ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​ហ្សេ​រ៉ូ​​ជនជាតិ​ឥណ្ឌា​ស្រវឹង​​បុក​ជាមួយ​រថយន្តដឹក​ទឹក​កក​របួស​បែក​មាត់​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖មាន​​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​​រវាងរថយន្ត​ប៉ា​ហ្សេ​រ៉ូ​​បើក​បរ​ដោយ​ជន​ជាតិ​ឥណ្ឌា​ ស្រវឹង​ជោក​​ទៅបុក​ជាមួយ​រថយន្ត​ដឹក​ទឹក​កក​បណ្តាល​ឱ្យ​ធ្លាក់​ទឹក​កក​រាយ​ពេញ​ផ្លូវ ​ចំណែក​បុរស​ជនជាតិ​ឥណ្ឌា​របួស​បែក​​​មាត់​ ​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ​សីហា ​តាម​ផ្លូវ​លេខ​១៨២​ ​កែង​ផ្លូវ​លេខ​២៦១ ​ចំណុច​ស្តុប​ម្តុំ​ភោជ​នីយ​ដ្ឋាន​​ទី​ក្រុង​បៃតង​ ​ស្ថិត​​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ​ខណ្ឌ​ទួល​គោក​ ។

​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឱ្យ​ដឹងថា ​​រថយន្ត​ប៉ា​ហ្សេរ៉ូ ​ពណ៌​ទឹក​ប្រាក់​បើក​បរ​ដោយ​បុរស​ជនជាតិ​ឥណ្ឌា ​តាម​ផ្លូវ​លេខ​១៨២​ពី​កើត​ទៅលិច ​បើក​លឿន​ក្នុងស្ថានភាព​ស្រវឹង​ ​ចំណែក​រថយន្ត​កូរ៉េ​ចំណុះ​២តោនកន្លះ ​ពណ៌​ខៀវ ​ដឹក​ទឹក​កក​ដើម​ធំ​​ចំនួន​៧០​ដើម​បើក​តាម​ផ្លូវលេខ​២៦១ ​ពីជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ផ្លូវ​​​​ជាប់​ភោជ​នីយ​ដ្ឋាន​​ទីក្រុង​បៃតង ​រថយន្តកូរ៉េឆ្លង​ស្តុប​ជិតផុត​ហើយ​ ​​​ស្រាប់​តែ​រថយន្ត​ប៉ាហ្សេរ៉ូ​បុក​ចំជញ្ជាំង​​ចំហៀងខាង​ឆ្វេង​​របើក​​​​ជញ្ជាំង​​ធ្លាក់​​ទឹក​​កក​រាយ​ពេញ​ផ្លូវ ​។ ​ចំណែក​រថយន្ត​ប៉ា​ហ្សេរ៉ូ​ស្រុញ​ផ្នែក​ខាង​មុខ ​បែក​កញ្ចក់​មុខ​​ឯ​ម្ចាស់​របួ​សបែក​មាត់ ​។

អ្នក​បើក​រថយន្ត​ដឹក​ទឹក​កក​ឈ្មោះ​ឆៃ​យ៉ា ​ភេទប្រុស ​អាយុ​២៣​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​គីឡូ​ម៉ែត្រលេខ​៦ ​ខណ្ឌ​ឫស្សី​កែវ ​បើក​រថយន្ត​ដឹក​ទឹក​កក​ពី​សិប្បកម្ម​គីឡូម៉ែត្រ​លេខ​៦ ​យកទៅ​ដាក់​ឱ្យ​ម៉ូយ​នៅខណ្ឌ​ទួល​គោក ​។ ​ទឹក​កក​ក្នុងរថយន្ត​ទាំង​អស់​មាន​៧០​ដើម​ ​។ ចំណែក​បុរស​ជន​ជាតិ​ឥណ្ឌា​មិន​ស្គាល់​អត្ត​សញ្ញាណ​បានប្រកែក​ថា​​រូបគាត់​មិន​មែន​ជាអ្នក​បុក​​ទេ​​ ​ដោយ​សារ​រថយន្តរបស់​គាត់​បើក​លើ​ផ្លូវអាទិភាព ​ហើយ​​រថយន្ត​ដឹក​ទឹកកក​បើក​ឆ្លង​ផ្លូវ ​។ ​​

​ទោះបី​ជា​ផ្លូវអាទិភាព​ ​ឫ​ផ្លូវមិន​អាទិភាព​ក៏ដោយ​ ​អ្នក​បើក​បរទាំង​អស់​គួរតែ​មាន​ការ​យោគ​​យល់​គ្នា​ទើបចៀស​ផុតពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​។ ​ក្រោយ​ពេ​ល​កើតហេតុ​រថយន្តទាំង​ពីរគ្រឿង​​ត្រូវប៉ូលិស​យក​ទៅ​រក្សា​ទុក​នៅខណ្ឌ​​ទួល​គោក​រង់ចាំដោះ​ស្រាយ​ ៕