រាជធានីភ្នំពេញ ៖ លោកលុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានលើកឡើងថា ក្តីកង្វល់សម្រាប់រាជធានីភ្នំពេញ ចំពោះបញ្ជីឈ្មោះអ្នកបោះឆ្នោតចេះតែប៉ោងឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយគ្រាន់តែករណីស្ទួនមួយមុខ សម្រាប់ឆ្នាំនេះ គឺមានចំនួនរហូតដល់ទៅ៥៧.៩៤៦នាក់។ លោកលុន ឆេងកៃ លើកឡើងបែបនេះ នៅក្នុងពិធីប្រជុំផ្សព្វផ្សាយស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោតប្រចាំឆ្នាំ២០១២ នាព្រឹកថ្ងៃទី៣ សីហា ២០១២ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកអឹុម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញជាច្រើនរូបទៀត។
លោកលុន ឆេងកៃ បានឲ្យដឹងទៀតថា នៅក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំកន្លងមក ការផ្សព្វផ្សាយស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតគឺអនុវត្តតាមយន្តការនៃការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ ការចងបដាតាមទីសាធារណៈ ការបិទផ្សាយនូវខិត្តប័ណ្ណ ឬប័ណ្ណប្រកាស និងតាមរយៈកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ជាមួយអ្នកដែលត្រូវប្រតិបត្តិរួមមានក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងៗ មានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលសង្កេតការណ៍បោះឆ្នោត ។
ដោយឡែកចំពោះការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១២ នេះជាឆ្នាំសម្រាប់ត្រៀមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ឆ្នាំ២០១៣ និងតាមរយៈលទ្ធផលនៃសន្និបាតបូកសរុបការងារបោះឆ្នោតទូទាំងប្រទេស គ.ជ.ប នឹងងខិតខំបន្ថែមទៀត ក្នុងការពង្រឹងគុណភាព និងសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោតតាមរយៈការដាក់ចេញនូវកម្មវិធីថ្ងៃនេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ