រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកឌ្រីមសេ១២៥ ចំនួន២គ្រឿងបានបើកបោះពួយបុកគ្នាពេញទំហឹងក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកម៉ូតូម្នាក់ស្លាប់នៅនឹងកន្លែង និង៣នាក់ទៀតដែលម្នាក់ជាស្ត្រីរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង១២អធ្រាត្រថ្ងៃទី៤ សីហា ២០១២ នៅតាមផ្លូវលេខ៥៩៨ កែងផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះសោម ផានី ភេទប្រុស អាយុ២៥ឆ្នាំ ជាគ្រូបង្រៀនភាសាកូរ៉េនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមានស្រុកកំណើតនៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួលភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដួលបោកក្បាលស្លាប់នៅនឹងកន្លែង ។ ចំណែកអ្នករងរបួសរួមដំណើរជាមួយឈ្មោះត្រឹក ដារី ភេទប្រុស អាយុ២៩ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេសស្នាក់នៅផ្ទះជួលជាមួយគ្នា ។ រីឯស្ត្រីម្នាក់ និងបុរសម្នាក់ដែលជិះម៉ូតូមួយគ្រឿងទៀតពុំត្រូវស្គាល់ឈ្មោះឡើយត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
តាមសាក្សីបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ជិះគ្នា២នាក់ បើកដោយជនរងគ្រោះដែលស្លាប់ និងរួមដំណើរជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះត្រឹក ដារី ទៅបុកគ្នាជាមួយម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ជិះគ្នា២នាក់ បើកដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ