ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញសត្វពស់ពិការភ្នែករូបរាងស្រដៀងពស់រស់នៅក្នុងទន្លេប្រទេសប្រេស៊ីល ដោយក្បាលរបស់វាស្រដៀងនឹងអវយវៈភេទរបស់បុរស ។ សត្វពស់ប្រភេទនេះ មានឈ្មោះជាលក្ខណៈវិទ្យាសាស្ត្រថា Atretochoana eiselti បានប្រទះឃើញក្រោយពីវិស្វករបង្ហូរទឹកចេញពីទំនប់អគ្គិសនីក្នុងទន្លេម៉ាដេរ៉ា ជាដៃទន្លេមួយរបស់ទន្លេអាម៉ាហ្សូន ។ កាលពីខែវិច្ឆិកា២០១១ អ្នកវិទ្យាសាស្ត្រប្រទះឃើញពស់ទាំងនោះរស់នៅក្នុងទន្លេម៉ាដេរ៉ា ដោយមានសរុបចំនួន៦ក្បាល និងក្នុងមួយក្បាលៗមានប្រវែងប្រហែល១ម៉ែត្រ ។
អ្នកវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនខែទើបបញ្ជាក់ពីឈ្មោះរបស់វា និងបញ្ជាក់ថា ជាប្រភេទសត្វដ៏កម្រក្នុងរយៈពេលយូរទើបប្រទះឃើញម្តងក្រោយពីគេប្រទះឃើញជាលើកដំបូងកាលពីឆ្នាំ១៩៦៨ ។ លោកជូលៀន ឌូប៉ាន អ្នកជីវវិទ្យាមកពីក្រុមហ៊ុនសានតូ អាន់តូនីញ៉ូ អេន័រជី ម្ចាស់គម្រោងវារីអគ្គិសនីក្នុងទន្លេម៉ាដេរ៉ា បញ្ជាក់ថា «យើងចាប់ពស់បានសរុប៦ក្បាល ប៉ុន្តែងាប់មួយក្បាល ក្រោយមកបានលែង៣ក្បាល និងរក្សាទុកស្រាវជ្រាវចំនួន២ក្បាល ។ ទោះបីជាមានរូបរាងស្រដៀងពស់ ប៉ុន្តែពួកវាមិនមែនជាសត្វវារឬលូនធម្មតាទេ វាជាសត្វស្ថិតក្នុងត្រកូលរស់នៅទាំងលើគោកនិងទឹកដូចកង្កែប ។
សត្វប្រភេទនេះ ប្រហែលដកដង្ហើមតាមស្បែក និងស៊ីត្រីតូចៗឬដង្កូវជាចំណី ប៉ុន្តែមិនអាចបញ្ជាក់ឱ្យច្បាស់លាស់បានទេ ។ ព្រៃអាម៉ាហ្សូន ប្រៀបដូចជាជង្រុកដ៏ពិសេសពោរពេញដោយសត្វល្មូន និងសត្វរស់នៅពាក់កណ្តាលក្នុងទឹក ពាក់កណ្តាលលើគោក ដ៏ចម្លែកៗ ហើយក៏នៅមានសត្វប្រភេទជាច្រើនទៀត នឹងអាចប្រទះឃើញក្នុងពេលអនាគត ៕



ចែករំលែកព័តមាននេះ