ខេត្តបាត់ដំបង ៖ នារីបម្រើការងារក្នុងហាងម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជាមួយនឹងម៉ូតូ១គ្រឿង កាលពីរសៀលថ្ងៃទី២ សីហា ក្រោយពីមានការសង្ស័យថា នារីម្នាក់នេះបានបោកយកម៉ូតូពីបុរសម្នាក់ដែលនាំនាងទៅរួមមេត្រីនៅផ្ទះសំណាក់មួយស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី១ សីហា ២០១២។
មន្ត្រីជំនាញបានឱ្យដឹងថា នារីដែលត្រូវបានឃាត់ខ្លួនឈ្មោះទូច សុភ័ណ្ឌ ហៅនីសា អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ជាអ្នកបម្រើការងារនៅក្នុងអាហារដ្ឋានយីហោ «មុំស្រីកា» ស្ថិតនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ហើយម៉ូតូដែលនាងប៉ងស៊ីដាច់ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩។ សមត្ថកិច្ចប្រាប់បន្តថា គេនូវមិនទាន់ស្គាល់ឈ្មោះម្ចាស់ម៉ូតូនៅឡើយទេ ព្រោះពេលបាត់ភ្លាមសមត្ថកិច្ចបានទទួលដំណឹងនេះតាមទូរស័ព្ទ រីឯម្ចាស់ម៉ូតូរវល់ដើររកម៉ូតូដែរ។ នារីសង្ស័យម្នាក់នេះបានខ្ចីម៉ូតូបុរសនោះពេលនាំគ្នាទៅដល់ផ្ទះសំណាក់យីហោ «៣៣៣» ក៏ជិះចេញទៅបាត់រហូត ទើបម្ចាស់ម៉ូតូផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច។
លោកមៀន ឡាយ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាននិយាយថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមកម្លាំងជំនាញរបស់លោក ស្រាប់តែប្រទះឃើញស្ត្រីម្នាក់នេះកំពុងជិះម៉ូតូតាមផ្លូវ ហើយកម្លាំងជំនាញក៏បានជិះតាមពីក្រោយ ។ លុះឃើញនារីនេះជិះចូលហាងដែលនាងធ្វើការទើបកម្លាំងជំនាញឃាត់ទាំងមនុស្សម៉ូតូតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ