ខេត្តពោធិ៍សាត់ ៖ គ្រូបង្រៀន២នាក់បានជិះម៉ូតូឌុបគ្នាទៅបុករថយន្តធុនធំពីក្រោយពេញទំហឹងដែលចតស្ងៀម បណ្តាលឱ្យស្លាប់ទាំងពីរនាក់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ កាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី៣ សីហា ២០១២ ។
លោកវរសេនីយ៍ត្រី រស់ ចំរើន នាយការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ម្នាក់ឈ្មោះញឹក សុភក្តិ ភេទប្រុស អាយុ៣០ឆ្នាំទីលំនៅភូមិបឹងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ និងម្នាក់ទៀតឈ្មោះអ៊ួង ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទាំងពីរនាក់ធ្វើគ្រូបង្រៀននៅអនុវិទ្យាល័យប្រមោល ស្រុកវាលវែង ជិះម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០១០ ។
តាមការសាកសួរពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុនិយាយថា នៅយប់នោះមានរថយន្តធុនធំមួយគ្រឿងមិនបានស្គាល់ម៉ាកច្បាស់លាស់ទេ ធ្វើដំណើរពីលិចទៅកើតទៅដល់ចំណុចកើតហេតុបានឈប់នៅខាងស្តាំដៃ ប៉ុន្តែមិនដឹងថា ខូច ឬក៏ចតមួយភ្លែតនោះទេ ហើយក៏ពុំមានដាក់មែកឈើមុខក្រោយជាសញ្ញាដែរ ។ ខណៈពេលនោះមានម៉ូតូមួយគ្រឿងបានបើកក្នុងល្បឿនលឿនពីលិចទៅកើតមិនដឹងជាយ៉ាងម៉េច ស្រាប់តែបុកពី ក្រោយរថយន្តនោះលាន់ដូចរន្ទះ ឃើញដូច្នេះរថយន្តបានបញ្ឆេះបន្តដំណើរទៅមុខទៀតបាត់ទៅ ។ មួយសន្ទុះក្រោយមកនាំគ្នាទៅមើល ស្រាប់តែឃើញមនុស្ស២នាក់ដេកស្លាប់លើថ្នល់ក្នុងថ្លុកឈាម ក្នុងនោះមានម្នាក់ធ្លាយពោះវៀនចេញមកក្រៅមើលទៅគួរឱ្យញាក់សាច់។ ចំណែកម៉ូតូរួញចូលគ្នាខូចខាតទាំងស្រុង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ