រាជធានីភ្នំពេញ ៖ សហព័ន្ធTÜVR heinland បានសហការជាមួយធនាគារDFGនិងអង្គការASSIST រៀបចំបើកសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធន៍ល្អៗលើសុវត្ថិភាពចំណីអាហារ ។ សិក្ខាសាលានេះបានរៀបចំឡើងកាលពីថ្ងៃទី២ សីហា នៅភោជនីយដ្ឋានត្រសក់ផ្អែមក្រោមអធិបតីភាពលោក យា ប៊ុណ្ណា នាយកមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា ។
សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន៦៥នាក់ជាបុគ្គលិក និងអ្នកគ្រប់គ្រងចំណីអាហារមកពីបណ្តាក្រុមហ៊ុននានាដែលជាក្រុមហ៊ុនផលិតចំណីអាហារ និងសិស្សសាលាមួយចំនួនទៀតដែលកំពុងសិក្សាផ្នែកគីមីចំណី អាហារ ។ សិក្ខាសាលាបានផ្តល់ឱកាសឱ្យក្រុមហ៊ុនចំនួន៣ឡើងធ្វើបទបង្ហាញអំពីបទពិសោធន៍ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងចំណីអាហារជាលក្ខណៈអន្តរជាតិដូចជា GMP HACCP និង ISO២២០០០ ។
សិក្ខាកាមបានធ្វើការសាកសួរដេញដោលយ៉ាងផុសផលជុំវិញបញ្ហាសុវត្ថិភាពចំណីអាហារ ហើយសិក្ខាសាលានេះក៏បានផ្តល់ឱកាសឱ្យសិក្ខាកាមចុះទស្សនកិច្ចផ្ទាល់ដល់ទីកន្លែងក្រុមហ៊ុនចំនួន២ទៀតផងដែរ ដើម្បីឱ្យសិក្ខាកាមបានឃើញជាក់ស្តែងអំពីការអនុវត្តល្អទៅតាមប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារជាលក្ខណៈអន្តរជាតិ ។
លោក យា ប៊ុណ្ណា បានថ្លែងថា យើងដឹងច្បាស់ហើយថា វិស័យកសិកម្ម និងវិស័យជលផលគឺជាគន្លឹះយ៉ាងសំខាន់ក្នុងការជួយដល់វិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ។ ក្រៅពីប្រយោជន៍នៃផលិតកម្មទាំងនេះវិស័យនេះក៏បានផ្តល់នូវឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើនដែលមាន ដូចជាការងារពេញម៉ោង ក្រៅម៉ោង និងការងារតាមរដូវកាល ។ ទោះជាយ៉ាងណាក៏ដោយ ស្រដៀងទៅនឹងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សុវត្ថិភាព និងការគ្រប់គ្រងគុណភាពនៃផលិតផលមិនត្រូវបានពិនិត្យឱ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលបានចែងជាធរមាននៃប្រទេសកម្ពុជានៅឡើយទេ ។
ជាមួយនឹងការកើនឡើងនៃចំណេះដឹង និងការរំពឹងទុកនៃអ្នកប្រើប្រាស់សព្វថ្ងៃ ទៅលើបញ្ហាសុខភាព និងអនាម័យចំណីអាហារ យើងឃើញថា សកម្មភាពនៅមានភាពយឺតយ៉ាវនៅឡើយក្នុងការបំពេញតម្រូវការទៅតាមគោលការណ៍ និងស្តង់ដារនៃសុវត្ថិភាពចំណីអាហារ ដែលនេះជាឧបសគ្គមួយយ៉ាងសំខាន់ក្នុងការរីកលូតលាស់នៃឧស្សាហកម្មចំណីអាហារ នាពេលអនាគត ជាពិសេសសម្រាប់ការនាំចេញ ។
ការបង្កើតឡើងនូវកម្មវិធីដើម្បីសម្រេចនូវភាពល្អឥតខ្ចោះនៃសុវត្ថិភាពចំណីអាហារដែលហៅកាត់ថា S.A.F.E ត្រូវបានចូលរួម វិភាគទានដោយ TÜVRheinland និង DEG ក្នុងបំណងបង្កើតឱ្យមាននូវឥទ្ធិពលយ៉ាងទូលំទូលាយមួយទៅលើសុវត្ថិភាពផលិតផល កសិកម្ម និងជលផល និងការយល់ដឹងអំពីភាពស្អាតនៃខ្សែចង្វាក់ នៃការផ្គត់ផ្គង់ទាំងមូលក្នុងប្រទេសកម្ពុជា ។
«Food Safety Best Practice Sharing Forum»ជាផ្នែកមួយនៃការអភិវឌ្ឍន៍មាតិការរបស់់គម្រោង ដែលត្រូវបានចាត់ទុកជា សកម្មភាពមួយដ៏សំខាន់ ដើម្បីធ្វើការណែនាំដល់សិក្ខាកាមនូវគោលការជាមូលដ្ឋាននៃសុវត្ថិភាពអនាម័យចំណីអាហារ ៕


ចែករំលែកព័តមាននេះ