ខេត្តក្រចេះ ៖ នគរបាលនៃការិយាល័យកណ្តាលសណ្តាប់ធ្នាប់ខេត្ត សហការជាមួយ មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កាលពីថ្ងៃទី៣ សីហា បានចុះត្រួតពិនិត្យលើអាជីវកម្មយានដ្ឋានជួសជុលរថយន្តមួយចំនួននៅក្នុងខេត្ត ដើម្បីជំរុញឱ្យម្ចាស់យានដ្ឋានធ្វើច្បាប់អាជីវកម្ម និងធ្វើការអប់រំឱ្យបញ្ឈប់ការកែច្នៃរថយន្តខុសពីលក្ខណៈដើម ។
លោកវរសេនីយ៍ទោ គង់ វណ្ណារឹទ្ធ អនុប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់បានឱ្យដឹងថា កម្លាំងនគរបាលចរាចរ សហការជាមួយមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាច្រើនរូប បានចុះត្រួតពិនិត្យយានដ្ឋានជួសជុលរថយន្តនៅទូទាំងខេត្ត ដើម្បីពិនិត្យលើច្បាប់ធ្វើអាជីវកម្ម និងជំរុញឱ្យម្ចាស់យានដ្ឋានទៅធ្វើច្បាប់អាជីវកម្មឱ្យបានត្រឹមត្រូវ ជាពិសេសគឺបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់យានដ្ឋានទាំងអស់មិនឱ្យធ្វើការកែច្នៃរថយន្តខុសពីលក្ខណៈដើមនោះទេ ។
មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឱ្យដឹងថា ការចុះអនុវត្តផែនការសកម្មភាពនេះគឺយោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលេខ១៨៦ ប្រ.ក.ស.ក.ដ.ជ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១០ ស្តីពីការកំណត់រថយន្តដឹកទំនិញ និងរ៉ឺម៉កដែលបានកែច្នៃ ។
លោកវរសនីយ៍ទោ គង់ វណ្ណារឹទ្ធ បានបញ្ជាក់ថា ការប្រើប្រាស់រថយន្តកែច្នៃកន្លងមកតែងបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុជាបន្តបន្ទាប់ ខណៈដែលយានយន្តកែច្នៃទាំងនេះបានធ្វើចរាចរណ៍លើផ្លូវសាធារណៈ ៕


ចែករំលែកព័តមាននេះ