ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​​២​នាក់​ជា​កម្ម​ករ​ស៊ីឈ្នួល​​ជីក​អណ្តូង​ស្នប់​​ត្រូវក្មេង​​ទំនើង​ដេញ​វាយ​

13 ឆ្នាំ មុន

ខេត្ត​​ប៉ៃលិន​ ៖ យុវជន២នាក់ទៅមើល​គេ​រាំ​លេង​កម្សាន្តសប្បាយក្នុងពិធីបុណ្យព្រះសង្ឃចូល​ព្រះវស្សានៅ​ក្នុងវត្តសាមគ្គីសេរីសំរិទ្ធិ ហៅវត្ត​សាលា​ក្រៅ លុះចប់កម្មវិធីត្រឡប់មកកន្លែងវិញ ត្រូវក្រុមក្មេងទំនើងដេញវាយ បណ្តាលឱ្យរង​របួសស្រាលម្នាក់ និងធ្ងន់ម្នាក់ ត្រូវបានអ្នក​ជិត​ខាង​ឃើញនាំគ្នា​រត់ទៅជួយ ហើយ​ដឹកយក​ទៅ​​ព្យា​បាល​នៅមន្ទីរពេទ្យឯកជនមួយ​នៅក្បែរ​កន្លែង​​កើត​​ហេតុ តែដោយម្នាក់ទៀតរបួស​ធ្ងន់​ត្រូវបាន​គេ​បញ្ជូនបន្ត​​ទៅ​កាន់​មន្ទីរពេទ្យបង្អែក​ខេត្ត។

ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង​១១​និង៣០នាទីយប់​ថ្ងៃទី២ សីហា ២០១២ ​ត្រង់ចំណុចបរិវេណសាលា​បឋម​សិក្សាសាលា​ក្រៅ ស្ថិត​ក្នុងភូមិអូរអណ្តូង ឃុំសាលាក្រៅ ស្រុក​សាលាក្រៅ។ ប្រភព​ព័ត៌​មាន​បានឱ្យដឹងថា នៅមុនពេលកើតហេតុមាន​យុវជន២នាក់ ជាកម្មករស៊ីឈ្នួល​ដើរ​ជីកអណ្តូង ស្នប់តាម​ភូមិ​ឱ្យ​ថៅកែម្នាក់ បានមកជីកអណ្តូង​នៅ​ស្រុកសាលា​ក្រៅជាយូរថ្ងៃមកហើយ។ យុវ​ជន​រង​គ្រោះ​​ទី១-ឈ្មោះ​ទឹម សំណាង ហៅ​ចំរើន អាយុ២០ឆ្នាំ ត្រូវ​ក្មេងទំនើងវាយចំក្បាល​ផ្នែក​ខាងមុខបែកដេរ​នៅម​ន្ទីរពេទ្យឯក​ជនអស់​៤​ថ្នេរ ចំណែកជនរង​គ្រោះ ទី២-ឈ្មោះ​ប្រុស ឈឿន អាយុ​១​៨ឆ្នាំ រង​របួសធ្ងន់ត្រូវ​គុម្ពត្រចៀក​ខាងឆ្វេង និង​បែក​ក្បាលត្រូវបានគេ​​បញ្ជូន​​ទៅ កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តដេរអស់១៤ថ្នេរ ទាំង២នាក់ជាកម្ម​ករ​ស៊ីឈ្នួល​ជីកអណ្តូងស្នប់​ឱ្យគេ​មាន​ស្រុក​កំណើត​​រស់នៅជាមួយគ្នា ស្ថិត​ក្នុងភូមិ​ភ្នំរន្ទះ ឃុំអង្គ​ប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

ប្រភពបន្តទៀតថា នៅថ្ងៃកើតហេតុ​ក្នុងវត្ត​សាមគ្គីសេរីសំរិទ្ធិ ហៅវត្តសាលាក្រៅមាន​ពិធី​ព្រះ​សង្ឃចូល ព្រះវស្សា និងមានការរាំកម្សាន្ត​សប្បាយទាំង​យុវជន នារី និងចាស់ៗជាច្រើន​នាក់។ ពេលនោះគេឃើញយុវជន​ជាកម្មករស៊ី​ឈ្នួល​ជីកអណ្តូងក៏ទៅចូលរួមមើល​ការលេងរាំ​កម្សន្ត​នេះដែរ រហូតដល់ យប់​ថ្ងៃ ខាងលើ​ កម្ម​វិធីក៏បានចប់សព្វគ្រប់ រួចយុវជនរង​គ្រោះ​ទាំង​២​នាក់នេះបានដើរ​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ លុះដើរបានមួយសន្ទុះ ស្រាប់តែមាន​ក្រុម​ក្មេង​ទំនើងជាង១០នាក់បានដើរតាមពីក្រោយ ដោយ​អ្នកខ្លះកាន់ដំបង អ្នកខ្លះទៀតកាន់ដុំថ្មនៅ នឹងដៃដេញគប់និងវាយយុវជនទាំង២នាក់នេះ​តែ​ម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕