ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​គ្រឿង​ញៀន​2ករណី​រឹប​អូស​ថ្នាំ​ញៀន​​4,4​ក្រាម​​ពី​មុខ​សញ្ញា​​ចេញ​ពី​ពន្ធ​នាគារ​​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖​​ ​ការ​ចុះ​បង្ក្រាប​​គ្រឿង​ញៀន​២​ករណី​​ត្រូវ​បាន​ធ្វើ​ឡើង​​ក្រោម​បញ្ជា​​របស់​លោក​ឧត្តម​សេនីយ៍​ត្រី ឆាយ គឹមសុន ស្នង​ការ​នគរ​បាល​​ខេត្ត គឺ​តាម​ប្រមាញ់​​ជន​សង្ស័យ​​ចែក​ចាយ​គ្រឿ​ង​ញៀន​​នៅ​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ​ និង​ចាប់​ខ្លួន​​​ជន​សង្ស័យ​បាន​២​នាក់ជា​បន្ត​បន្ទាប់​​​​កាល​ពី​វេលា​ម៉ោង​​៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១២ ​ដោយ​​រឹប​អូស​​បាន​ថ្នាំ​ញៀន​​ក្រាម​​ម៉ា​ទឹក​កក​ជា​ច្រើន​កញ្ចប់​​មាន​ទម្ងន់​៤,៤​ក្រាម ​។

លោក​វរសេនីយ៍​​ទោ សោម រស់ ប្រធាន​​ការិ​យាល័យ​​ប្រឆាំង​គ្រឿង​ញៀន​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​​បាល​ខេត្ត បាន​ឱ្យ​ដឹង​ថា ជន​​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ម្នាក់​ឈ្មោះ​ធឿន ឆៃហ៊ត់ ភេទ​​ប្រុស អាយុ​៣៤​ឆ្នាំ​ ត្រូវ​បាន​ចាប់​តាម​ដី​កា​របស់​​សាលា​ដំបូ​ង​ខេត្ត និង​ម្នាក់​ទៀត​ឈ្មោះ​ស្រី ល័ក្ខ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ អតីត​ទណ្ឌិត​ចេញ​ពី​ពន្ធ​នា​គារ​ខេត្ត «ជាប់​ចោទ​ពី​បទ​ចែក​ចាយ​ថ្នាំ​ញៀន» ។ លោក​វរសេនីយ៍​ទោ បាន​រំឭក​ថា ផ្តើម​ចេញ​​ពី​ការ​បង្ក្រាបជន​សង្ស័យ​​​​ពីរ​នាក់​ប្តី​ប្រពន្ធ​ ដែល​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ញ៉ែម សារ៉ន អាយុ​៣១​ឆ្នាំ និង​​បុរស​ជា​ប្តី​ឈ្មោះ​រិន ធុន អាយុ​២៩​ឆ្នាំ រស់​នៅភូមិ​​ជីមាន់​ជើង ឃុំ​ក្រែក ស្រុក​ពញា​ក្រែក កាល​ពី​ថ្ងៃទី​២៩ កក្កដា កន្លង​ទៅ​ ដោយ​រឹប​អូស​បាន​ថ្នាំ​ញៀន​​ក្រាម​​ម៉ា​ទឹកកក​ចំនួន​០,៣​ក្រាម ។ ក្រោយ​ពី​​ទទួល​បាន​ការ​សារ​ភាព​​ថា ថ្នាំ​ញៀន​​ដែល​ពួក​គេ​យក​មក​លក់​នេះ ​គឺ​បាន​ទិញ​ពី​ឈ្មោះ​ឆៃហ៊ត់ និង​ឈ្មោះ​ស្រីល័ក្ខ រស់​នៅភូមិ​​ឃុំ​ជាមួយ​​គ្នា​ លោក​ក៏​សុំ​ដី​កាចាប់​ខ្លួន​ឈ្មោះ​ឆៃហ៊ត់ ជា​បន្ទាន់​ផងដែរ ។

ក្រោម​កិច្ច​សហ​ការ​ជា​មួយ​នឹង​លោកវរសេនីយ៍​ត្រី ប្រាក់ ប៊ុនណុន អធិ​ការ​នគរ​​បាល​​ស្រុក​ពញា​ក្រែក ក៏​បាន​​ប្រើ​កម្លាំង​ក្រោម​​ឱ​វាទ​ចុះ​ចាប់​ឈ្មោះ​​ឆៃ ហ៊ត់ នៅ​កន្លែង​លេង​បាល់​ទះ​ស្ថិត​​ក្នុង​ភូមិ​​ឡ ឃុំ​កោង​កាង ស្រុក​ពញា​ក្រែក កាល​ពី​វេលា​ម៉ោង​៤ និង​៤០​នាទី​​រសៀល​ថ្ងៃ​ទី​២ សីហា ។

លោក​វរសេនីយ៍​​ឯក ជឹម សេងហុង ស្នង​ការ​រង​នគរ​បាល​ខេត្ត​​ ទទួល​ផែន​​កណ្តាល​​យុត្តិធម៌​​មាន​ប្រសាសន៍​ថា ក្នុង​ប្រតិ​បត្តិការ​នេះ​រូប​​លោក​បាន​បញ្ជា​ឱ្យ​​តាម​ប្រមាញ់ឈ្មោះ​​ស្រី ល័ក្ខ បន្ត​ទៀត​ដោយ​បាន​ប្រើ​កម្លាំង​​ធ្វើ​ជា​រក​ទិញ​​ថ្នាំ​ញៀន​និង​ឱ្យ​យក​មក​ប្រគល់​​ឱ្យ​នៅ​ចំណុច​វាល​ស្រែមួយ​​​នៅ​ក្នុង​ភូមិ​​ជីមាន់​ជើង ក្នុង​តម្លៃ​៥​ម៉ឺន​រៀល​ ។ ពេល​ឈ្មោះ​​នេះម​ក​ដល់​ ក៏​ឃាត់​ខ្លួន​ និង​ដក​ហូត​​បាន​ថ្នាំ​ញៀន​​១​កញ្ចប់​តូច​​ លុះពេល​​ទៅ​ឆែក​ឆេរ​លំ​នៅ​ឋាន​បន្ត​ទៀត​​​ក៏​បាន​រក​ឃើញ​​​​ថ្នាំ​ញៀន​២​កញ្ចប់​ធំ​និង​៤កញ្ចប់​តូច​ ព្រម​ទាំង​ថ្នាំ​រាយ​ៗ​មួយ​ចំនួន​ទៀត​សរុប​ទម្ងន់​៤,៤​ក្រាម ។

សូម​បញ្ជាក់​ថា ឈ្មោះ​ស្រី ល័ក្ខ នេះ​ធ្លាប់​​ត្រូវ​បាន​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១០ ជាប់​ចោទ​ពី​បទ​ចែក​ចាយ​គ្រឿង​ញៀន​ និង​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធ​នា​គារ​កាល​ពី​​ថ្ងៃទី១ មីនា ឆ្នាំ​២០១១ ប៉ុន្តែ​​អតីត​ទណ្ឌិត​រូប​នេះ​​មិន​រាង​ចាលនៅ​តែប្រកប​របរ​ខុសច្បាប់​បែប​នេះ​ទៀត៕