ខេត្តតាកែវ ៖ ប្រជាកសិករភាគច្រើន បន្ទាប់ពីសម្រាកពីការងារស្រែចម្ការតែងតែរកមុខរបរបន្ទាប់បន្សំផ្សេងៗ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពឱ្យកាន់តែប្រសើរថែមទៀត ។
លោកអ៊ំ សារុន ជាប្រជាពលរដ្ឋរស់នៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី បានគូសបញ្ជាក់ថា រាល់ឆ្នាំប្រាក់ចំណូលរបស់គ្រួសារគាត់បានមកពីការលក់ស្រូវអង្ករមួយចំណែក ឯមួយចំណែកទៀតគឺទទួលបានពីការចិញ្ចឹមចង្រិតដែលជាមុខរបរមួយមានភាពងាយស្រួលមិនសូវហត់នឿយក្នុងការថែរក្សាប៉ុន្មានឡើយ ។ លោកមានប្រសាសន៍ថា គំនិតនៃការចិញ្ចឹមចង្រិតនេះដំបូងឡើយគាត់ទទួលបានពីការអានទស្សនាវដ្តីដែលមានអត្ថបទមួយនិយាយពីការចិញ្ចឹមចង្រិតដោយបង្ហាញពីរបៀបឱ្យចំណី របៀបភ្ញាស់ពង របៀបថែទាំ និងការលក់ចេញនៅពេលចង្រិតធំ ។ ពេលនោះគាត់ក៏ចាប់ផ្តើមទិញពូជចង្រិតនេះពីជាយដែនកម្ពុជា-ថៃ និងជួលគេឱ្យធ្វើទូសម្រាប់ចិញ្ចឹមតែម្តង ។
លោកអ៊ំ សារុន បានប្រាប់ពីដំណើរនៃការចិញ្ចឹមចង្រិតថា ចំពោះទូចិញ្ចឹម គឺទទឹងប្រវែង១,២ម៉ែត្រ និងបណ្តោយ៤ម៉ែត្រ ។ ទូមួយដាក់ពងចាប់ពី៤០ទៅ៥០ចាន អាស្រ័យទៅលើទូតូចឬធំ ។ បច្ចុប្បន្នគាត់មានទូសម្រាប់ចិញ្ចឹមចំនួន៤ដែលក្នុងមួយទូពេលប្រមូលផលទទួលបានចាប់ពី២០ទៅ២៥គីឡូក្រាម ។ រយៈពេល៥០ថ្ងៃគាត់ប្រមូលផលម្តង ហើយម៉ូយដែលមកទទួលទិញ គឺមានទាំងក្នុងតំបន់ និងពេលខ្លះអាចបញ្ជូនទៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានាទៀតផង ។ ចំពោះពូជដែលគាត់ចិញ្ចឹមជាពូជចង្រិតទឹកឃ្មុំវាមានមាឌតូចល្មម និងមិនមានស្លាបច្រើនទេ តែមានរសជាតិឆ្ងាញ់ជាងប្រភេទចង្រិតនានា ។ រីឯតម្លៃលក់ចេញក្នុង១គីឡូក្រាម១២.០០០រៀល និងអាចមានតម្លៃខ្ពស់ ឬទាបជាងនេះអាស្រ័យទៅលើតម្រូវការទីផ្សារ ។
លោកសារុន បានបញ្ជាក់បន្ថែមថាចាប់តាំងពីគាត់ប្រកបរបរចិញ្ចឹមចង្រិតនេះមកធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់គាត់មានភាពធូរស្រាលច្រើន ហើយការចិញ្ចឹមចង្រិតនេះជាមុខរបរមួយដែលមិនសូវជានឿយហត់នោះទេ ។ ចំណីដែលត្រូវឱ្យចង្រិតស៊ីជាប្រភេទចំណីដូចគ្នានឹងចំណីទាដែរ ហើយពេលធម្មតាយើងអាចកាត់ស្មៅ ឬស្លឹកឈើដាក់ឱ្យវាស៊ីបានដែរ ។
គួរបញ្ជាក់ផងដែរថា ការចិញ្ចឹមសង្រិតដើម្បីរកប្រាក់ចំណូលបំពេញកង្វះខាតជីវភាពនេះមិនមែនមានតែនៅខេត្តតាកែវប៉ុណ្ណោះទេ គឺមាននៅ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម… ៕




ចែករំលែកព័តមាននេះ