ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនយក្សជាច្រើនគ្រឿងដែលដឹកឈើ និងទំនិញលើសទម្ងន់បំផ្លាញផ្លូវជាតិលេខ៥ និងលេខ៦ នាពេលកន្លងមក ឥឡូវនេះត្រូវបានក្រុមជញ្ជីងចល័តពិសេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនប្រើវិធានការក្ដៅឆ្មក់ថ្លឹងរថយន្តនៅពេលទៀបភ្លឺថ្ងៃទី១ សីហា ឆ្នាំ២០១២ ត្រង់ចំណុចផ្លូវបំបែកជា៣ក្នុងទីរួមក្រុងសិរីសោភ័ណ។
តាមការឱ្យដឹងពីក្រុមការងារថ្លឹងរថយន្តចល័ត ពិសេសរបស់ក្រសួងសាធារណការថា ក្រុមការងារនេះ គឺជាក្រុមចំរុះមកពីគ្រប់ស្ថានីយថ្លឹងរថយន្តគ្រប់ទីកន្លែងរបស់ខេត្តនីមួយៗជំនួសឱ្យស្ថានីយចល័តតាមបណ្តាខេត្តទូទាំងប្រទេស។ ដោយឡែកខេត្តបន្ទាយមានជ័យ ក្រុមចល័តពិសេសរបស់ក្រសួងសាធារណការបានយកទីតាំងផ្លូវបំបែកជា៣ត្រង់ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ព្រោះថាចំណុចផ្លូវនេះជាកន្លែងចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តសៀមរាប និងខេត្តបាត់ដំបង តាមរយៈផ្លូវជាតិលេខ៥ និងលេខ៦ ។
ការចុះថ្លឹងរថយន្តចល័តនេះសមត្ថកិច្ចឃាត់រថយន្តបាន១១គ្រឿងដែលសុទ្ធសឹងជារថយន្តយីឌុប ធុនធំ ហើយសុទ្ធតែដឹកលើសទម្ងន់ដែលច្បាប់បានកំណត់។ ជាក់ស្ដែងគ្រាន់តែរថយន្តដឹកឈើចំនួន២គ្រឿងដែលមានអ្នករត់ការឈ្មោះហេង ដឹកឆ្លងកាត់ខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៦ ក្នុងមួយគ្រឿងផ្ទុកឈើ១៩ម៉ែត្រគូប គឺលើសទម្ងន់ដល់ទៅ២០តោនឯណោះ។ ចំណែករថយន្តដឹកឈើមួយគ្រឿងទៀត ដែលផ្ទុកពេញ ហើយលៀនចេញក្រៅទ្រុង គឺលើសទម្ងន់រហូតដល់ទៅ២៥តោន។ ចំពោះរថយន្តដែលដឹកកសិផលក៏ដូចជារថយន្តដឹកទំនិញឯទៀត គឺលើស៥តោនទៅ១០តោនផងដែរ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ