ខេត្តប៉ៃលិន ៖ ពីរនាក់ប្តីប្រពន្ធត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរគ្នាយ៉ាងអាណោចអាធ័ម និងគួរឱ្យភ្ញាក់ផ្អើលបំផុតនៅក្នុងចម្ការពោតមួយកន្លែង ដោយជនមិនស្គាល់អត្តសញ្ញាណ ដែលមានគ្នាយ៉ាងតិច៥នាក់ព្រួតកាប់និងវាយសម្លាប់ ដែលគេបានឃើញសព កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី២ សីហា នៅចំណុចក្បាលឡាន ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
តាមប្រភពព័ត៌មានបានឱ្យកោះសន្តិភាពដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធនេះ ប្តីឈ្មោះរដ្ឋ មី អាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះគង់ ហួរ អាយុ៣៩ឆ្នាំ ។ ពួកគេមានស្រុកកំណើតនៅភូមិបឹង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ បានមកសុំរោងចាំចម្ការស្នាក់នៅធ្វើការ ស្ថិតនៅ ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ។ ប្រភពព័ត៌មានដដែលបានបន្តឱ្យដឹងទៀតថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធរូបនេះ ត្រូវជនមិនស្គាល់អត្តសញ្ញាណមានគ្នាយ៉ាងតិច៥នាក់ កាប់សម្លាប់ ដោយកាប់នឹងកាំបិតខ្វែវដងវែងមួយ ព្រមទាំងវាយនឹងដំបងប្រវែងជាងកន្លះម៉ែត្រចំនួន៥ដើម បណ្តាលឱ្យត្រូវរបួសសុះពេញខ្លួន ។ មានការសន្និដ្ឋានថា ក្រុមជនដៃដល់បាននាំគ្នាមកសម្លាប់នៅពេល២នាក់ប្តីប្រពន្ធកំពុងតែដេកក្នុងខ្ទមចាំចម្ការនៅពេលយប់មិនដឹងខ្លួន ទើបបានជាគ្មាននរណាម្នាក់អាចរត់គេចខ្លួនពីមរណៈ ។
លោកឆម វ៉ាន់ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា តាមការពិនិត្យមើលសាកសពឃើញប្តីដេកស្លាប់នៅខាងលិចឈៀងខាងជើងរោងចាំចម្ការ មានចម្ងាយពីរោងប្រហែល៣០ម៉ែត្រ ។ ចំណែកសពប្រពន្ធវិញ បានដេកស្លាប់នៅខាងលិចរោងចម្ងាយជាង៥០ម៉ែត្រ ។ លោកបានបន្តថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាជំហានដំបូងនេះបានឱ្យដឹងថា ជនដៃដល់អាចមានគ្នាយ៉ាងតិចពី៤ទៅ៥នាក់ ព្រោះបើពិនិត្យកន្លែងកើតហេតុ សង្កេតឃើញមានកាំបិតខ្វែវដងវែងមួយដើម និងដំបងឈើប្រវែងជាងកន្លះម៉ែត្រចំនួន៥កំណាត់ទៀតនៅរាយប៉ាយក្បែរសពទាំង២នាក់ ។
លោកបានបញ្ជាក់ថា នេះប្រហែលជាជនរងគ្រោះកំពុងតែដេកលង់លក់ ទើបបណ្តាលឱ្យជនល្មើសលបវាយប្រហារបានយ៉ាងស្រួល ហើយម៉្យាងទៀតបើទោះជាពួកគេដឹងខ្លួនទាន់ក៏មិនអាចស្រែកឱ្យនរណាម្នាក់មកជួយបានដែរ ព្រោះរោងចាំ ចម្ការដែលពួកគេស្នាក់នៅឆ្ងាយដាច់ស្រយាលពីរោងអ្នកផ្សេងទៀត ទើបបានជាគ្មានអ្នកណាម្នាក់ដឹងពីហេតុការណ៍ដ៏គួរឱ្យតក់ស្លុត ដែលបានកើតឡើងនេះ ។
ប្រភពដដែលបានបន្តទៀតថា ទាក់ទិនទៅនឹងករណីមនុស្សឃាតខាងលើនេះ សមត្ថកិច្ចនគរបាលកំពុងតែខិតខំស៊ើបអង្កេត និងធ្វើការស្រាវជ្រាវ ដើម្បីវែកមុខក្រុមជនដៃដល់ឱ្យឃើញ និងចាប់យកមកផ្តន្ទាទោសតាមច្បាប់ ។ ចំណែកមូលហេតុច្បាស់លាស់នៃអំពើឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបែបណានៅឡើយទេ ។ ការសម្លាប់នេះ គឺជាការរៀបគម្រោងជាមុន ដោយមនុស្សច្រើននាក់ តែអ្វីដែលធ្វើឱ្យចាប់អារម្មណ៍នោះ គឺថាតើការសម្លាប់នេះមកពីមូលហេតុអ្វី គឺបានត្រឹមតែនិយាយថា អាចជារឿងគំនុំ ។
លោកស្រី សាមី មេភូមិភ្នំស្ពង់បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដែលស្លាប់យ៉ាងអាណោចអាធ័មនេះ ទើបតែមកពីខេត្តព្រះវិហារបានប្រហែលជា១ខែប៉ុណ្ណោះ ពួកគេមិនមែនជាអ្នករស់នៅក្នុងភូមិរបស់លោកទេ គឺពួកគេជាជនចំណាកស្រុកមកសុំស្នាក់នៅបណ្តោះអាសន្នក្នុងរោងចាំចម្ការរបស់លោកប៉ា នួនហេង ដើម្បីសុំធ្វើជាកម្មករដាំពោត និងដំឡូងមីនៅក្នុងចម្ការរបស់គាត់ និងចម្ការអ្នកដទៃទៀតដែលនៅក្បែរៗនោះដែរ ។ បើសិនជាមានគំនុំនោះរយៈពេល១ខែវាហាក់ដូចជាតិចពេកដែលប្តីប្រពន្ធនេះមកបង្កបញ្ហានៅក្នុងភូមិនេះ ។
លោកប៉ា នួនហេង ជាម្ចាស់ចម្ការបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានមកសុំរោងក្នុងចម្ការគាត់ស្នាក់នៅ ដោយពួកគេមករស់នៅបានប្រហែលជា១ខែមកហើយ ដើម្បីស៊ីឈ្នួលធ្វើជាកម្មករ ។ លោកបានបន្តទៀតថា នៅព្រឹកថ្ងៃទី២ សីហា នេះ លោកបានប្រើកម្មករឱ្យរៀបចំថ្នាំស្មៅ ដើម្បីយកទៅបាញ់ក្នុងចម្ការពោតដែលជនរងគ្រោះទាំង២នាក់កំពុងតែស្នាក់នៅ ។ លុះពេលកូនគាត់នាំកម្មករទៅដល់ចម្ការ ស្រាប់តែឃើញសាកសព២នាក់ប្តីប្រពន្ធដេកស្លាប់នៅក្នុងចម្ការពោតតែម្តង ទើបធ្វើឱ្យភ្ញាក់ផ្អើលឆោឡោប្តឹងទៅប៉ូលិសឱ្យចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ ។
ពេលនេះសាកសពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដោយមិនឃើញមានកូនចៅ ឬបងប្អូន និងសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ទើបលោកមេភូមិ និងម្ចាស់ចម្ការជួយធ្វើបុណ្យយកមកបូជានៅវត្តរតនសោភ័ណហៅវត្តកោងកាង ៕



ចែករំលែកព័តមាននេះ