កងទ័ពស៊ីរីថ្លែងកាលពីថ្ងៃទី៤សីហាថាបានវាយដណ្តើមកាន់កាប់សង្កាត់ចុងក្រោយមួយនៅដាម៉ាស់ដែលមានវត្តមានពួកឧទ្ទាមដោយបញ្ជាក់ថាពេលនេះកងទ័ពត្រួតត្រារដ្ឋធានីទាំងស្រុងខណៈដែលពួកឧទ្ទាមនិយាយថា ពួកខ្លួននៅតែមានវត្តមានក្នុងក្រុងនៅឡើយ ។
ឧត្តមសេនីយ៍ដែលទទួលបន្ទុកធ្វើប្រតិបត្តិការនៅសង្កាត់តាដាមូននិយាយថា កងទ័ពស៊ីរីពេលនេះត្រួតត្រារដ្ឋធានីទាំងមូលក្រោយវាយដណ្តើមកាន់កាប់សង្កាត់នោះកាលពីថ្ងៃទី៤សីហា ។ សភាពការណ៍ក្នុងទីក្រុងដាម៉ាស់វិលមកធម្មតាក្រោយវាយបណ្តាញបណ្តាក្រុមប្រដាប់អាវុធលើកលែងតែមនុស្សមួយចំនួនដែលនៅចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ។
ការវាយដណ្តើមកាន់កាប់សង្កាត់តាដាមូន នោះដែលស្ថិតនៅជាប់ជំរំជនភៀសខ្លួនប៉ាឡេស្ទីន យ៉ាមុខ ត្រូវបានអះអាងដោយកងកម្លាំងប្រឆាំងស៊ីរីគឺក្រុមកងទ័ពស៊ីរីសេរីដែលដកខ្លួនថយចេញពីសង្កាត់នោះ ។ កងទ័ពស៊ីរីសេរីបានបើកការវាយលុកមួយលើក្រុងដាម៉ាស់ពីថ្ងៃទី១៥ កក្កដាមកប៉ុនប៉ងដណ្តើមកាន់កាប់រដ្ឋធានី ។
ចំណែកនៅទីក្រុងអាឡែប ជាទីក្រុងធំទី២ របស់ស៊ីរីវិញកងទ័ពរដ្ឋាភិបាលកាលពីថ្ងៃទី៤សីហាបានធ្វើការវាយប្រហារលើតំបន់ជាច្រើនកាន់កាប់ដោយពួកឧទ្ទាម ពិសេសសង្កាត់សាឡា ហុីដឌីន និងសង្កាត់ស៊ីអុីហ្វអាល់ដាវឡានភាគខាងលិច ។ ប្រមុខក្រុមឧទ្ទាមនៅក្រុងអាឡែបនិយាយថា ការវាយប្រហារទាំងនោះពិតជាខ្លាំងក្លាតែកងទ័ពរបស់លោកប្រធានាធិបតីបាចា អាល់អាសាដ ពុំអាចរុលទៅមុខបានឡើយ ។ អ្នកទទួលខុសត្រូវខាងសន្តិសុខតំបន់នោះម្នាក់និយាយថា ការវាយប្រហារទាំងនោះពុំទាន់ជាការវាយប្រហារដោយទ្រង់ទ្រាយធំមួយនៅឡើយ ។
ទាហានយ៉ាងតិច២០.០០០នាក់ ដាក់ពង្រាយនៅទីនោះខណៈដែលពួកឧទ្ទាមបញ្ជូនកម្លាំងបន្ថែមរបស់ពួកគេមកដែរ ។ អង្គការ OSDH រាយការណ៍ពីមនុស្សស្លាប់៧៨នាក់ក្នុងនោះមានជនស៊ីវិល៤៥នាក់ ទាហាន២៦នាក់ និងពួកឧទ្ទាម៧នាក់នៅស៊ីរីនាថ្ងៃទី៤ សីហា ៕
ចែករំលែកព័តមាននេះ