AFP ផ្សាយថា ប៉ូលិសបារាំងក្រើនរំលឹកដល់អ្នកក្រុងប៉ារីស ត្រូវតុបតែងកាយឱ្យបានសមរម្យ បើប្រព្រឹត្តបទល្មើសត្រូវពិន័យជាប្រាក់ ឬជាប់ពន្ធនាគារ ខណៈពេលប្រជាជននៅក្នុងទីក្រុងជាច្រើននាំគ្នាដើរកម្សាន្តនៅទីសាធារណៈ និងមាត់ទន្លេសែន ក្នុងរដូវក្តៅនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សព្វផ្សាយនៅលើប្រព័ន្ធគេហទំព័រថា ប៉ូលិសក្នុងទីក្រុងប៉ារីសបានបង្កើនច្បាប់ផ្សេងៗសម្រាប់ការសម្រាកលម្ហែកាយសំដិលថ្ងៃនៅទីលានសាធារណៈក្នុងទីក្រុងប៉ារីស ដែលរៀងរាល់ឆ្នាំនៅមាត់ទន្លេត្រូវបានកែលម្អជាតំបន់ឆ្នេរខ្សាច់ និងមានកៅអីសំដិលថ្ងៃជាច្រើន ។
ប៉ូលិសឱ្យដឹងថា ទោះបីជាមានសីតុណ្ហភាពខ្ពស់ ក៏មិនអនុញ្ញាតឱ្យស្រាតត្រឹមដើមទ្រូង ឬស្លៀកពាក់សិចស៊ីក្នុងពេលសំដិលថ្ងៃនៅទីសាធារណៈទេ ។ ប្រជាជនគួរស្លៀកពាក់ឱ្យបានសមរម្យ និងសុភាពរាបសាប្រកបដោយសីលធម៌ខ្ពស់ ។
សម្រាប់អ្នកតុបតែងកាយមិនសមរម្យ នឹងត្រូវពិន័យជាប្រាក់ចំនួន៣៨អឺរ៉ូ ប៉ុន្តែក៏មានសិទ្ធិទទួលការពិន័យខ្ពស់ដល់៣,៧៥០អឺរ៉ូ និងជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ប្រសិនបើជាប់សង្ស័យទាក់ទាញឱ្យអ្នកផ្សេងមានសម្ព័ន្ធភាពផ្លូវភេទ ។
កាសែតដេលីម៉េល បានបា៉ន់ប្រមាណថា ប្រជាជនជាច្រើនម៉ឺននាក់នឹងប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនៅមាត់ទន្លេសែន ក្នុងខែសីហា ដោយក្រុងប៉ារីសបានបង្កើតឆ្នេរខ្សាច់សិប្បនិមិត្តនិងដាក់កៅអីផ្អែកនៅតាមមាត់ទន្លេ ដើម្បីទទួលភ្ញៀវទេសចរ ។
សមត្ថកិច្ចប៉ូលិសឱ្យដឹងទៀតថា «អ្នកតុបតែងកាយ ឬគ្រឿងសំអាងណាមួយដែលបង្ហាញសាច់ ឬដើមទ្រូងក្នុងន័យទាក់ទាញផ្លូវភេទ នឹងត្រូវជាប់ពន្ធនាគារ»៕
ចែករំលែកព័តមាននេះ