ខេត្តស្ទឹងត្រែង ៖ ថវិកាជាអំណោយរបស់សប្បុរសជន ត្រូវបាននាំយកទៅជូនដល់កូនភ្លោះពិការស្វិតដៃជើង និងជីដូនដែលរស់នៅក្នុងវត្តស្ទឹងត្រែង ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ជាបន្តបន្ទាប់ទៀត កាលពីព្រឹកថ្ងៃទី២ សីហា កន្លងមកនេះ ។
លោកយាយទូ គឹមឡេង ជាជីដូនរបស់កូនភ្លោះទាំង២បានសម្តែងនូវក្តីសប្បាយរីករាយនៅពេលបានទទួលថវិកាពីសប្បុរសជនជាបន្តបន្ទាប់ដើម្បីជួយទ្រទ្រង់ជីវភាព និងថែរក្សាចៅដ៏អភ័ព្វទាំង២នាក់នេះទៅមុខទៀត ។ លោកយាយមានប្រសាសន៍ថា ចៅគាត់ទាំងពីរនាក់ផឹកថ្នាំខ្មែរជារៀងរាល់ថ្ងៃ ហូបបាយបានច្រើនជាងសព្វដង មួយវិញទៀតតាំងពីផឹកថ្នាំខ្មែរមកដូចជាមានកម្លាំងជាងមុន ។ កូនភ្លោះដួង ហួនិងដួង ហៃ សម្តែងការត្រេកអរ បន្ទាប់ពីបានទទួលអំណោយរបស់សប្បុរសជនជាហូរហែ ដែលអំណោយទាំងនោះ អាចឱ្យពួកគេយកមកប្រើប្រាស់ក្នុងការទិញថ្នាំព្យាបាលជំងឺនានានៅពេលគេឈឺម្តង ៗ មួយវិញទៀតថវិការបស់សប្បុរសជនមួយចំណែកធំគឺសម្រាប់ទិញអាហារចិញ្ចឹមក្រពះ ។
លោកសាន់ វេន ជាកូនសេក្ខលោក រស់នៅក្នុងវត្តស្ទឹងត្រែង និងក៏ជាពេទ្យទាហានផងដែរបានឱ្យដឹងថា គាត់តែងតែធ្វើការថែទាំងក្មេងទាំង២នាក់ជំនួសជីដូនរបស់គេ ព្រោះលោកយាយឡេង ពេលនេះមិនអាចលើកបីបាច់ពួកគេដូចពីមុនបានទៀតឡើយ ។ ជារៀងរាល់ថ្ងៃ គាត់តែងបីកូនភ្លោះនេះចូលបន្ទប់ទឹក ងូតទឹក និងដូរសម្លៀកបំពាក់រួចរាល់ ទើបចេញទៅធ្វើការ ។
លោកតាឈុន សំអុល ជាអាចារ្យវត្តស្ទឹងត្រែង ដែលមានវត្តមានក្នុងពិធីទទួលអំណោយពីសប្បុរសជនតាមរយៈកោះសន្តិភាពនេះ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលតែងតែផ្តល់អំណោយជាញឹកញាប់ដល់ចៅភ្លោះពិការទាំង២នាក់នេះ ហើយលោកអាចារ្យបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយថែរក្សាសប្បុរសជនទាំងអស់ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ប្រការ ។
អំណោយជាថវិកាដែលកោះសន្តិភាពនាំទៅប្រគល់ជូនលើកនេះ គឺបានទទួលពីលោកលី ដារា និងបុគ្គលិកក្រុមហ៊ុនចំនួន៧៥ដុល្លារ និងថវិកា៥ម៉ឺនរៀលទៀតពីព្រះតេជគុណ ធត់ ពេញសិទ្ធិ គង់នៅវត្តអង្គម៉ោល ស្រុកអង្គរធំ ខេត្តសៀមរាប ។ ថវិកាអំណោយរបស់ព្រះតេជគុណចំនួន៤ម៉ឺនរៀលទៀត ក៏ត្រូវបានយកទៅជួយដល់លោកយាយពិការភ្នែក ចិញ្ចឹមចៅកំព្រា៣នាក់ ដែលម្តាយបោះបង់ចោលទៅតាមប្រុសផ្សេងនៅខេត្តកំពង់ឆ្នាំងផងដែរ ។
ដោយឡែកមួយទៀតកាលពីថ្ងៃទី២៨ កក្កដា លោកស្រីម៉ែន នារីសុខា ជាអនុព័ន្ធស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដែលមាននិវេសនដ្ឋាន នៅក្រងវ៉ាស៊ីនតោន ឌីស៊ី ក៏បានផ្តល់ថវិកាចំនួន៣០ដុល្លារ ឧបត្ថម្ភដល់ក្មេងភ្លោះពិការទាំង២ដែរ រួមជាមួយលោកស្រីម៉ែន នារីនិមល ១០ដុល្លារ លោកស្រីលី ទីណា ១០ដុល្លារ និងលោកស្រីពេជ្រ ស្នាណារី ១០ដុល្លារ។ ព្រមជាមួយគ្នានោះ ក៏មានការឧបត្ថម្ភជាសន្តានចិត្តដល់លោកសាន់ វេន ដែលជាអ្នកជួយថែទាំកូនភ្លោះទំាង២ ក្នុងនោះលោកស្រី ម៉ែន នារីសុខា ១០ដុល្លារ លោកស្រីម៉ែន នារីនិមល ១ម៉ឺនរៀល លោកស្រីលី ទីណា ១ម៉ឺនរៀល លោកស្រីពេជ្រ ស្នាណារី ១ម៉ឺនរៀល។
កោះសន្តិភាពសូមសម្តែងនូវការថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានបន្តជួយផ្តល់ការឧបត្ថម្ភដល់កូនភ្លោះពិការ និងជីដូនចំណាស់របស់ពួកគេ ដែលរស់នៅប្រឈមមុខនឹងការលំបាកដោយសារព្រហ្មលិខិតបង្កើតពួកគេមកហើយឱ្យជួបនូវក្តីវេទនា រស់ដូចជាស្លាប់បែបនេះ ៕
ចែករំលែកព័តមាននេះ