ក្រុងប៉ោយប៉ែត ៖ មន្ត្រីយោធាបម្រើការងារនៅការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃម្នាក់ ត្រូវបានកម្លាំងប៉េអឹមក្រុងប៉ោយប៉ែតឃាត់ខ្លួន ក្រោយពីទទួលពាក្យបណ្តឹងពីឪពុកក្មេកចោទថាបានយកកាំភ្លើងដេញបាញ់ ដែលករណីនេះបានកើតឡើងកាលពីេវលាម៉ោង៥ល្ងាចថ្ងៃទី១ កក្កដា នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មន្ត្រីយោធាដែលប៉េអឹមឃាត់ខ្លួនដោយសារឪពុកក្មេកប្តឹងនេះមានឋានន្តរសក្តិអនុសេនីយ៍ឯក ឈ្មោះអឿន តុលា អាយុជាង៣០ឆ្នាំ ។
ប្រភពពីកន្លែងកើតហេតុបង្ហើបឱ្យដឹងថា មុនពេលកម្លាំងប៉េអឹមឃាត់ខ្លួនមន្ត្រីយោធាខាងលើ គេឃើញឪពុកក្មេកឈ្មោះទ្រី គឹមលី អាយុ៤៩ឆ្នាំ បានប្តឹងទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប៉ុន្តែដោយសារប្រពន្ធនិងកូនព្យាយាមមិនឱ្យនិយាយទម្លាយអាថ៌កំបាំង ក៏បាននាំគ្នាចេញមកវិញ ។ ទោះបីជាបែបណា បុរសជាឪពុកក្មេករូបនោះនៅតែឆ្លៀតឱកាសគេចវេះពីប្រពន្ធកូនទៅប្តឹងដល់ទីបញ្ជាការប៉េអឹមក្រុងទាល់តែបាន រហូតឈានដល់ការឃាត់ខ្លួនយោធាម្នាក់នេះ ដល់លំនៅឋានតែម្តង ។
លោកអ៊ុំ សុផល អធិការនគរបាលក្រុងបានប្រាប់តាមទូរស័ព្ទថា កាលពីល្ងាចថ្ងៃទី១ សីហា ឈ្មោះទ្រី គឹមលី ឪពុកក្មេកមន្ត្រីយោធាជាប់ចោទបានមកកាន់ទីកន្លែងរបស់លោកដើម្បីដាក់ពាក្យបណ្តឹងពីកូនប្រសា ប៉ុន្តែត្រូវរារាំងមិនឱ្យនិយាយអ្វីពីស្ត្រីជាប្រពន្ធនិងកូនៗ ក៏ត្រឡប់ទៅវិញ ។
ចំណែកលោកហម ម៉ុត មេបញ្ជាការប៉េអឹមក្រុងប្រាប់តាមទូរស័ព្ទថា ក្រោយការឃាត់ខ្លួនមន្ត្រីយោធាខាងលើ និងធ្វើការស្រាវជ្រាវទើបដឹងថា ការពិតជាជម្លោះក្នុងក្រុមគ្រួសារ ហើយលោកថា រឿងហ្នឹងវាមិនមែនដូចការចោទប្រកាន់របស់ឪពុកក្មេកនោះឡើយ ។ លោកហម ម៉ុត បន្តថា ដោយមានការសម្របសម្រួលពីក្រុមគ្រួសារ និងពីខាងអង្គភាពសុំយកទៅអប់រំលោកក៏បានឱ្យត្រឡប់ទៅផ្ទះវិញ ហើយឪពុកក្មេកក៏បានដកពាក្យបណ្តឹងវិញដែរ ៕



ចែករំលែកព័តមាននេះ