ខេត្តកណ្តាល ៖ មន្រ្តីប៉ូលិសមួយរូបនិយាយថា មានជនអន្ធពាលមិនស្គាល់មុខ បានធ្វើការអុកឡុកប្រព័ន្ធវិទ្យុទាក់ទងកាណាល់វ៉េ(v)របស់ប៉ូលិស នៃអធិការដ្ឋានស្រុកអង្គស្នួលរយៈពេល២ទៅ៣ថ្ងៃកន្លងមកហើយ ដែលធ្វើឱ្យប៉ូលិសលំបាកក្នុងទំនាក់ទំនងការងារផ្សេងៗយ៉ាងខ្លាំង ។
មន្រ្តីប៉ូលិសដដែលបានបន្តថា នៅថ្ងៃទី១ទី២និងទី៣ សីហា មានក្រុមជនខិលខូចបានចុចផ្តាច់ចោលមិនឱ្យប៉ូលិសទាក់ទងគ្នាបាន និងចាក់បទចម្រៀងនៅក្នុងវិទ្យុទាក់ទងនោះលាន់ឮកងរំពង គឺជននោះមានបំណង និងចេតនាមួយរំខានយ៉ាងខ្លាំងដល់ការងាររបស់ប៉ូលិស ដែលពុំដឹងថា គេមានគំនុំអ្វីជាមួយនឹងប៉ូលិសនោះឡើយ ទើបបង្កការអុកឡុកបែបនេះ ។ ម្យ៉ាងទៀត វិទ្យុទាក់ទងដែលជននោះប្រើក្នុងការអុកឡុកនោះមានកម្លាំងខ្លាំងអាចផ្តាច់វិទ្យុទាក់ទងរបស់ប៉ូលិសបានយ៉ាងងាយបំផុត ។ ជាងនេះទៅទៀត បើតាមការសន្និដ្ឋាន គឺជននោះប្រហែលជាស្ថិតនៅជិតៗនោះទៀតផង និងបានស្គាល់លេខវិទ្យុទាក់ទងរបស់ប៉ូលិសច្បាស់ផងដែរ ។
ប្រភពដដែលបានបន្តទៀតថា មន្រ្តីប៉ូលិសទាំងអស់រួមជាមួយមន្រ្តីសាលាស្រុក និងមន្រ្តីឃុំផង មានការខឹងសម្បាជនអន្ធពាលនោះណាស់ ព្រោះប្រព័ន្ធវិទ្យុទាក់ទងខាងលើមិនមែនប្រើតែប៉ូលិសទេ គឺប្រើទាំងមន្រ្តីសាលាស្រុក ផងដែរ ក្នុងទំនាក់ទំនងការងារផ្សេងៗប្រចាំថ្ងៃ ។ ជាមួយនេះ ទោះបីជាមានការរិះគន់ពីសំណាក់អ្នកប្រើប្រាស់វិទ្យុទាក់ទងនោះបែបណាក្តី ក៏ជនអន្ធពាលនោះនៅតែបន្តការអុកឡុក ដោយគ្មានឈឺក្បាលវិលមុខអ្វីទាំងអស់ ហើយពេលនេះប៉ូលិសកំពុងធ្វើការស្រាវជ្រាវ ដើម្បីវែកមុខជននោះ ។
ដោយឡែកប្រភពផ្សេងមួយទៀតនិយាយថា អ្នកអុកឡុកខាងលើពុំមែនសុទ្ធតែអ្នកក្រៅនោះទេជួនកាលក៏អាចមានអ្នកណាម្នាក់នៅ ក្នុងនោះមានគំនិតអាក្រក់ចង់លេងសើចក៏ថាបានដែរ ៕
ចែករំលែកព័តមាននេះ