ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍

15 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ក្រុម​ប្រឹក្សា​ខណ្ឌទួល​គោក​អាណត្តិ​ទី១ កាលពីព្រឹកថ្ងៃទី១៨ មីនា បានបើក​កិច្ច​ប្រជុំ​វិសាមញ្ញ​លើកទី១របស់ខ្លួន​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​ផែន​ការ​អភិវឌ្ឍន៍ខណ្ឌ​ទួលគោករយៈ​​ពេល៥ឆ្នាំ ​ចាប់ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ។ លោកម៉ែន សិរី​​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួល​គោក​ឱ្យ​ដឹង​ថា ការ​ជួបប្រជុំ​វិសាមញ្ញ​លើក​ទី១ នៅពេលនេះ ដើម្បី​ពិភាក្សា​ និង​អនុ​ម័ត​​​របៀប​វារៈ​​ចំនួន២ គឺ​របៀប​វារៈទី១ ​ពិភាក្សា​ និង​អនុ​ម័ត​សេចក្តីព្រាង​គោលការណ៍​​ណែ​នាំ​​គោលនយោ​បាយ​សម្រាប់​កសាង ​ផែន​ការ​អភិវឌ្ឍន៍​ខណ្ឌ និង​កម្ម​វិធី​​វិនិយោគ​៣​ឆ្នាំ ​រំកិល​របស់ខណ្ឌ​ទួលគោក និង​របៀប​វារៈទី​២ សេចក្តី​ថ្លែងហេតុ​ និង​បទ​បង្ហាញ​អំពីសេចក្តីព្រាង​ផែន​ការ​អភិវឌ្ឍន៍​ខណ្ឌ និងការ​ពិភាក្សា​ និងអនុម័ត​សេចក្តីព្រាង​ផែន​ការ​អភិ​វឌ្ឍន៍ខណ្ឌ​ទួលគោក​ ។

លោក​សេង រតនៈ ជំនួយ​ការសម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន និង​ជាអភិ​បាល​ខណ្ឌ​ទួលគោក បាន​អាន​សេចក្តីថ្លែង​​ហេតុ​ និងបទ​បង្ហាញ​អំពី​សេចក្តីព្រាង​ផែន​ការ​អភិវឌ្ឍន៍​ខណ្ឌទួលគោក​រយៈពេល​៥ឆ្នាំ​ឱ្យ​ដឹង​ថា ​ផែនការ​អភិវឌ្ឍន៍​ខណ្ឌ​ដែលបានរៀបចំឡើង​នេះ​ គឺដើម្បី​កំណត់​ចក្ខុវិស័យ ​គោលដៅ​ គោល​​បំណង​សូច​នាករ​ និងយុទ្ធសាស្ត្រ​ ដើម្បី​តម្រង់​ទិស​រដ្ឋបាល​ខណ្ឌ​ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​សំដៅ​​រួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ និងសុខុមាល​ភាព​ជូនប្រជា​ជន​នៅមូលដ្ឋាន​ និង​ក៏​ជា​មូល​ដ្ឋាន​ដ៏​សំខាន់​ក្នុងការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​​អំពី​ការ​អភិវឌ្ឍន៍​ខណ្ឌ ។ ​ការរៀបចំ​កម្ម​វិធី​វិនិយោគ​៣​ឆ្នាំ​រំកិល ​ក្រប​ខណ្ឌ​​ចំណាយ​រយៈ​ពេល​មធ្យម និងថវិកា​ប្រចាំ​ឆ្នាំរបស់ខណ្ឌ ។

​លោក​សេង រតនៈ ឱ្យ​ដឹង​ទៀត​​ថា ផែន​ការ​អភិវឌ្ឍន៍​ខណ្ឌ​ក៏​ជាគន្លឹះ​ និងជា​​ឧបករណ៍​សម្រាប់ជួយ​ដល់ក្រុមប្រឹក្សា​ខណ្ឌ​ និង​​គណៈ​អភិ​បាលខណ្ឌ​ ដើម្បី​ក្តាប់ពីស្ថានភាពខណ្ឌ ក្នុងការ​វិភាគរកបញ្ហា មូលហេតុ​នៃ​បញ្ហា បញ្ហាប្រឈម និងដំណោះ​ស្រាយ​ទៅ​តាមស្ថានភាព ជាក់ស្តែង​របស់ខណ្ឌ​លើកត្តា​សេដ្ឋកិច្ច សង្គម​កិច្ច គ្រប់គ្រង​ដីធ្លី​ ធនធាន​ធម្ម​ជាតិ​ បរិស្ថាន​ ការប្រែ​ប្រួល​អាកាស​ធាតុ គ្រោះមហន្តរាយ និងផ្នែក​​រដ្ឋ​បាល​សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ ។

លោកសេង រតនៈ អភិបាល​ខណ្ឌទួលគោក ​ថ្លែងថា ការរៀបចំ​ផែនការ​អភិវឌ្ឍន៍ ខណ្ឌ​តម្រូវ​ឱ្យ​មានការ​ចូលរួម​ និងពិគ្រោះ​យោ​បល់​ពីកា​រិយាល័យចំណុះ​របស់សាលា​ខណ្ឌ ​ការិយាល័យ​ជំនាញ​របស់សាលាខណ្ឌ​ អង្គភាព នានា ក្រុម​ប្រឹក្សា​​​សង្កាត់ អង្គ​ការ​សង្គម​ស៊ីវិល និង​វិស័យ​ឯក​ជន​នានា​ដែលមាន​ភារកិច្ច​និង​សកម្ម​ភាព​នៅក្នុង​ផែនសមត្ថ​កិច្ច​របស់ក្រុម​ប្រឹក្សា​ខណ្ឌ ។ ជាមួយ​គ្នានេះ ការ​រៀបចំ​ផែន​ការភិវឌ្ឍន៍​​ និងកម្ម​វិធី​វិនិយោគ​៣​ឆ្នាំ រំកិលរបស់​ខណ្ឌ​ត្រូវ​ផ្អែកលើ​ច្បាប់​​និងលិខិត​បទ​ដ្ឋាន​គតិ​យុត្ត ។

លោកសេង រតនៈ បន្ត​ទៀត​ថា ផែន​ការ​អភិវឌ្ឍន៍​​ខណ្ឌ​គឺ​ជា​ឯកសារ​មូលដ្ឋានគ្រឹះ​ក្នុង​ការ​រៀបចំ​កម្មវិធីវិនិយោគ​៣​ឆ្នាំ​រំកិល​របស់​ខណ្ឌ ។ ដូចនេះ​ក្នុងកិច្ច​​​​ដំណើរការ​ៃន​ការ​រៀបចំ​កសាង​ផែនការ​អភិវឌ្ឍន៍​ខណ្ឌនេះ​ត្រូវបានចែក​ចេញ​ជាពីរផ្នែក​ គឺផ្នែក​ផែនការអភិវឌ្ឍន៍​ដែល​ត្រូវ​រៀបចំ​ជា​៤​ជំហាន និង​ផ្នែក​កម្ម​វិធី​វិនិយោគ ត្រូវរៀបចំ​ជា៣ជំហាន តាមសកម្មភាព​ជាក់​ស្តែង នៅក្នុងជំហាន​កែច្នៃ​ផ្នែកនីមួយៗ ។ ​លោក​សេង រតនៈ បាន​ស្នើសុំ​ដល់អង្គ​ប្រជុំ ឱ្យ​ផ្តល់​យោបល់​បន្ថែម​ចំពោះផែនការ​អភិវឌ្ឍន៍ ខណ្ឌ​ និងធ្វើការ​ពិភាក្សា​ និងអនុម័ត ៕