ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថាក់​ស៊ីន ធ្វើ​ដំណើរ​ទៅ​អង់​គ្លេស​​ អាមេរិក និង​អាស៊ី ខណៈ​ពេល​ក្រុម​អាវ​ក្រហម​នៅ​អាមេរិក​ត្រៀម​ខ្លួន​ស្វា​គមន៍

13 ឆ្នាំ មុន

សារ​​​ព័ត៌​មាន​បរ​ទេស​​ កាល​ពី​ថ្ងៃ​ទី​៣ សីហា ផ្សាយ​ឱ្យ​ដឹង​​ថា លោក​នុប​ប៉ាឌុល ប៉ាត​តាម៉ា ទី​ប្រឹក្សា​​ផ្នែក​ច្បាប់​របស់​​លោក​ថាក់​ស៊ីន ស៊ីណា​វ៉ា​ត្រា អតី​ត​នាយក​រដ្ឋ​មន្ត្រី​ថៃ​​បង្ហើប​​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​​​លោក​ថាក់​ស៊ីន ស្ថិត​​នៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី និង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់​គ្លេសនៅ​ថ្ងៃ​​ទី​៣និង​ទី​៤​សីហា ​នៅ​មុន​ពេល​​ចាក​ចេញ​ទៅ​សហ​រដ្ឋ​អាមេរិក​​ ដោយ​ចំណាយ​ពេល​ស្នាក់​នៅ​ប្រហែល​២​សប្តាហ៍​​ ទើប​​ធ្វើ​​ដំណើរ​បន្ត​​ទៅ​ទ្វីប​អាស៊ី អាច​ឆ្ពោះ​ទៅ​ប្រទេស​ចិន ។

សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​សហរ​ដ្ឋ​អាមេរិក​របស់​លោក​ថាក់​ស៊ីន ជាការ​ធ្វើ​ដំណើរ​​លក្ខណៈ​ផ្ទាល់​ខ្លួន​ដើម្បី​បាន​ជួប​​នឹង​​ជន​ជាតិ​ថៃ រួម​ទាំង​អ្នក​នយោ​បាយ​​របស់​មេរិក​​ដែល​មាន​ភាព​ជិត​ស្និទ្ធ​​ ។ នៅ​ក្នុង​អំឡុង​ពេល​នោះ​ លោក​ថាក់​ស៊ីន​​អាច​ជួប​​​ពិភាក្សា​​ជា​មួយ​ក្រុម​ពាណិជ្ជ​ករ​ ដែល​មាន​ចំណាប់​អារម្មណ៍​​នឹង​ចូល​វិនិយោគ​ទុន​ក្នុង​ប្រទេស​ថៃ ។ លោក​ថាក់​ស៊ីន នឹង​ប្រើ​ឱ​កាស​នេះ​សម្រាប់​ផ្តល់​​​ទិន្ន​ន័យ​​គួប​​ផ្សំ​​នឹង​ការ​សម្រេច​ចិត្ត​​ក្នុង​ការ​វិនិយោគ​​ ដោយ​បញ្ជាក់​ថា ប្រទេស​ថៃ​​កំពុង​ក្លាយ​ជា​មជ្ឈ​មណ្ឌល​​​​សមា​គម​អាស៊ាន​ និង​ជា​មជ្ឈ​មណ្ឌល​​ទូរ​គមនា​គមន៍ ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ប្រព័ន្ធ​​គេ​ហទំព័រ​​ថៃ​អីុ​ញូវ (Thaienews) ផ្សាយ​​ឱ្យ​ដឹង​ថា ជន​ជាតិ​​ថៃ​នៅ​​សហ​រដ្ឋ​អាមេរិក​​កំពុងត្រៀម​​​ស្វាគមន៍​​លោក​ថាក់​ស៊ីន ដែលនឹង​​ធ្វើ​ដំណើរ​​ទៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​​អំឡុង​ពេល​​ពី​ថ្ងៃ​ទី​១១ដល់​១៣​ សីហា ​​ដោយ​ក្រុម​អាវ​ក្រហម​​នៅ​អាមេរិក​​នឹង​រៀប​ចំ​​ផ្តល់​​​ម្ហូប​អាហារ​​ និង​ភេស​ជ្ជៈ​ដោយ​គិត​ថ្លៃ​ចំពោះ​អ្នក​ចូល​រួម​​ចំនួន​៥​កន្លែង​ ។ ក្រៅ​ពី​នេះ​​ក៏​មាន​ការ​ត្រៀម​​ទី​តាំង​​នៅ​បរិវេណ​​វត្ត​ថៃ North Hollywood ដើម្បី​​ទទួល​​ស្វាគមន៍​​ផងដែរ​ ៕