ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួរ​មៅ​នឹង​ស្រី​ស្អាត​ដក​កាំភ្លើង​បាញ់​ផ្អើល​ខារ៉ា​អូខេ​

13 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​​​​ ៖ បុរស​​២នាក់​​បាន​​ត្រូវ​កម្លាំង​​កង​រាជ​​អាវុធ​ហត្ថ​​ខណ្ឌ​ចំការ​មន​​ឃាត់​ខ្លួន​​​ភ្លាម​ៗ​​ បន្ទាប់​ពី​​បាញ់​​​ទម្លុះ​ជញ្ជាំង​​បន្ទប់​ខារ៉ា​អូ​ខេ​​«បុ​ប្ផា​ជាយ​​ដែ​​ន​​​»​មួយ​​គ្រាប់​​ នៅ​ចំពោះ​​មុខ​ក្រុម​​ស្រី​ស្អាត​ កាល​​ពី​វេលា​ម៉ោង​​១​និង​​៣០​នាទី​​​រំលង​អ​ធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​​៣ សី​ហា ​ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន ។​​ បុរស​ជា​អ្នក​បាញ់​​​នេះ​ឈ្មោះ​​សុខ ទិត្យ​ អាយុ​​​៣២​ឆ្នាំ ​ជា​មន្ត្រី​ប៉ូលិស​ មាន​​តួ​នាទី​​ជា​អនុ​​ប្រធាន​​ការិយា​ល័យ​​ពន្ធ​នា​គារ​ប៉េហ្ស៊ី​​ ស្នាក់​នៅ​​ផ្ទះ​លេខ​​៨៦៣​ មហា​វិថី​​ព្រះ​មុនីវង្ស​ ​​សង្កាត់​​​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌ​ចំការ​មន ។ ចំណែក​បុរស​​​ម្នាក់​​​ទៀត​ដែល​​​​ទៅ​ជាមួយ​​ឈ្មោះ​​ប្រាក់​ នាង ​អាយុ​​៣២​ឆ្នាំ ​ជា​មន្ត្រី​​នគរ​បាល​​ដែរ​​និង​​មាន​ទី​លំនៅ​​​ភូមិ​​ក្របៅ ​ឃុំ​ក្របៅ ​ស្រុក​កំចាយ​​មា​រ ​ខេត្ត​​ព្រៃ​​វែង​ ។​

​ប្រភព​ព័ត៌​​មាន​បាន​​ឱ្យ​​​ដឹង​ថា ​បុរស​ទាំង​​២​នាក់​​ខាង​លើ​​​​​ចូល​ភោជ​នីយ​ដ្ឋាននេះ​​​​តាំង​​ពី​វេលា​​​ម៉ោង​​១០​និង​​៥០​នាទី​​យប់​រហូត​​ដល់​ម៉ោងជាង​​​១​រំលង​អ​ធ្រាត្រ​ ក៏​បាញ់​១​​គ្រាប់​​ទម្លុះ​ជញ្ជាំង​​​បន្ទប់​ខា​រ៉ា​អូ​ខេ​​ ដោយ​កាំ​ភ្លើង​CZ75​​ធ្វើ​ឱ្យ​ផ្អើល​​ឆោ​ឡោ​ឡើង​​ ។ ​នៅ​ចំពោះ​​មុ​ខ​កង​រាជ​អាវុធ​​ហត្ថ​ខណ្ឌ​​ ជន​នេះ​​សារភាព​ថា រូប​គេ​ខឹង​​​​ក្រុម​​នាង​​ៗ​​នៅក្នុង​បន្ទប់​​ ទើប​បាញ់​​បែប​នេះ ។ ​ចំពោះកា​រ​បាញ់​​បោះ​​ធ្វើ​ឱ្យ​ផ្អើល​​ក្នុង​ភោជនីយ​ដ្ឋាន​​​«​បុប្ផា​​ជាយ​ដែន​»​​នេះដែរ ​ម្ចាស់​​ភោជនីយ​ដ្ឋាន​​បាន​ដាក់​ពាក្យ​​បណ្តឹង​​ទាម​ទារ​​​សំណង​​ចំនួន​១​ម៉ឺន​ដុល្លារ​ ។

បន្ទាប់​​ពី​កើត​ហេតុ​​ភ្លាម​​​ៗ ជន​​បង្ក​ត្រូវ​បាន​​កង​រាជ​អាវុធ​ហត្ថ​​ឃាត់​ខ្លួននាំ​​​យក​ទៅ​​សាក​​សួរ​​នៅបញ្ជា​ការដ្ឋាន​​​កង​រាជ​អាវុធ​​ហត្ថ​ខណ្ឌ​​ចំការ​មន ​ដើម្បី​កសាង​សំណុំ​រឿង​​បញ្ជូន​​បន្ត​ទៅ​បញ្ជា​ការ​​ដ្ឋាន​​កង​រាជ​​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ​​​​ទៀត​ ។

លោក​​វរ​សេនីយ៍​​ឯក ពូ​ ដាវី​​ មេ​បញ្ជា​ការ​​រង​​ និង​ជា​​ប្រធាន​​មន្ទីរ​​សន្តិ​សុខ​​ព័ត៌មាន​​​នៃ​​បញ្ជាការ​​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ​ ​នា​ព្រឹក​​ថ្ងៃ​ទី​​៣ ​សីហា ​បាន​ប្រគល់​​មន្ត្រី​នគរ​​បាល​​​ទាំង​​២នាក់​​ឱ្យ​ទៅ​​សាមី​​អង្គភាព​​វិញ​ ដើម្បី​​ចាត់​ការ​តាម​​នីតិ​វិធី​​​​កង​កម្លាំង​ ។​ លោក​វរ​សេនីយ៍​​ឯក ​បញ្ជាក់​​​​ថា ពួក​គេ​​ជា​មន្ត្រី​​នគ​របាល ឯ​​កង​​រាជ​អាវុធ​ហត្ថ​​មាន​ភារ​កិច្ច​​ឃាត់​ខ្លួន​​ជន​ប្រព្រឹត្ត​​បទល្មើស​ ហើយ​បើ​​ជន​នេះ​​ជា​ទា​ហាន​ ឬ​​ជន​​ប្រដាប់​​អាវុធ​​​គ្មាន​​ក្រប​ខណ្ឌ​​ ទើ​ប​អង្គ​ភាព​​កង​រាជ​អាវុធ​ហត្ថ​​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់​​ តែ​នេះ​​ពួក​គេ​​ជា​មន្ត្រី​នគរ​បាល​ ដូច្នេះ​​ត្រូវ​ប្រគល់​​ឱ្យ​ទៅ​​អង្គ​ភាព​​​គេ​វិញ ។

​ទាក់​ទិន​​​នឹ​ង​​កា​រផ្ទុះ​​អាវុធ​​​នេះ​ ​តាម​ចម្លើយ​​មន្ត្រី​នគរបាល​​ទាំង​​២​នាក់​​និយាយ​ថា ​លោក​ប្រាក់​ នាង ​ដែល​ជា​ប្រធាន​​ផ្នែក​​​កាន់​​សោ​​ពន្ធ​នា​គារ​ ​អត់​​បាន​ដឹង​​អី​ទេ​ ​ព្រោះ​​ពេល​នោះ​​គាត់​​កំពុង​ដេក​​លក់​លើ​សាឡុង​​ ដោយ​​សារ​ស្រវឹង​​ជោក​ជាំ​​ទៅ​​ហើយ​ ។ រីឯ​ចម្លើយ​​លោកសុខ  ទិត្យ វិញ​​បាន​ឱ្យ​ដឹង​​ថា​ មុន​​ពេល​ចូល​ច្រៀង​ខា​រ៉ា​អូ​ខេ​​នៅ​ហាង​«បុប្ផា​ជាយ​ដែន​»​នោះ​ ពួក​គេ​ទាំង​​២នាក់​​បាន​ទៅ​​ហូប​ចុក​​នៅ​​ផ្ទះ​​លោក​ឧកញ៉ា​ម្នាក់​ ស្រវឹង​​ខ្លះ​ទៅ​ហើយ ។ លុះ​​ពេល​​ចូល​ច្រៀង​នៅ​​​ក្នុង​បន្ទប់​​​មាន​នារី​រត់​តុ​ម្នាក់ ​និង​អ្នក​ចាក់​​ឌីស​​ម្នាក់ ឯ​​លោក​​ប្រាក់​ នាង​ ​​​បាន​​ច្រៀង​​បាន​តែ​​១​បទ​ក៏​ដេក​​លក់​លើ​សាឡុង​ទៅ ចំណែក​​ខ្លួន​នៅ​ច្រៀង​​​លេង​បន្ត ។ ​​​ពេល​អង្គុយ​​ច្រៀង​​នោះ ខ្លួន​​​សៀត​កាំ​ភ្លើង​​ខ្លីនៅ​ចង្កេះ​ ប៉ុន្តែ​​ពេល​​អង្គុយ​​យូរ​​ពេក​​​ទៅ​តឹង​​​​​​ពោះ​​​ក៏​​​ដក​កាំ​ភ្លើង​​ចេញ​​​​ក្នុង​បំណង​​ដាក់​លើ​​សាឡុង ​ហើយ​ពេល​​ដក​​ចេញ​​នោះ​ក៏​អា​ម៉េ​​យក​​គ្រាប់​​ចេញ​ ស្រាប់​តែ​​ផ្ទុះ​​គ្រាប់​តែ​ម្តង ។ លោក​​គ្មាន​ចេតនា​​ទៅ​បាញ់​​សម្លុត​​គំរាម​​អ្នក​​ណា​​ម្នាក់​ឡើយ ​ព្រោះ​សូម្បី​​ថៅ​កែ​​ហាង​ក៏​​ជា​មនុស្ស​​រាប់​អាន​​គ្នា​ដែរ ។ ​

យោង​តាម​​របាយ​ការណ៍​​​របស់​សមត្ថ​កិច្ច​​បាន​ឱ្យ​ដឹង​ថា ​រាល់​ការ​ផ្ទុះ​​អាវុធ​​កន្ល​ង​មក​​​​ ទោះ​​នៅ​ក្នុង​ហាង​ផឹក​ស៊ី​ ​ឬផ្ទះ​សំណាក់ សណ្ឋា​គារ​ក៏​ដោយ​​ គណៈ​បញ្ជា​ការ​​ឯក​ភាព​​រាជ​ធានី​ភ្នំពេញ​​តែង​តែ​​​​តម្រូវ​​ឱ្យ​​​បិទ​​ឈប់​​ធ្វើ​អាជីវ​កម្ម​​១​រយៈ ​។​ ដូច​ជា​​ករណី​ផ្ទុះ​​អាវុធ​នៅ​ហា​ង​ខារ៉ា​អូ​ខេ​​«​បុប្ផា​ជាយ​ដែន​»​កាល​ពី​វេលា​​ម៉ោង​១​និង​​៣៥​នាទី​​រំលង​អ​ធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​​៣ សី​ហា ​នោះ​ ហាង​នេះ​​ក៏​ត្រូវ​ប្រឈម​​នឹង​ការ​បិទ​​ទ្វារ​​​​​ ផ្អាកធ្វើ​អាជីវ​កម្ម​​មួយ​រយៈ​​ដែរ ។ ​កា​រអះ​អាង​​បែប​នេះ​​ ព្រោះ​​ដោយ​សារ​តែ​​ម្ចាស់​​​អាជី​វ​​កម្ម​​បណ្តែត​បណ្តោយ​​ឱ្យ​អ្នក​ប្រើ​ប្រាស់​​អាវុធ​​យក​អាវុធ​ចូល​​កន្លែង​ផឹក​ស៊ី​ ដែល​​ច្បាប់​​ហាម​ឃាត់ ៕​​