រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួន ខណៈពួកគេព្រួតគ្នាវាយប្លន់យកម៉ូតូពីយុវជនម្នាក់នៅក្បែរផ្សាររាត្រីតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ កាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១ សីហា ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌឱ្យដឹងថា មុនពេលកើតហេតុយុវជនឈ្មោះតាំង ច័ន្ទប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤អឺហ្សេរូ ផ្លូវលេខ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានជិះម៉ូតូ ម៉ាកឌ្រីមសេ១១០ ពណ៌ខ្មៅ ស៊េរី២០១២ ចេញពីផ្ទះទៅហូបងាវនៅក្បែរវត្តឧណ្ណាលោម។ ប្រភពបន្តថា ខណៈហូបងាវរួចម៉ោងប្រហែល៨យប់ យុវជនរងគ្រោះបានជិះម៉ូតូទៅរកមិត្តភក្តិនៅមុខផ្សាររាត្រី ។ ពេលទៅដល់បានឈប់អង្គុយលេងមួយភ្លែត ហើយបម្រុងក្រោកចេញទៅផ្ទះ ស្រាប់តែមានជនល្មើសចំនួន៣នាក់បានស្ទុះទៅធ្វើសកម្មភាពក្រៀក ជនរងគ្រោះច្របាច់.ក ហើយម្នាក់ក៏ដណ្តើមយកសោម៉ូតូបំណងជិះគេចខ្លួន។ ប៉ុន្តែព្រះមិនជួយក៏ទៅបុកម៉ូតូអ្នកដំណើរត្រូវកម្លាំងល្បាតការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឃើញក្របួចបានភ្លាមៗ ចំណែក២នាក់ទៀតគេចខ្លួនបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ