រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១២ កន្លងទៅនេះ នៅវិទ្យាស្ថានជាតិអប់រំ មានរៀបចំសិក្ខាសាលាគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ក្រោមអធិបតីភាពលោកអ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីបណ្តាភាគីនានាដែលពាក់ព័ន្ធជាមួយវិស័យកីឡាបានមកជួបជុំដើម្បីស្វែងរកធាតុដូចគ្នាសម្រាប់ជំរុញវិស័យអប់រំកាយ និងកីឡានៅកម្ពុជាឱ្យកាន់តែរីកចម្រើន ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកអ៊ឹម សិទ្ធី ដែលចូលរួមក្នុងពិធីនេះបានថ្លែងថា សម័យក្រិកបុរាណគេជឿថាការអប់រំកាយ និងកីឡាធ្វើឱ្យមនុស្សមានសុខភាពរឹងមាំ អាចតស៊ូប្រឆាំងជាមួយធម្មជាតិដោយមិនពឹងផ្អែកលើជំនួយអាទិទេពដែលជាកត្តាធ្វើឱ្យមនុស្សមានឆន្ទៈមោះមុតអំណត់ព្យាយាមមានអធ្យាស្រ័យល្អ ប្រកាន់នូវភាពត្រឹមត្រូវ យុត្តិធម៌ ដោយហ៊ានទទួលស្គាល់នូវការបរាជ័យរបស់ខ្លួន ។
ដោយឡែកនៅយុគសម័យទំនើប ការងារអប់រំកាយ និងកីឡាបានក្លាយទៅជាមុខវិជ្ជាមួយដែលសិក្សាអំពីសិល្បៈក្នុងការធ្វើចលនា និងសុខភាពរបស់កុមារ ហើយត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅគ្រប់ប្រទេសទាំងអស់ ។
សូមបញ្ជាក់ថា សិក្ខាសាលានេះបានពិភាក្សាគ្នាដោយលម្អិតទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវន្ត ការស្រាវជ្រាវនិងចងក្រងឯកសារ លើកកម្ពស់ការអប់រំបណ្តុះបណ្តាលនិងការអភិវឌ្ឍសមត្ថភាព ការពារតម្លៃសីលធម៌ការអប់រំកាយ និងកីឡាសម្រាប់ទាំងអស់គ្នា តួនាទីរបស់ស្ថាប័នរដ្ឋជាមួយនឹងកីឡា ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ៕


ចែករំលែកព័តមាននេះ