ខេត្តប៉ៃលិន ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកអូរមួយកន្លែង ខណៈដែលប្រជាពលរដ្ឋចុះងូតទឹកក្នុងអូរនេះ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៣ សីហា ២០១២ នៅត្រង់ចំណុចអូរមួយនៅខាងក្រោមស្ពានថ្មថ្មី (ហៅស្ពានតារៀប) ចម្ងាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពព័ត៌ មានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះជួន ជឺន អាយុ៥១ឆ្នាំ ជាកសិកររស់នៅភូមិបហ៊ុយជើង សង្កាត់បយ៉ាខា នៅមុនថ្ងៃកើតហេតុ៣ថ្ងៃប្តីប្រពន្ធ២នាក់នេះបាននាំគ្នាទៅដាំពោត និងបាញ់ថ្នាំស្មៅនៅក្នុងចម្ការរបស់ខ្លួនមួយកន្លែងដែលនៅជាប់នឹងមាត់អូរ ស្ថិតក្នុងភូមិបហ៊ុយជើង សង្កាត់បយ៉ាខា ខណៈពេលដែលប្រពន្ធកំពុងតែដាំពោតសុខៗ លុះងាកមកមើលប្តីដែលកំពុងតែបាញ់ថ្នាំស្មៅ ស្រាប់តែបាត់មិនដឹងជាទៅណាទេ ។ ក្រោយពីប្រពន្ធចាំបាត់ៗរហូតដល់ថ្ងៃត្រង់មិនឃើញត្រឡប់មកកន្លែងដាំពោតវិញ ក៏ដើររកប្តីរបស់ខ្លួន ថែមទាំងប្រាប់ឱ្យអ្នកដទៃទៀតជួយដើររកឯផ្ទះក៏មិនឃើញ ។ ប្រភពបន្តទៀតថា បុរសរងគ្រោះរូបនេះធ្លាប់មានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយ ហើយពេលជំងឺនេះធ្វើទុក្ខម្តងៗគាត់តែងតែភ័យខ្លាច និងមានសភាពស្លន់ស្លោរត់រកតែកន្លែងពួនលាក់ខ្លួនដោយប្រាប់ថា មានមនុស្សច្រើននាក់មកចង់យកជីវិតរបស់គាត់ តែដោយប្រពន្ធ និងកូនមើលគ្រូខ្មែរ និងព្យាបាលនៅមន្ទីរពេទ្យផងអស់ប្រាក់ជាច្រើនមិនជាក៏ទុកឱ្យបុរសរងគ្រោះជាប្តីរស់នៅទាំងមួយថ្ងៃកាត់មួយថ្ងៃកោរ ជួនកាលដឹងខ្លួន ជួនកាលវង្វេងវង្វាន់មិនដឹងអ្វីសោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ