ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មិន​ស្គាល់​​​ម៉ាក​​បុក​បុរស​ជន​ជាតិ​​អាល់​​ហ្សេ​រី​​ស្លាប់​ ខណៈចុះ​ពី​រថយន្ត​ក្រុង​

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​​ ​៖ បុរស​ជន​ជាតិ​​​​អាល់​ហ្សេ​រី​​​ម្នាក់​បាន​ស្លាប់​​​ភ្លាម​ៗ​​នៅនឹង​កន្លែង​​​​កើត​ហេតុ​​ដោយសារ​​រថយន្ត​មិនស្គាល់ម៉ាក​បុក​​​ ខណៈ​​​​ពេល​ចុះ​​ពី​លើ​រថយន្ត​​​ក្រុង​ ហើយ​ឈរ​​រេរា​លើ​ថ្នល់​​ កាល​ពី​​វេលាម៉ោង​​១២និង​៥០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​​២ សីហា​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​៥​ ត្រង់​ចំណុច​​ហាង​បាយ​​​រថយន្ត​ក្រុង​ស្ថិត​​ក្នុង​ភូមិ​មាន់​​ចែ​ សង្កាត់​​​ព្រៃ​ញី ក្រុង​ពោធិ៍​សាត់​ ។

លោក​​វរសេនីយ៍​ត្រី​​​ រស់​ ចំរើន នាយការិយា​ល័យ​​នគរ​បាល​​​ចរាចរ​ផ្លូវ​​គោក​នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​​ខេត្ត​ពោធិ៍​សាត់​​​​​​ឱ្យ​ដឹងថា ​ជន​រងគ្រោះ​​ដែល​ត្រូវ​​​រថយន្ត​បុក​ស្លាប់​​នេះ​ឈ្មោះ ABDEL KANDER BECHAM ភេទប្រុស​​ អាយុ​៤០​ឆ្នាំ សញ្ជាតិ​អាល​់​ហ្សេ​​រី​ មាន​លិខិត​​បញ្ជាក់​​វិញ្ញាបនបត្រ​​បណ្តោះ​អាសន្ន​សម្រាប់​ជន​ភៀស​ខ្លួន​របស់​អង្គការ​​​UNHCR​ចុះ​ថ្ងៃទី​​​​៣ មេសា ឆ្នាំ​២០១២​​ ស្នាក់​នៅ​បណ្តោះ​អាសន្ន​ភូមិ​ពោង​ពាយ​ សង្កាត់​​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជ​ធានីភ្នំពេញ​។

តាម​សាក្សី​​​និយាយ​ថា ​នៅ​យប់​នោះ​ជន​រង​គ្រោះ​​ជិះ​រថយន្ត​ក្រុង​​​ដឹក​អ្នក​ដំណើរ​​របស់​ក្រុម​ហ៊ុន​​​មួយ​​​ក្នុង​ទិស​ដៅ​​​ពី​លិច​ទៅ​កើត​​ ពេល​មក​ដល់​​​ចំណុច​កើតហេតុ​​រថយន្ត​ក្រុង​​នោះ បាន​ឈប់​ដើម្បី​​​​​ដាក់​អ្នក​ដំណើរ​​ចុះ​បត់​ដៃ​​​បត់​ជើង​ ។ ចំណែក​​​ជន​រងគ្រោះ​សញ្ជាតិ​​​អាល់​​ហ្សេ​រី​​នោះ​មិន​ទៅ​​ចូល​បន្ទប់​ទឹក​​ឬ​រក​​​ទិញ​អី​ហូប​នឹង​គេ​ទេ បែរ​ជា​ឈរ​រេរា​​លើ​ថ្នល់​ ស្រប​ពេល​នោះ​​​ក៏​មាន​រថយន្ត​​មិន​ស្គាល់​​ម៉ាក​​បោះ​ពួយ​​យ៉ាង​លឿន​​​ពីកើត​​​ទៅ​លិច​​​បុក​អូស​​ចម្ងាយ​​៣០​ម៉ែត្រ​​ ស្លាប់​ភ្លាម​ៗ​​​មួយ​រំពេច ឯរថយន្ត​​បង្ក​គ្រោះ​ថ្នាក់​នោះ​បើក​ទៅ​មុខ​បាត់​ស្រមោល ។

សព​ជន​រងគ្រោះ​​​ត្រូវ​ប៉ូលិស​​​ចរាចរ​ផ្លូវ​គោក​​ខេត្ត​​​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​​​ខេត្ត​ និង​ជូន​ដំណឹង​​​ទៅ​ស្ថាន​ទូត​​ប្រទេស​​អាល់​ហ្សេរី​ ដើម្បី​ស្រាវ​ជ្រាវ​​​រក​សាច​់​ញាតិ​ឱ្យមក​ទទួល​​យក​សព​ ។ ចំណែក​​​រថយន្ត​បង្ក​​សមត្ថកិច្ច​​​ក៏​កំពុង​​​ស្រាវ​ជ្រាវ​​ដើម្បីយក​មក​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់ ៕