ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២ សីហា លោកនាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ រួមដំណើរដោយលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេចតេជោ ដែលកំពុងបំពេញបេសកកម្មវាស់វែងដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ។
លោក យី ម៉ៅ តំណាងក្រុមនិស្សិតប្រចាំខេត្តព្រះវិហារឈរជើងក្នុងវត្តភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ជំនួសមុខឱ្យក្រុមនិស្សិតទាំងអស់បានមានមតិស្វាគមន៍ចំពោះប្រតិភូដែលយកចិត្តទុកដាក់ក្នុងការជួយផ្គត់ផ្គង់ដល់ក្រុមនិស្សិត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សម្តេចតេជោ និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតេជោ និងលោកជំទាវ តែងតែយកចិត្តទុកដាក់ដល់ក្រុមនិស្សិតដែលកំពុងបំពេញបេសកកម្មក្នុងការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ។
លោកនាយឧត្តមសេនីយ៍ មាស សុភា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដល់ក្រុមនិស្សិតស្ម័គ្រចិត្តដែលកំពុងបំពេញបេសកកម្មវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនៃទឹកដីខេត្តព្រះវិហារ ។ លោកថ្លែងថា គ្រប់ពេលវេលាសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរដល់ការរស់នៅរបស់និស្សិត និងក្រុមការងារចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ។
លោកនាយឧត្តមសេនីយ៍ ក្នុងនាមលោកផ្ទាល់ក៏បានថ្លែងនូវការកោតសរសើរដល់ប្អូនៗ ក្មួយៗ និងបានផ្តល់អនុសាសន៍ដល់ក្មួយៗនិស្សិតធ្វើយ៉ាងណាត្រូវបន្តសកម្មភាពវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ ។ ក្នុងឱកាសនោះដែរ លោក មាស សុភា ក៏បានផ្តល់អំណោយឧបត្ថម្ភដល់ក្រុមនិស្សិតទាំង៨ក្រុម ក្នុងខេត្តព្រះវិហារ ស្មើនឹង៩៦នាក់ និងក្រុមបច្ចេកទេសក្នុងក្រុមនីមួយៗផង សរុបប្រមាណ២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល ។ ចំណែក លោក អ៊ុំ ម៉ារ៉ា ក៏បានជួយឧបត្ថម្ភបន្ថែមដល់ក្រុមនិស្សិត និងក្រុមការងារក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល ផងដែរ ។ដោយឡែក សម្ភារដែលបាននាំយកទៅឧបត្ថម្ភដល់ក្រុមនិស្សិតទាំ៨ក្រុមនោះ ក្នុងមួយក្រុមៗទទួលបានមី១កេសធំ ទឹកបរិសុទ្ធ៧កេស មាន់៥ក្បាល កាហ្វេកញ្ចប់ចំនួន៤ថង់ធំ ស្ករស២គីឡូក្រាម និងប៊ីចេង២គីឡូក្រាម ៕



ចែករំលែកព័តមាននេះ