រាជធានីភ្នំពេញ ៖ នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN នាថ្ងៃអាទិត្យទី៥ សីហា ខាងមុខនេះ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ K-cement ទម្ងន់៥៤គីឡូក្រាមវគ្គជម្រុះក្នុងពូល A នឹងត្រូវចាប់ផ្តើមហើយ ដែលជាការជួបប្រកួតរវាងឆាំ រ៉ែម មកពីក្លិបសិង្ហកីឡា និងអឹុង បូរ៉ា មកពីក្លិបព្រះខ័នរាជកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
នៅក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈមិត្តភាពនាពេលកន្លងមក គូនេះមិនធ្លាប់ប៉ះគ្នាម្តងណាឡើយ ហើយនេះគឺជាលើកទី១ដែលពួកគេទាំង២បានមកប៉ះគ្នានៅក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ K-cement ។ ក្នុងការប្រកួតនេះទៀតសោតត្រូវបានគេរៀបចំឡើងប្លែកពីមុននៅត្រង់ថា ពួកគេស្ថិតនៅគូទី១តែម្តង ហើយការប្រកួតចាប់ផ្តើមពីម៉ោង១រសៀល ។
តាមពិតរវាងគូនេះសុទ្ធតែជាជើងខ្លាំងដែលមានវ័យក្មេងដូចគ្នា ប៉ុន្តែប្រវត្តិនៃការឡើងសង្វៀនប្រកួតរបស់ឆាំ រ៉ែម មិនសូវមានភាពល្បីល្បាញដូចបូរ៉ាឡើយ ។ ចំណែកបូរ៉ា កន្លងមកល្បីនៅត្រង់គេពូកែស្នៀតកែង និងជង្គង់ ពីមុនអ្នកដែលប៉ះបូរ៉ា គឺសុទ្ធតែញាក់សាច់គ្រប់គ្នា ដោយសារតែភាពប៉ិនប្រសប់ខាងប្រើកែង និងជង្គង់នេះតែម្តង ។ លើកនេះគេមិនទាន់ដឹងថា យ៉ាងណានោះទេ ដោយសារតែមួយរយៈមកនេះថ្វីដៃប្រកួតនៅលើសង្វៀនរបស់គេមិនសូវល្អដូចមុនឡើយ ប៉ុន្តែសម្រាប់ការមកប៉ះឆាំ រ៉ែម គឺគេមិនសូវខ្វល់ខ្វាយប៉ុន្មានឡើយ ព្រោះឆាំ រ៉ែម អត់មានស្នៀតអ្វីដែលពូកែគួរឱ្យបារម្ភនោះឡើយ ។
រីឯគូប្រកួតមិត្តភាពវិញនៅក្នុងសប្តាហ៍នេះដែរ នួន ភិរក្ស មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ជួប ឡេះ តើក មកពីក្លិបពុទ្ធសេរីវង្សព្រែកតាទែន ។ រវាងអ្នកប្រដាល់ចាស់វស្សា២រូបនេះមានល្បិចប្រយុទ្ធនៅលើសង្វៀនក្រាស់ដូចគ្នា ។ ភិរក្ស កាលពីមុនអ្នកណាមិនល្បីថាមានស្នៀតកែង និងជង្គង់ល្អនោះ ប៉ុន្តែពេលនេះមិនដូចមុនទៀតឡើយ រីឯកម្លាំងវិញក៏ចុះខ្សោយជាងមុនបន្តិចដែរ ។ ទោះជាយ៉ាងណា គេអាចនៅល្អជាងឡេះ តើក បន្តិច ព្រោះពេលនេះឡេះ តើក មិនមានកម្លាំងគ្រប់គ្រាន់ដូចមុនទៀតឡើយ រីឯល្បិចប្រយុទ្ធវិញ ក៏អន់ថយជាងមុនបន្តិចដែរ លើកនេះគេសង្ឃឹមទៅលើភិរក្ស ច្រើនជាង ។
ធា រិទ្ធី មកពីក្លិបអេភូថងកីឡា ជួបប្រកួតជាមួយជ័យ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ។ រវាងអ្នកប្រដាល់ចាស់វស្សា២រូបនេះធ្លាប់បានជួបគ្នាច្រើនលើករួចមកហើយ ក្នុងនោះមានចាញ់ និងឈ្នះទៅវិញទៅមកដូចគ្នា ប៉ុន្តែល្បិចប្រយុទ្ធរបស់រិទ្ធី នាពេលនេះល្អជាងវណ្ណៈ។ ដូច្នេះចាំមើលវណ្ណៈអាចតស៊ូជាមួយរិទ្ធីបានដោយរបៀបណា ៕
ចែករំលែកព័តមាននេះ