ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានម្នាក់ជាសន្តិសុខរោងចក្រផង បានត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីក្រុមនេះលួចកាត់យកខ្សែភ្លើងរបស់រោងចក្រស្បែកជើងមួយកន្លែង មានទីតាំងស្ថិតក្នុងភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ កាលពីល្ងាចថ្ងៃទី១ សីហា ក្នុងបំណងយកទៅលក់ ។
ក្រុមជនសង្ស័យខាងលើមាន២នាក់ ជាអ្នកលួច គឺឈ្មោះម៉ែន សារិន អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និងឈ្មោះវ៉ែន ស្រ៊ន អាយុ ២៥ឆ្នាំ មានទីលំនៅភូមិថ្លុកប្ញស្សី ឃុំសេដ្ឋី ។ ចំណែកជនទី៣ គឺជាសន្តិសុខយាមទ្វារ ឈ្មោះសាំង ស៊ីថា អាយុ២១ឆ្នាំ ឈ្មោះនេះគឺជាអ្នកបើកដៃឱ្យយករបស់ដែលលួចបានចេញពីក្នុងរោងចក្រ និង៤- ឈ្មោះស្វាយ ចំរើន អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ឈ្មោះនេះគឺជាអ្នកយកម៉ូតូរបស់ខ្លួនម៉ាកហុងដាសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ទៅដឹករបស់ដែលលួចបាន និងដឹកបក្សពួកចេញពីរោងចក្រ ។
លោកវរសេនីយ៍ត្រីលឹម ហាក់ នាយការិយាល័យស្រាវជ្រាវព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ សីហា ឈ្មោះម៉ែន សារិន និងឈ្មោះវ៉ែន ស្រ៊ន ដែលជាកម្មកររោងចក្រស្បែកជើង ឈ្មោះ CAN SPORTS SHOES Co.,Ltd បានលួចកាត់យកខ្សែភ្លើងមានទំហំធំប៉ុនមេជើងមនុស្សចាស់បានមួយដុំធំហើយទូរស័ព្ទហៅឈ្មោះស្វាយ ចំរើន ឱ្យទៅជួយចាំទទួលដឹក ។ នៅពេលដឹកចេញមកក៏បានទាក់ទងជាមួយឈ្មោះ សាំង ស៊ីថា ដែលជាសន្តិសុខយាមទ្វាររបងរោងចក្រឱ្យបិទភ្នែកមើលមិនឃើញជាថ្នូរនឹងទឹកប្រាក់១ម៉ឺនរៀល ។ ប៉ុន្តែពេលចេញផុតពីរោងចក្រ ជិះម៉ូតូតាមថ្នល់ជាតិទាំង៣នាក់ ជួបនឹងមន្ត្រីកងរាជអាវុធហត្ថស្នាក់ការ៥០០ ដែលដឹកនាំដោយលោករស់ វុទ្ធាប្រធានស្នាក់ការ ដោយមានការសង្ស័យ ព្រោះមានរបស់ក្នុងការុងក៏ហៅម៉ូតូឱ្យឈប់និងឆែកឆេរមើលឃើញមានខ្សែភ្លើង ទើបកាត់ថ្មីៗក៏សួរនាំ ហើយក្រុមនេះសារភាពថា ពិតជាបានលួចកាត់ខ្សែភ្លើងចេញពីរោងចក្រមែន ។
លោកលឹម ហាក់ បានបន្តថា ចំពោះករណីនេះថៅកែរោងចក្រឈ្មោះថោង ក័រយិន ជាជនជាតិតៃវ៉ាន់ ក៏បានប្តឹងឱ្យសងការខូចខាតសម្ភារដែលបាត់បង់ដែរ ។ ជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាងមានខ្សែភ្លើង និងម៉ូតូជាមធ្យោបាយធ្វើសកម្មភាព ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ