រាជធានីភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី២ សីហា ឆ្នាំ២០១២ កន្លងទៅនេះបានប្រារព្ធពិធីអបអរបុណ្យរ៉ាម៉ាដាន ដែលជាបុណ្យប្រពៃណីរបស់សាសនាអ៊ិស្លាមជូនដល់សាសនិកមូស្លីមកម្ពុជាជាច្រើននាក់ដើម្បីបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់អាមេរិកជាមួយសាសនិកជនអ៊ិស្លាមកម្ពុជា ។ ពិធីនោះក៏បង្ហាញផងដែរនូវភាពមិនរើសអើងចំពោះសាសនារបស់រដ្ឋាភិបាលអាមេរិក ។
ការផ្តល់អាហារស្រាយបួសនោះបានប្រារព្ធឡើងក្នុងបរិវេណស្ថានទូតអាមេរិក នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក William E. Todd ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក Zakaryya Adam សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា និងអ្នកស្រីហ្វារាផានឌីត តំណាងពិសេសរបស់លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា ទទួលបន្ទុកខាងសាសនាអ៊ិស្លាមនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបងប្អូនសាសនិកអ៊ិស្លាម ជាច្រើនទៀត។
លោក William E.Todd មានប្រសាសន៍ថា កម្មវិធីនេះគឺជារូបមន្តមួយដ៏អស្ចារ្យដែលបង្ហាញនូវភាពស្និទ្ធស្នាលរបស់អាមេរិកជាមួយនឹងបងប្អូនខ្មែរអ៊ិស្លាម ។ លោកបញ្ជាក់ថា សេរីភាពសាសនា គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនានាដែលនាំឲ្យសហរដ្ឋអាមេរិកលេចចេញជារូបរាងឡើង ។ គួរបញ្ជាក់ថា កម្មវិធីបុណ្យរ៉ាម៉ាដាន(Ramadan) គឺជាបុណ្យតមអាហារមួយរបស់សាសនិកជនអ៊ិស្លាមទូទាំងពិភពលោកចំនួនមួយខែដោយតមអាហារ ភេសជ្ជៈ និងការរួមរ័កជាមួយនឹងប្រពន្ធជាដើម ។ លោក Zakaryya Adam សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការនិងកិច្ចការសាសនា មានប្រសាសន៍ថា ការបួសនេះគឺមានតាំងពីយូរណាស់មកហើយពោលគឺតាំងពីមុននៃការកកើតសាសនាអ៊ិស្លាមទៅទៀត ។លោកបន្តថា ការបួសក្នុងសាសនាអ៊ិស្លាមនេះ គឺសំដៅចង់ឃើញថា មនុស្សគឺជាបេសកជនរបស់អាទិទេពក្នុងការផ្សព្វផ្សាយអំពើល្អរបស់អាទិទេពដល់មនុស្សគ្រប់រូប ដូច្នេះការផ្សព្វផ្សាយរបស់អាទិទេពនេះគឺតែងតែជួបប្រទះនឹងឧបសគ្គជាច្រើននៅក្នុងដំណើរជីវិតរបស់ខ្លួនក្នុងរយៈពេលផ្សព្វផ្សាយនេះ…។
ទន្ទឹមនោះ ការបួសគឺជាការចូលសាលា ចូលវិទ្យាល័យអប់រំទាំងសកម្មភាព និងការអនុវត្តដើម្បីបញ្ជាក់អំពីមនុស្សបានឆ្លងកាត់ពីឧបសគ្គទាំងឡាយដែលបានកើតមាន ។ ហើយនេះក៏ជាប្រការប្រពៃណាស់សម្រាប់សាសនិករបស់លោកដែលរដ្ឋាភិបាលអាមេរិកតែងតែយកចិត្តទុកដាក់ឲ្យមានការប្រារព្ធពិធីបុណ្យរ៉ាម៉ាដាននេះជារៀងរាល់ឆ្នាំជូនដល់ខ្មែរអ៊ិស្លាម ។ ឥរិយាបថរបស់ស្ថានទូតអាមេរិកនេះគឺជាការបញ្ជាក់អំពីភាពទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអាមេរិក និងសាសនិកអ៊ិស្លាម ។ចំណែកលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតី អាមេរិក ក៏បានមានប្រសាសន៍អបអរក្នុងពិធីបុណ្យរ៉ាម៉ាដានក្នុងពេលដែលសាសនិកជនចំនួន ១,៥ពាន់លាននាក់ក្នុងពិភពលោកកំពុងតែប្រារព្ធពិធីនេះ។ លោកអូបាម៉ា បានមានប្រសាសន៍បន្តថា សហរដ្ឋអាមេរិកបន្តឈរនៅជាមួយអ្នកដែលស្វែងរកឱកាសបានសម្រេចជោគវាសនារបស់ពួកគេ រស់នៅដោយគ្មានការភ័យខ្លាចនឹងអំពើហិង្សា ហើយប្រតិបត្តិនូវជំនឿសាសនារបស់ពួកគេដោយសេរី ។
សូមបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រារព្ធពិធីបុណ្យរ៉ាម៉ាដាន និងផ្តល់អាហារស្រាយបួសនេះដល់បងប្អូនខ្មែរអ៊ិស្លាមចាប់តាំងពីអំឡុងឆ្នាំ២០០៤មកម៉្លេះ ។ ហើយការធ្វើឡើងរបស់អាមេរិកជារៀងរាល់ឆ្នាំ គឺបញ្ជាក់អំពីគោលជំហររបស់សហរដ្ឋអាមេរិកអំពីភាពមិនរើសអើងសាសនាទាំងអស់ទូទាំងពិភពលោក៕


ចែករំលែកព័តមាននេះ