ខេត្តកណ្តាល ៖ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ប្រធានក្រុមការងារចុះជួយឃុំត្រើយស្លា និងលោកជំទាវ ងួន ធួន ជាភរិយា អមដំណើរដោយមន្ត្រីក្រុមការងារជាច្រើនរូបទៀតបានអញ្ជើញទៅបើកការដ្ឋានស្ថាបនាផ្លូវលំចំនួន៤ខ្សែ ដែល២ខ្សែ ស្ថិតនៅភូមិព្រែកប៉ានមានប្រវែង២.២០០ម៉ែត្រ និង២ខ្សែទៀតស្ថិតនៅភូមិព្រែក មានប្រវែង២.១០០ម៉ែត្រ ស្ថាបនាដោយប្រើថ្មមិក និងចំណាយថវិកាចំនួន១ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក។
ការប្រារព្ធពិធីបើកការដ្ឋាននេះ ធ្វើឡើងនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ដោយមានប្រជាពលរដ្ឋចូលរួមទាំងពីរភូមិប្រមាណ៤០០នាក់ កាលព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០១២ ។ លោកមិន ឃិន មានប្រសាសន៍ថា ការផ្ដល់ផ្លូវចំនួន៤ខ្សែនេះ គឺជាការចូលរួមចំណែកជាមួយប្រជាពលរដ្ឋទាំងពីរភូមិ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូនកសិផលពីស្រែចម្ការមកកាន់ទីផ្សារសំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យធូរធារឡើង ។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ តុលា ឆ្នាំ២០១២ ខាងមុខនេះតទៅសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៣ ។
តាមការផ្ដល់បទសម្ភាសន៍ លោកម៉ៃ សំភី រស់នៅភូមិព្រែកប៉ាន បានមានប្រសាសន៍អំពីស្ថានភាពផ្លូវទាំងពីរខ្សែនេះថា ពីមុនមានការលំបាកយ៉ាងខ្លាំង ដោយសារតែមានជង្ហុកធំៗ ហើយជ្រៅទៀតពិបាកក្នុងការធ្វើដំណើរជាពិសេសកូនចៅរបស់ប្រជាពលរដ្ឋពិបាកធ្វើដំណើរទៅកាន់សាលារៀន ទើបតែនៅពេលនេះមានក្រុមការងារចុះជួយមូលដ្ឋានឃុំត្រើយស្លាធ្វើការជួសជុលផ្លូវលំទាំងពីរខ្សែនេះជូនប្រជាពលរដ្ឋទាំងពីរភូមិ។ ក្នុងនាមប្រជាពលរដ្ឋទាំងពីរភូមិ លោកម៉ៃ សំភី បានសម្តែងនូវក្ដីសប្បាយរីករាយដែលទទួលបានផ្លូវទាំងពីរខ្សែនេះ និងរួមគ្នាថែទាំអំណោយដ៏ថ្លៃថ្លានេះឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ។
ក្នុងថ្ងៃនោះដែរ ក្រុមការងារគណៈពង្រឹងចុះជួយមូលដ្ឋានឃុំត្រើយស្លា បាននាំយកទៀនវស្សានិងទេយ្យវត្ថុមួយចំនួនទៅវេរប្រគេនព្រះសង្ឃកំពុងគង់ចាំព្រះវស្សាក្នុងពទ្ធសីមាវត្ដចំនួន៣គឺវត្ដកេតុឧត្ដម វត្ដពោធិ៍អណ្ដែត និងវត្ដស្លាកែត ដោយវត្ដនីមួយៗទទួលបានទៀនវស្សា១គូ សាដក១ ទឹកក្រូច១កេស មី២កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អង្ករ៥០គីឡូក្រាម និងបច្ច័យ១៣ម៉ឺនរៀល។ ចំណែកតាជី-យាយជីចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ពាន់រៀល ៕


ចែករំលែកព័តមាននេះ