រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោកបានណែនាំដល់ចៅសង្កាត់ទាំង១០ក្នុងខណ្ឌធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនាំគ្នាទៅបង់ពន្ធលើអចលនទ្រព្យឆ្នាំ២០១២ ឱ្យបានមុនឆ្នាំ២០១២។ នេះជាប្រសាសន៍ណែនាំរបស់លោកពេជ្រ កែវមុនី អភិបាលរងខណ្ឌទួលគោក តំណាងលោកសេង រតនៈ អភិបាលខណ្ឌដែលបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី៣ សីហា ២០១២។
កិច្ចប្រជុំសាមញ្ញលើកទី៣៩នេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ញ៉ែម មុំ ប្រធានស្តីទីក្រុមប្រឹក្សាខណ្ឌទួលគោក និងលោកពេជ្រ កែវមុនី អភិបាលរងខណ្ឌទួលគោក។ ក្នុងកិច្ចប្រជុំក៏បានលើកយករបៀបវារៈចំនួន២មកធ្វើការពិភាក្សានិងអនុម័ត ដែលរបៀបវារៈទី១ គឺការពិភាក្សានិងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨របស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី១, របៀបវារៈទី២ ការស្តាប់របាយការណ៍លទ្ធផលនៃការអនុវត្តផែនការសកម្មភាពរបស់រដ្ឋបាលខណ្ឌរយៈពេល១ខែគឺខែកក្កដា ឆ្នាំ២០១២ និងស្តាប់របាយការណ៍ស្តីពីកិច្ចការបន្ថែមដែលបានអនុវត្ត និងបញ្ហាផ្សេងៗ។
លោកពេជ្រ កែវមុនី បានឱ្យដឹងថា កាលពីកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក លោកបានណែនាំដល់ក្រុមប្រឹក្សានៅតាមសង្កាត់ទាំងអស់ទាំងក្រុមប្រឹក្សាដែលទើបជាប់ឆ្នោត និងក្រុមប្រឹក្សាដែលត្រូវលាលែងត្រូវទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល តែរហូតមកដល់ពេលនេះក្រុមប្រឹក្សាមួយចំនួនហាក់ដូចជាមិនយកចិត្តទុកដាក់ឡើយ។ ដូចនេះសូមក្រុមប្រឹក្សាទាំងអស់នាំគ្នាទៅប្រកាសទ្រព្យសម្បត្តិឱ្យបានគ្រប់ៗគ្នាតាមច្បាប់កំណត់ ហើយប្រធានក្រុមប្រឹក្សាត្រូវរាយការណ៍មកជនបង្គោលអង្គភាពប្រឆាំងអំពើពុករលួយដោយអស់សុពលភាពត្រឹមថ្ងៃទី៦ សីហានេះ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ