រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២ សីហា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ បាននាំយកទេយ្យទាន និងទៀនវស្សាទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៣ គឺវត្តអម្ពផល ស្ថិតនៅសង្កាត់កោះដាច់ វត្តសូរិយាពោធិ៍មាស ស្ថិតនៅសង្កាត់បាក់ខែង និងវត្តពោធិយារ៉ាម ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ដើម្បីឧទ្ទិសកុសលជូនដល់វីរយុទ្ធជន អ្នកសេ្នហាជាតិែដលបានស្លាប់បាត់បង់ជីវិតដើម្បីបុព្វហេតុជាតិនិងមាតុភូមិ និងសូមឱ្យប្រទេសជាតិមានសុខសន្តិភាពជារៀងរហូត ។
ការនាំយកទេយ្យទាននិងទានវស្សាទៅប្រគេនព្រះសង្ឃនេះ ក្រោមការផ្តួចផ្តើមនិងដឹកនាំដោយលោក ឃ្លាំង ហួត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ ព្រមទាំងមានការចូលរួមពីក្រុមការងារចុះជួយសង្កាត់ទាំងបីសមាជិក-សមាជិកាបក្សយ៉ាងច្រើនកុះករ ។
ទេយ្យទានដែលនាំទៅប្រគេនដល់ព្រះសង្ឃក្នុងឱកាសនោះសម្រាប់វត្តអម្ពផល និងវត្តសុរិយាពោធិ៍មាស ក្នុង១វត្តទទួលបាន សាដក១ ទៀននាគ១គូ ប្រេងម៉ាស៊ូត១កាន អង្ករ២បាវ ទឹកបរិសុទ្ធ៤កេស មីយើង៤កេស ទឹកដោះគោ១កេស ស្ករស១បាវ តែ៤កញ្ចប់ ទឹកក្រូច៤កេស និងបច្ច័យចំនួន៣០ម៉ឺនរៀល និង២៥ដុល្លារ ។ ដោយឡែកវត្តពោធិយារ៉ាម ហៅវត្តចាស់ទទួលបានទេយ្យទាននិងទៀនវស្សាដូចគ្នា បច្ច័យចំនួន ៥៥៧.០០០រៀល និង៤០ដុល្លារ ។
លោក ឃ្លាំង ហួត បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដែលមានលោក កែប ជុតិមា ជាប្រធាន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋ ឱ្យតែដល់ពេលចូលវស្សាម្តងៗតែងតែណែនាំឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់នាំយកទេយ្យទាននិងទៀនវស្សាមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា។ លោក ឃ្លាំង ហួត បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានធ្វើឱ្យប្រទេសជាតិមានសន្តិភាព ហេតុនេះ បានជាធ្វើឱ្យប្រជាពលរដ្ឋ លោកតា លោកយាយ មានឱកាសធ្វើបុណ្យតាមប្រពៃណីជាតិ ៕



ចែករំលែកព័តមាននេះ