ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវ​នាវ​ដល់​មាតា​បិតា​និង​អ្នក​អាណា​ព្យា​បាល​កុមារ​ប្រុង​ប្រយ័ត្ន​ពី​ជំងឺ​គ្រុន​ឈាម​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បើទោះ​បី​ជា​ស្ថាន​ភាព​នៃ​ជំងឺ​គ្រុន​ឈាម​​មាន​ការ​​ថយ​ចុះ​​ ប៉ុន្តែ​​មជ្ឈ​មណ្ឌល​​ជាតិប្រយុទ្ធ​​នឹង​ជំងឺ​គ្រុន​ចាញ់​​ ប៉ារ៉ា​​ស៊ីត​​សាស្ត្រ និង​​​បាណកសាស្ត្រ​ នៃក្រសួង​​សុខា​ភិបាល ​​នៅ​តែ​​អំពាវ​នាវ​​ដល់​មាតា​បិតា​​ អាណា​ព្យាបាល​​​ទាំង​អស់​ ឱ្យ​​មានការ​ប្រុង​ប្រយ័ត្ន​​​​ ព្រោះ​តាម​ការ​​សង្កេត​​បទ​ពិសោធន៍​​កន្លងមក​​ លុះ​ត្រា​តែ​​ដល់​សប្តាហ៍​​ទី​​៣០-៣១​ នៃ​ឆ្នាំ​នីមួយ​ៗ​ទើប​ករណី​ជំងឺ​គ្រុន​​​ឈាម​ចាប់​ផ្តើម​ថយ​ចុះ​មែន​ទែន ។ មូល​ហេតុ​​នាំ​ឱ្យ​មាន​​ការ​អំពាវ​នាវ​​ដូច្នេះ​​ដោយសារ​តែ​​​មូស​នៅ​​តែ​មាន​​ចំនួន​ច្រើ​​ន​​​ជាង​ឆ្នាំ​​ ២០០៧​ ដែល​ជា​​ឆ្នាំ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​​មាន​អត្រា​ខ្ពស់​ ។

លោក​ ច​ ម៉េ​ង​ចួរ​ នាយក​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​​​នឹង​ជំងឺ​​គ្រុន​ចាញ់​​​ ប៉ារ៉ា​ស៊ីត​​សាស្ត្រ​​ និង​បាណក​សាស្ត្រ​ បាន​បញ្ជាក់​ឡើង​វិញ​ថា​  ក្នុង​សប្តាហ៍​ទី​​​២៩​ ឆ្នាំ​២០១២​​នេះ​ ករណី​គ្រុន​ឈាម​ចូល​សម្រាក​ព្យាបាល​​​នៅ​សេវា​​សាធារណៈ​​មាន​ចំនួន​​​១៩​.៨៨៦​​​នាក់​ ក្នុង​នោះ​ស្លាប់​​​៧១​នាក់​​ ប្រៀប​ធៀប​​​​រយៈ​ពេល​ដូច​​​គ្នា​ក្នុង​ឆ្នាំ​​២០១១​ កើន​​២១៩​​ភាគ​រយ​ ។ ប៉ុន្តែ​​កំណើន​នេះ​មិន​ខ្លាំង​​​ដូច​សប្តាហ៍​ទី​១៩​ នៃ​ឆ្នាំ​​២០១១-២០១២​​ទេ​ ហើយ​កាន់​តែ​​​​ទាប​ថែម​ទៀត​​​បើប្រៀប​ធៀបនឹង​​​ឆ្នាំ​២០០៧​ ។ លោក​បន្ត​​ថា​ ខេត្ត​ដែល​មាន​​អត្រា​ជំងឺ​​ខ្ពស់​ជាង​គេ​គឺ​​​ ឧត្តរ​មានជ័យ​​​ បន្ទាយ​មាន​ជ័យ​​​ សៀមរាប​ កំពង់​ស្ពឺ​ កណ្តាល កំពង់​ធំ​ ព្រៃវែង​ ។ ដោយឡែក​​​ ខេត្ត​ក្រចេះ​​​ ពោធិ៍សាត់​ ​មណ្ឌល​​គិរី ស្ទឹងត្រែង​​ រតនគិរី​​ កែប​ ពុំមាន​​ករណី​ជំងឺ​គ្រុន​ឈាម​​ទេ ។

យ៉ាង​ណា​​ក៏​ដោយ​ លោ​ក​​ ច​ ម៉េង​​ចួរ បាន​អំពាវ​នាវ​​ជាថ្មី​ម្ត​ង​ទៀត​​ ដល់​មាតា​បិតា​​ អាណា​ព្យាបាល​​ទាំងអស់​​ បន្តការ​ប្រុង​ប្រយ័ត្ន​​ព្រោះ​រយៈ​​ពេល​នៃការ​​​ចម្លង​​ជំងឺ​គ្រុន​ឈាម​​មិនទាន់​​​​បញ្ចប់​​​នៅ​ឡើយ​ទេ​ ។ លោក​ថ្លែង​ថា​ បច្ចុប្បន្ន​​​នេះ​ចំនួន​​​ដង្កូវ​ទឹក​​​ជិត​ដុះស្លាប​ហើយ​មាន​​៣ក្បាល​​សម្រាប់​ប្រជា​ជន​​ម្នាក់​ ខណៈ​​ដែល​​សន្ទស្ស​ន៍​សុវត្ថិភាព​​កំណត់​​ដោយ​អង្គការ​​សុខ​ភាព​​​ពិភព​លោក​​​មិន​ឱ្យ​លើស​​ពីមួយក្បាល​​សម្រាប់​មនុស្ស​​ម្នាក់​ ។ ទន្ទឹម​​​នោះ​ លោក​នាយក​​​មជ្ឈមណ្ឌល​បាន​ផ្ញើសារ​​ជាគន្លឹះ​​សម្រាប់​មាតា​បិតា​​​ និង​អាណាព្យាបាល​​​ទាំង​អស់​ថា​​ ការ​កម្ចាត់​​ដង្កូវ​ទឹក​​​​​​ជាកាតព្វ​កិច្ច​​​​របស់​គ្រួសារ​ និង​សហគមន៍​​ហើយ​ពុំមាន​​ប្រទេស​​ណាមួយ​ចំណាយ​បុគ្គលិក​​ចុះ​សម្អាត​​តាម​ផ្ទះ​​ប្រជាជន​​នោះ​ទេ ប៉ុន្តែ​​បើ​មាន​​ចុះ​តាម​ផ្ទះ​​នោះ​គឺ​​គេ​ផាក​ពិន័យ​​​​ប្រសិនបើ​​​មាន​ដង្កូវ​​ទឹក​​​ ។ ចំណែក​​រដ្ឋមាន​​កាតព្វកិច្ច​​​ផ្តល់​ព័ត៌​មាន​​​​ត្រឹមត្រូវ​​​ជូនប្រជា​ជន​ ។ គ្រុន​ឈាម​​មិន​អាច​ព្យាបាល​​តាម​ផ្ទះ​ឬតាម​ភូមិ​​​ដូច​ជំងឺ​គ្រុន​ចាញ់​ទេ​ ហេតុ​​​នេះ​​មាតា​បិតា​​ និង​អាណា​ព្យាបាល​​មាន​កាតព្វ​​កិច្ច​​​បញ្ជូន​កុមារ​​សង្ស័យ​ទៅ​មន្ទីរពេទ្យ​​​ ទោះ​ជាគ្រូពេទ្យ​​​ឯក​ទេស​​ចូលក្នុង​ផ្ទះ​ប្រជាជន​​ក៏​គង់​តែ​បញ្ជូន​កុមារ​គ្រុន​ឈាម​​មក​មន្ទីរពេទ្យ​ដែរ។

ការ​ចូល​រួម​​​ដាក់​ថ្នាំ​អាបែត​ ជាផ្នែក​មួយ​​ការ​ពារ​មិន​ឱ្យ​​មាន​ដង្កូវ​ទឹក​​ក្នុង​ពាង​​ ប៉ុន្តែ​មិន​ការ​ពារ​ដង្កូវ​ទឹក​​ដែល​ដក់​ក្រៅ​ពាង​ដូចជា​សំបក​កំប៉ុង សំបក​ដូង​ កង់​រថយន្ត​ ទឹក​ថ្លុក ភក់​ជ្រាំ​​នោះទេ ។ មាតា​បិតា​​ និង​អាណាព្យាបាល​​​ត្រូវ​ស្លៀក​ពាក់​​​ខោអាវ​ដៃវែង​​ដល់​កុមារ​​​​ពេល​​វារត់​លេង​ ។ ចំពោះ​​ការ​គេង​យប់​​ឬថ្ងៃគឺ​ត្រូ​វ​ឱ្យ​​​គេង​ក្នុង​មុង​​ជាចាំបាច់​ ៕