ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ព្រោះតែមានគំនុំជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដែលចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន ហើយនាំយកទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ពេលចេញមកវិញបានវាយទៅលើនគរបាលប៉ុស្តិ៍ចំនួន៤ដៃ ដើម្បីបំបាត់កំហឹងរបស់ខ្លួន ខណៈពេលនគរបាលរូបនោះ កំពុងធ្វើដំណើរទៅផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវជននេះធ្វើសកម្មភាពស្ទាក់វាយតាមផ្លូវ លើកនេះ មិនបានចូលទៅក្នុងមណ្ឌលទៀតទេគឺចូលក្នុងគុក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២ សីហា ២០១២ នៅចំណុចចម្ងាយពីរង្វង់មូល៥០ម៉ែត្រ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាលស្រុកមង្គលបុរី បានឲ្យដឹងថា ជនដែលវាយទៅលើសមត្ថកិច្ចនេះឈ្មោះទូច បូរី ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ជននេះបានធ្វើសកម្មភាពស្ទាក់ផ្លូវវាយទៅលើឈ្មោះគឹម ប៊ុនថន ភេទប្រុស អាយុ៤៧ឆ្នាំ ជានាយរងនគរបាលប៉ុស្តិ៍ រដ្ឋបាលរហាត់ទឹក ត្រូវចំនួន៤ដៃ ខណៈពេលនគរបាលរូបនេះ ចុះទៅបំពេញភារកិច្ចផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពតាមមូលដ្ឋាន។
ក្រោយពីវាយរួច ជនដៃដល់រូបនេះត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនដោយចោទប្រកាន់ពីបទប្រើហិង្សាទៅលើ សមត្ថកិច្ចពេលចុះប្រតិបត្តិការ ហើយការឃាត់ខ្លួន និងបញ្ជូនទៅមណ្ឌលនេះ ក៏មានការឯកភាពពីម្តាយរបស់គេដែរ ព្រោះតែជននេះពេលដែលប្រើប្រាស់គ្រឿងញៀនតែងតែបង្កការអុកឡុកដល់អ្នកផ្ទះ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ