រាជធានីភ្នំពេញ ៖ នៅវេលារសៀលថ្ងៃទី២៩ មីនា ២០១១ នេះ លោកចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ មីនា ២០១១ ។
យោងតាមសេចក្តីជូនព័ត៌មានចុះថ្ងៃទី២៤ មីនា ២០១១ របស់ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃរបស់លោកប្រធានាធិបតីទីម័រខាងកើត បានធ្វើឡើងតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
អំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកចូសេ រ៉ាម៉ូស ហ័រតា នឹងចូលក្រាបបង្គំគាល់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង និងចូលជួបសម្តែងការគួរសមផងដែរជាមួយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៕
ចែករំលែកព័តមាននេះ