ខេត្តពោធិ៍សាត់ ៖ ប្រតិភូគណៈកម្មការទី៩ ព្រឹទ្ធសភាមួយក្រុមដឹកនាំដោយលោកគង់ សារាជ និងមានការចូលរួមពីអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ និងថ្នាក់ដឹកនាំមន្ទីរនានា កាលពីថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី២ សីហា ២០១២ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោទាំង៦ ក្រុមដែលកំពុងវាស់វែងដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ។
លោកចេង ឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបានរាយការណ៍ថា អនុវត្តតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺខេត្តពោធិ៍សាត់មានអ្នកស្ម័គ្រចិត្តសម្តេចតេជោ៧០នាក់ និងមន្ត្រីបច្ចេកទេស៧០នាក់ទៀតសរុប១៤០នាក់ ចែកជា៦ក្រុមគោលដៅ ក្នុងនោះនៅស្រុកក្រគរ ២ក្រុម ស្រុកបាកាន១ក្រុម ក្រុងពោធិ៍សាត់១ក្រុម ស្រុកភ្នំក្រវាញ១ក្រុម និងស្រុកវាលវែង១ក្រុម។ មកដល់ពេលនេះក្រុមយុវជនស្ម័គ្រចិត្តកំណត់ព្រំតំបន់បាន១៣៩៨បង្គោល ធ្វើការវាស់វែង១.៣៩៨ចំណុច គូរផែនទីបាន១០ផ្ទាំង ទំហំផ្ទៃដី៧.៦៤២ហិកតា បំពេញសាលាកបត្របាន៥.៣២២ក្បាលដី បញ្ចូលក្នុងសម្រង់បញ្ជីបាន៤.៨៧៤ឈ្មោះ វាស់ក្បាលដីបាន៣.៨២៣ គូរក្បាលដីបាន៣.៣៧២ ស្មើនឹង៣.៦៧៥ហិកតា និងបំពេញទំរង់បែបបទបាន២.៥០៤ ។
មានប្រសាសន៍សំណេះសំណាលលោកគង់ សារាជ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងខ្វល់ពីសុខទុក្ខរបស់ក្មួយៗ និងមន្ត្រីក្រុមការងារទាំងអស់ ។ វីរភាពរបស់យុវជនកំពុងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ទាំង៦ក្រុមគោលដៅជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយបញ្ជាក់ពីភាពក្លាហានក្នុងការងារសង្គមជាផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ