ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​សាលា​គោល​នយោ​បាយ​ជាតិ​ស្តី​ពី​​ការ​អភិវឌ្ឍ​វិស័យ​អប់​រំកាយ និង​កីឡា

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​កាល​ពី​ថ្ងៃទី​២ សីហា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ មាន​រៀប​ចំ​សិក្ខា​សាលា​​គោល​នយោ​បាយ​​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​​​វិស័យ​អប់​រំ​កាយ និង​កីឡា ក្រោម​អធិ​បតី​ភាព​លោក​អឹុម សិទ្ធី រដ្ឋ​មន្ត្រី​​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ដោយ​មាន​ការ​ចូល​រួម​ពី​​បណ្តា​ភាគី​នានា​ដែល​​ពាក់​ព័ន្ធ​ជា​មួយ​វិស័យ​កីឡា​​​បាន​មក​ជួប​ជុំ​​ដើម្បី​​ស្វែង​រក​ធាតុ​ដូច​គ្នា​សម្រាប់​​ជំរុញ​វិស័យ​អប់​រំ​កាយ និង​កីឡា​​នៅ​កម្ពុជា​​ឱ្យ​កាន់​តែ​​រីក​ចម្រើន​ ។

​រដ្ឋ​មន្ត្រី​​ក្រសួ​ងអប់​រំ​ យុវជន និង​កីឡា លោក​អឹុម សិទ្ធី ដែល​ចូល​រួម​ក្នុង​ពិធី​នេះ​បាន​ថ្លែង​ថា សម័យ​​ក្រិក​បុរាណ​គេ​​ជឿ​ថា​ការ​អប់​រំ​កាយ និង​​កីឡា​​ធ្វើ​​ឱ្យ​​មនុស្ស​មាន​សុខ​ភាព​រឹង​មាំ អាច​ត​ស៊ូ​ប្រឆាំង​ជា​មួយ​ធម្ម​ជាតិ​ដោយ​មិន​ពឹង​ផ្អែក​លើ​​ជំនួយ​អាទិ​ទេព​​ដែល​ជា​កត្តា​ធ្វើ​ឱ្យ​មនុស្ស​មាន​ឆន្ទៈ​មោះ​មុត​អំណត់​ព្យាយាម​មាន​អធ្យា​ស្រ័យ​ល្អ ប្រកាន់​នូវ​ភាព​ត្រឹម​ត្រូវ​​ យុត្តិ​ធម៌ ដោយ​ហ៊ាន​​ទទួល​ស្គាល់​​នូវ​ការ​បរាជ័យ​​របស់​ខ្លួន​ ។ ដោយ​ឡែក​​នៅ​យុគ​សម័យ​ទំនើប​ ការ​ងារ​​អប់រំ​កាយ និង​កីឡា​​បាន​ក្លាយ​ទៅ​ជា​​មុខ​វិជ្ជា​​មួយ​ដែល​​សិក្សា​​អំពី​សិល្បៈ​ក្នុង​ការ​ធ្វើ​​ចលនា​ និងសុខ​ភាព​​របស់​កុមារ ​ហើយ​ត្រូវ​ដាក់​បញ្ចូល​​ក្នុង​កម្ម​វិធី​​សិក្សា​​នៅ​គ្រប់​ប្រទេស​ទាំង​អស់ ។

សូម​បញ្ជាក់​ថា សិក្ខា​សាលា​នេះ​បាន​ពិភាក្សា​​គ្នា​ដោយ​លម្អិត​ទៅ​លើ​ការ​អភិវឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សម្ភារ​​រូបវន្ត​ ការ​ស្រាវ​ជ្រាវ​និង​ចង​ក្រងឯក​សារ​ លើក​កម្ពស់​ការ​អប់​រំ​បណ្តុះ​បណ្តាល​​និង​ការ​អភិវឌ្ឍ​​សមត្ថ​ភាព ​ការ​ពារ​​តម្លៃ​សីល​ធម៌​​ការ​អប់​រំ​កាយ និង​កីឡា​​សម្រាប់​ទាំង​អស់​គ្នា ​តួនា​ទី​របស់​ស្ថាប័ន​រដ្ឋ​ជា​មួយ​នឹង​​កីឡា​ ព្រម​ទាំង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ៕