​​ខាង​លើ​នេះ​​ជា​កន្លែង​​ដាំ​ដុះ​កសិ​​-​ឧស្សា​​ហ​កម្ម​ និង​ដំណាំ​​ចម្ការ​​ផ្សេងៗ​​ទៀត​​ ហើយ​​ក៏​ជា​​កន្លែង​​ភ្ញៀវ​​មក​កម្សាន្ត​​ផង​ដែរ ។​

​លោក​លេញ ថឺន ​បន្ត​​​ទៀត​ថា ​បើ​ទោះ​បី​​​​ផ្លូវ​​ជន​បទ​នេះ​​មាន​កា​រលំ​បាក​​ក្នុង​ការ​​ធ្វើ​ដំណើរ​​បន្តិ​ច​បន្តួច​​ក៏​​ពិត​មែន​ ប៉ុន្តែ​​នៅ​តែ​អាច​​ធ្វើ​ចរាច​រណ៍​​​​ទៅ​មក​បាន​​ ព្រោះ​​កា​រ​ខូ​ច​ខាត​​ខ្លាំង​​​មាន​ប្រវែង​តែ​​​១៥​ម៉ែត្រ​​តែ​ប៉ុណ្ណោះ ។ នា​ពេល​ខាង​មុខ​​នេះ  ខណៈភ្លៀង​ធ្លាក់​​​​​ថយ​ចុះ​ លោក​នឹង​បញ្ជូន​​គ្រឿង​ចក្រ​​ធ្វើ​ការ​ជួស​ជុល​​នៅ​កន្លែង​ខាង​លើ​ ហើយ​​នៅ​រដូវ​​ប្រាំង​ លោក​​នឹ​ង​​បន្ត​​ការ​ដាក់​លូ​រំដោះ​​ទឹក​ចេញ​​កុំ​ឱ្យ​​ដក់​លើ​ដង​ផ្លូវ​ បណ្តាល​​​ឱ្យ​​រថយន្ត​ធំៗ​​ផ្ទុក​គ្រឿង​​ចក្រ​​ ផ្ទុក​កសិ​ផល​​បើក​បរ​ឆ្លង​កាត់​​ជាប់​ផុង​​​​ទៀត​ ព្រោះ​​ផ្លូវ​នេះ​​ទើប​តែ​​អនុវត្ត​​​​ការ​ស្ថាប​នា​​​ជំហា​ន​​​​ទី​១​​ប៉ុណ្ណោះ​ ពុំ​ទាន់​​បាន​ដាក់​​លូ​​គ្រប់​​កន្លែង​​នៅ​ឡើយ​​ទេ ។​

នា​ពេល​​ដ៏​ខ្លី​​ខាង​មុខ​ រូប​លោក​​នឹង​​ស្នើ​ទៅ​ក្រសួង​​អភិវឌ្ឍន៍​​​​ជន​បទ​ ដើម្បី​​ចាក់​កៅ​ស៊ូ​ម្តង ពី​​ព្រោះ​​​ថា​ទី​តាំង​​ខាង​លើ​នេះ​​ជា​តំបន់​​កសិ​-ឧស្សា​​ហ​កម្ម​​​ ហើយ​ក៏​ជា​តំបន់​​ទេស​ចរណ៍​​​ធម្ម​ជាតិ​ ​ដែល​​មាន​​ទឹក​​ជ្រោះ​​អូរ​សិន​​លែ ​សម្រាប់​​ឱ្យ​ភ្ញៀ់វ​​ទេស​ចរ​​មក​កម្សាន្ត​ ហើយ​​​ការ​ធ្វើ​ដំណើរ​​និង​ការ​​ដឹកជញ្ជូន​​ដោយ​​រថយន្ត​គ្រប់​ប្រភេទ​​មាន​ការ​កើន​ឡើង​ ៕​