រាជធានីភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជានាល្ងាចថ្ងៃទី២ សីហា ឆ្នាំ២០១២ បានប្រារព្ធពិធីអបអរបុណ្យរ៉ាម៉ាដន ដែលជាបុណ្យប្រពៃណីរបស់សាសនាឥស្លាមជូនដល់សាសនិកមូស្លីមកម្ពុជាជាច្រើនអ្នក ដើម្បីបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់អាមេរិកជាមួយសាសនិកជនអ៊ិស្លាមកម្ពុជា។ ពិធីនោះក៏បង្ហាញផងដែរ នូវភាពមិនរើសអើងចំពោះសាសនារបស់រដ្ឋាភិបាលអាមេរិក ។
ការផ្តល់អាហារស្រាយបួសនោះបានប្រារព្ធឡើងក្នុងបរិវេណស្ថានទូតអាមេរិកនារាជធានីភ្នំពេញក្រោមអធិបតីភាពលោក William E. Todd ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក Zakaryya Adam សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការនិងកិច្ចការសាសនា និងអ្នកស្រីហ្វារាដ ផានឌីត តំណាងពិសេសរបស់លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា ទទួលបន្ទុកខាងសាសនាអ៊ិស្លាមនៅក្នុងកម្ពុជា ព្រមទាំងបងប្អូនសាសនិកអ៊ិស្លាមជាច្រើនទៀត។
លោក William E.Todd បានមានប្រសាសន៍ថា កម្មវិធីនេះគឺជារូបមន្តមួយដ៏អស្ចារ្យ ដែលបង្ហាញនូវភាពស្និទ្ធស្នាលរបស់អាមេរិកជាមួយនឹងបងប្អូនខ្មែរអ៊ិស្លាម។ លោកបញ្ជាក់ថា សេរីភាពសាសនា គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនានា ដែលនាំឲ្យសហរដ្ឋអាមេរិកលេចចេញជារូបរាងឡើង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ