ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុកភ្នំព្រឹកបានរាយការណ៍ថា យ៉ាងហោចណាស់កម្មករខ្មែរចំនួន២នាក់ និងអ្នកបចេ្ចកទេសជនជាតិចិនម្នាក់បានស្លាប់ រីឯកម្មករខ្មែរមា្នក់ទៀតរងរបួសដោយត្រូវថ្មភ្នំធ្លាក់សង្កត់លើ ខណៈពេលពួកគេចូលទៅខួងថ្មភ្នំ ដើម្បីដាក់រំសេវបំផ្ទុះយកថ្មធ្វើផ្លូវជាតិនៅតំបន់ព្រំដែន។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២ សីហា ២០១២ ស្ថិតក្នុងការដ្ឋានកិនថ្មរបស់ក្រុមហ៊ុនចិនមួយកន្លែងនៅលើភ្នំព្រឹក ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។
លោកសារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកឲ្យដឹងថា ថ្មភ្នំចំនួន២ដុំមានទំហំមួយអោបបានធ្លាក់មកពីខាងលើ ក្នុងគ្រាដែលកម្មករខ្មែរ និងអ្នកបច្ចេកទេសចិនកំពុងខួងថ្ម ដើម្បីដាក់រំសេវបំផ្ទុះនៅខាងក្រោម។ លោកនិយាយថា ដុំថ្មបានធ្លាក់ចំលើពួកគេចំនួន៤នាក់ បណ្ដាលឲ្យកម្មករខ្មែរ២នាក់ និងអ្នកបច្ចេកទេសជនជាតិចិនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកម្មករខ្មែរម្នាក់ទៀតរងរបួសស្រាល។
លោកអធិការរងរូបនេះបានប្រាប់បន្តទៀតថា ជនរងគ្រោះទាំង៤នាក់រួមមាន១-ឈ្មោះលាវ ឈាង អាយុ៣១ឆ្នាំ អ្នកបច្ចេកទេសជនជាតិចិនស្លាប់ ២-ឈ្មោះស៊ុន ភក្ដី ហៅម៉ាប់ អាយុ២៥ឆ្នាំ កម្មករខ្មែរស្លាប់ ៣-ឈ្មោះហ៊ុំ ហុន អាយុ២៧ឆ្នាំ កម្មករខ្មែរស្លាប់ និងអ្នករងរបួសម្នាក់ទៀតឈ្មោះស៊ុន វិសាល ហៅតុលា អាយុ២៣ឆ្នាំ កម្មករខ្មែរទាំង៣នាក់នេះមានលំនៅភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ