រាជធានីភ្នំពេញ ៖ ម៉ូតូគុបមូល ពណ៌ស្លែមួយគ្រឿងជិះគ្នា២នាក់ ជាបុរសក្នុងល្បឿនលឿន ហើយព្យាយាមបើកវ៉ាម៉ូតូមួយគ្រឿងទៀតនៅពីមុខក៏ជ្រុលចង្កូត ទៅប៉ះរថយន្តកូរ៉ូឡាក្រពឹត ទ្វារខាងស្តាំបន្តិច កាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃ២ សីហា តាមបណ្តោយផ្លូវណតប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយពេលកើតហេតុភាគីទាំង២ជជែកគ្នាតឹងសរសៃក នៅតែរកខុសត្រូវមិនឃើញ ក៏ប្រគល់ឱ្យសមត្ថកិច្ច ។
អ្នកបើកម៉ូតូូគុបឈ្មោះ អាន ពែងលាង អាយុ២៤ឆ្នាំ ជាកម្មករសំណង់ និងអ្នកជិះពីក្រោយឈ្មោះ វឿន វណ្ណ អាយុ២៣ឆ្នាំ ជាកម្មករសំណង់ដែរ ទាំង២នាក់ស្នាក់នៅភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឯម្ចាស់រថយន្តកូរ៉ូឡា ឈ្មោះ ស្រេង ហ៊ាង អាយុ២៥ឆ្នាំ ។
យោងតាមសម្តីសមត្ថកិច្ចខណ្ឌសែនសុខបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូគុបមូល ពណ៌ស្លែ ជិះគ្នា២នាក់បានបើកយ៉ាងលឿន ហើយព្យាយាមបើកវ៉ាម៉ូតូមួយគ្រឿងទៀតនៅពីមុខក៏ជ្រុលចង្កូតទៅប៉ះរថយន្តកូរ៉ូឡា ពណ៌ខ្មៅ ដែលបើកបរដោយបុរសម្នាក់ បណ្តាលឱ្យក្រពឹតទ្វារខាងស្តាំបន្តិច ។ តែភាគីទាំងសងខាងមិនព្រមដោះស្រាយគ្នាដោយសន្តិវិធី បែរជាឈ្លោះប្រកែកគ្នាតឹងសរសៃកទៅវិញទៅមកនៅតែមិនមានដំណោះស្រាយទើបសម្រេចចិត្តប្រគល់ទៅឱ្យប៉ូលិសចរាចរ ខណ្ឌសែនសុខ យកទៅរក្សាទុកដើម្បីដោះស្រាយគ្នាបន្តទៀត។
ការបើកបរប៉ះពាល់គ្នាបន្តិចបន្តួចសោះ បែរជាគ្មានការយោគយល់អធ្យាស្រ័យគ្នា បង្កឱ្យរឿងតូចទៅជារឿងធំ ចំជាយ៉ាប់មែន ៕


ចែករំលែកព័តមាននេះ