រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡំាពិកក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ២០១២ កីឡាករហែលទឹកជម្រើសជាតិកម្ពុជា លោកហែម ថុនពន្លឺ អាយុ២២ឆ្នាំ ដែលប្រកួតរបៀបសេរីចម្ងាយ៥០ម៉ែត្រនៅថ្ងៃទី២ សីហា នេះ បានទទួលបរាជ័យហើយ នៅក្នុងក្រុមប្រកួតរបស់ខ្លួនដែលមានគ្នា៨នាក់។
យោងតាមគេហទំព័រអូឡាំពិក London 2012 បានឲ្យដឹងថា កីឡាករហែម ថុនពន្លឺ បានទទួលលទ្ធផលស្ថិតនៅលេខរៀងទី៨ចុងក្រោយគេបំផុត ក្នុងចំណោមកីឡាករ៨ប្រទេស (៨នាក់) ដែលចូលរួមប្រកួត ដោយហែលក្នុងថេរៈវេលា២៧វិនាទី០៣ ខណៈពេលកីឡាករឈ្មោះ Hardley Kerson មកពីប្រទេសរដ្ឋសហព័ន្ធ Micronesia ទទួលបានចំណាត់ថ្នាក់លេខ១ ដោយហែលក្នុងថេរៈវេលា២៤វិនាទី៨២ ។
ប្រទេសដែលជាប់លេខ១ និងលេខតាមលំដាប់លំដោយក្នុងការប្រកួតក្រុមហែលរបៀបសេរី៥០ម៉ែត្ររួមមាន ៖
១-ម៉ៃក្រូណេសៀ
២-បឺគីណាហ្វាសូ
៣-កុងហ្គោ
៤-កូឌីវ័រ
៥-គ្រេនណាឌីន
៦-អីុសឡង់
៧-ណេប៉ាល់
៨-កម្ពុជា
ដោយឡែកប្រសិនបើយើងធ្វើការប្រៀបធៀបជាមួយក្រុមផ្សេងៗវិញ ឃើញថា កីឡាករហែម ថុនពន្លឺ បានយកឈ្នះលើថេរៈវេលារបស់កីឡាករ១០ប្រទេសផងដែរ គឺហែម ថុនពន្លឺ ហែលទឹកក្នុងល្បឿន២៧វិនាទី០៣ ចំណែកកីឡាកររបស់ប្រទេសផ្សេងៗទៀតប្រើថេរៈវេលារហូតដល់ ៖
-ឡាវហែលបានថេរៈវេលា២៨វិនាទី១៧
-សាធារណរដ្ឋអាហ្វ្រិកកណ្តាលហែលបានថេរៈវេលា២៨វិនាទី០៤
-បេណាំង ហែលបានថេរៈវេលា២៩វិនាទី៧៧
-ជីប៊ូទី ហែលបានថេរៈវេលា២៧វិនាទី២៥
-ស៊ូដង់ ហែលបានថេរៈវេលា២៧វិនាទី២៦
-កោះសាម៉ៅ (US) American Samoa ហែលបានថេរៈវេលា២៧វិនាទី៣០
-រ៉ូវ៉ាន់ដា ហែលបានថេរៈវេលា២៧វិនាទី៣៨
-អ៊ូហ្គង់ដា ហែលបានថេរៈវេលា២៧វិនាទី៥៨
-កាម៉េរូន ហែលបានថេរៈវេលា២៧វិនាទី៨៧
-អេត្យូពី ហែលបានថេរៈវេលា២៨វិនាទី៩៩
គួររំលឹកថា កាលពីការប្រកួតកីឡាអូឡាំពិកនៅក្រុងប៉េកាំង ប្រទេសចិន នៅពីថ្ងៃទី១៤ សីហា ២០០៨ កីឡាករហែម ថុនពន្លឺ ហែលទឹកប្រើថេរៈវេលាបាន២៧វិនាទី៣៩ ឃើញថា ហែម ថុនពន្លឺ បានបំបែកឯកទគ្គកម្មកាលពី៤ឆ្នាំ មុន ដោយលើកនេះ គឺប្រើថេរៈវេលា២៧វិនាទី០៣ ៕


ចែករំលែកព័តមាននេះ