អ្នកទទួលខុសត្រូវម្នាក់នៃកងកម្លាំងសន្តិសុខហ្វ៊ីលីពីនថ្លែងកាលពីថ្ងៃទី៣ សីហា ថាមេបញ្ជាការប៉ូលិសក្រុងម្នាក់និងភ្នាក់ងារប៉ូលិស២នាក់ ព្រមទាំងជនស៊ីវិលម្នាក់ស្លាប់ហើយមនុស្ស៥នាក់ទៀតត្រូវរបួសកាលពីថ្ងៃទី២ សីហា ក្នុងការពួនស្ទាក់វាយប្រហារមួយក្នុងខេត្តស៊ូលូភាគខាងត្បូងហ្វ៊ីលីពីន ។
ការពួនស្ទាក់វាយប្រហារនេះកើតមាននាវេលារសៀលថ្ងៃទី២សីហាខណៈកងកម្លាំងប៉ូលិសមូលដ្ឋាននិងកងកម្លាំងប៉ូលិសពិសេសព្រមទាំងកងកម្លាំងប៉ូលិសវាយលុកអមការពារក្បួនរថយន្តមួយហែហមអភិបាលក្រុងអូម៉ារ លោកហ្វៀហាណា ម៉ូណាម៉ាដ និងជនស៊ីវិលជាច្រើននាក់ទៀត ។
អ្នកទទួលខុសត្រូវប៉ូលិសខេត្តស៊ូលូម្នាក់លោកអានតូនីញ៉ូ ហ្វ្រេយ៉ា ថ្លែងថា ជនប្រដាប់អាវុធក្នុងចំនួនច្រើនបានវាយប្រហារក្បួនរថយន្តនេះនាវេលាម៉ោង១៤និង៣០នាទីនៅប៉ារ៉ានហ្គាយ ឡាហ៊ីញ-ឡាហ៊ីញ ជិតទីក្រុងអូម៉ារ ដោយសម្លាប់សមាជិកកងកម្លាំងប៉ូលិសពិសេស២នាក់នៅនឹងកន្លែងហើយភ្នាក់ងារប៉ូលិស៧នាក់ទៀត ត្រូវរបួសក្នុងនោះរួមទាំងលោកណាស៊ីរូដឌីន ហ្សៃឡានី ប្រមុខប៉ូលិសក្រុងផង ។ កងកម្លាំងការពារក្បួនរថយន្តនេះបានវាយប្រហារទប់ទល់វិញទៅលើពួកវាយប្រហារ ។ បណ្តាអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក៏ប៉ុន្តែមេបញ្ជាការប៉ូលិសលោកហ្សៃឡានី និងជនស៊ីវិលម្នាក់បានស្លាប់ក្រោយមកដោយសាររបួសធ្ងន់ធ្ងរពេក ។
ប៉ូលិសកំពុងតែស៊ើបអង្កេតលើអត្តសញ្ញាណរបស់ក្រុមវាយប្រហារ ហើយសន្និដ្ឋានជំហានដំបូងថាឧប្បត្តិហេតុនេះអាចទាក់ទិនដល់រឿងនយោបាយដោយការពួនស្ទាក់នោះហាក់ដូចជាសំដៅប្រឆាំងអភិបាលក្រុង ៕
ចែករំលែកព័តមាននេះ