ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ចរាចរណ៍​ផ្លូវ​គោគ​ថ្មី​តម្រូវ​ឱ្យ​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ពាក់​មួក​សុវត្ថិ​ភាព​ទាំង​អស់​គ្នា​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​​​​ ៖ សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ ដើម្បីផ្សព្វ​ផ្សាយ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​​ចរា​ចរណ៍​ផ្លូវគោក​ថ្មី​​​ ត្រូវបាន​រៀបចំ​ឡើង​ កាលពី​ព្រឹក​ថ្ងៃទី២​ សីហា​ នៅសណ្ឋា​គារ​សាន់វេ ក្រោម​​អធិបតី​ភាព​​លោក​ត្រាំ អីុវ​តឹក​ រដ្ឋមន្រ្តី​ក្រសួង​សាធារណ​ការ​និងដឹក​ជញ្ជូន​ និងជា​ប្រធាន​គណៈកម្មការ​ជាតិសុវត្ថិ​ភាព​ចរា​ចរណ៍ផ្លូវ​គោក​។​ អ្វីដែល​ជាការ​ចាប់​អារម្មណ៍​នៅក្នុងច្បាប់​​ស្តី​ពី​​ចរាចរណ៍ផ្លូវ​គោក​ថ្មីនោះ​​គឺតម្រូវឱ្យ​អ្នកបើកបរ​ទោចក្រ​យាន​យន្ត​ និងអ្នករួម​ដំណើរ​ក្នុងនោះ​រួមមាន​ទាំងកុមារ​ផង ត្រូវពាក់​មួក​សុវត្ថិភាព​រាល់ពេល​ធ្វើ​ដំណើរ​​ ។

នាឱកាស​នោះ​ លោក​រដ្ឋ​​មន្ត្រី​​ ត្រាំ​ អីុវតឹក​ បាន​លើក​​ឡើង​ថា​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ​ ​ហ៊ុន​ សែន​ កម្ពុជា​មាន​ការ​អភិវឌ្ឍ​យ៉ាងលឿន​លើគ្រប់វិស័យ ​ពិសេស​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹកជញ្ជូន​ គឺ​ស្ពាន ផ្លូវគោក​ ផ្លូវដែក​​ ផ្លូវទឹក​ ផ្លូវអាកាស​ និង​កំពង់​ផែ​ ។ តាមរយៈ​ក្រសួងសាធារណការនិង​ដឹក​ជញ្ជូន​​ផ្លូវថ្នល់​ និងស្ពានត្រូវ​បានស្តារ​ និង​អភិ​វឌ្ឍន៍​​លើក​​កម្រិត​ចាក់កៅ​ស៊ូតភ្ជាប់​នៅគ្រប់​រាជ​ធានី​-ខេត្ត ជនបទ​ជិតឆ្ងាយ​ទូទាំង​ប្រទេស ​និង​ភ្ជាប់​ជាមួយ​ប្រទេសជិត​ខាងក្នុង​តំបន់​ ដែលបង្ក​លក្ខណៈ​ងាយ​ស្រួលជូន​ប្រជាជន​ក្នុងការ​ធ្វើ​ចរាចរណ៍​ និងដឹក​ជញ្ជូន​ ជំរុញឱ្យ​សេដ្ឋកិច្ច​ជាតិ​និង​​គ្រួសារ​​មានការលើកកម្ពស់​​​គួរ​ឱ្យ​មោទន​ភាព​​ ។​ ទន្ទឹម​នោះ យាន​យន្តគ្រប់​ប្រភេទ​ក៏បាន​កើន​ឡើង​ជារៀង​រាល់​ឆ្នាំ​ ប៉ុន្តែជា​ការគួរឱ្យ​សោក​ស្តាយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​បង្ក​ជា​​សោក​នាដ​កម្ម​គួរឱ្យ​ព្រួយបារម្ភ​។

លោករដ្ឋ​មន្រ្តីបាន​រំលឹក​ថា​ ក្នុង​​​អំឡុង​​ឆ្នាំ​២០១១​ កន្លងទៅនេះ​ គ្រោះថ្នាក់​ចរា​ចរណ៍​​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ស្លាប់​​ចំនួន​​​១.៩០៥​នាក់​ គិតជាមធ្យម​គឺចំនួន​ស្លាប់​ជាង​​​​៥នាក់​ក្នុង​មួយ​ថ្ងៃ​ ។ មូលហេតុ​ចម្បង​ដែលបង្ក​ឱ្យ​មានគ្រោះ​ថ្នាក់ចរា​ចរណ៍​ គឺ​បណ្តាល​មកពី​កត្តា​មនុស្ស​ដែល​មាន​រហូត​ដល់​៩៥​%​ ។​ ចំណែក​ជនរង​គ្រោះ​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរា​ចរណ៍​ភាគ​​ច្រើន​​ គឺប្រើប្រាស់​​ម៉ូតូ​មាន​​ចំនួន​រហូត​​ដល់​៦៧​%​​នៃជន​រង​គ្រោះ​សរុប​ ។ ក្នុង​ចំណោម​នោះ អ្នក​រង​គ្រោះដល់​ស្លាប់​ប្រមាណ​៦៩​% ដោយ​ប៉ះទង្គិច​ក្បាល​មិនពាក់មួក​សុវត្ថិភាព​ ។​​លោក​រដ្ឋមន្រ្តី​​បញ្ជាក់​ថា​ ប្រឈម​នឹង​ស្ថាន​ភាព​គ្រោះថ្នាក់​និងដើម្បី​ចូលរួម​អនុវត្ត​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជា​ជាតិ​ ​ស្តី​ពីទស​វត្ស​រ៍​​សុវត្ថិ​ភាព​ចរាច​រណ៍​ផ្លូវគោក​ ​ក្រសួង​សាធារ​ណ​ការ និងដឹក​ជញ្ជូន​​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​​សហការ​គ្នារៀប​ចំសេចក្តី​ព្រាង​​​ច្បាប់​ស្តីពី​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មីនេះ​ឡើង​​ ។

តាម​សេចក្តីព្រាង​​ច្បាប់​ស្តីពីចរា​ចរណ៍ផ្លូវ​គោក​ថ្មី​ គឺមាន​១២​ជំពូក និង​១០០​មាត្រា ។ ខ្លឹម​សារ​សំខាន់​ៗនៃច្បាប់​ថ្មីនេះ​ គឺតម្រូវ​ឱ្យ​អ្នកបើក​បរយាន​យន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី​​៤៩ សង់​ទីម៉ែត្រ​គូប​ឡើងទៅ​ត្រូវមាន​ប័ណ្ណ​បើកបរ​តាម​ប្រភេទ​​យាន​យន្ត​ ។ ​ទោចក្រ​យានយន្ត​អាច​ផ្ទុក​មនុស្ស​​២​នាក់​​ ព្រមទាំង​កុមារ​មួយ​នាក់​​ហើយ​ទាំង​អស​់គ្នាត្រូវ​ពាក់មួក​សុវត្ថិ​ភាព​ ។​ ហាមផ្ទុក​មនុស្ស​ ឬទំនិញ​ពីមុខអ្នក​បើកបរ​ និងហាម​ក្មេងអាយុ​តិច​ជាង​១០​ឆ្នាំ​អង្គុយ​នៅលើ​កៅអី​ខាង​មុខនៃ​រថយន្ត​ដោយគ្មាន​មនុស្សចាស់​អង្គុយ​ជាមួយ​ និងគ្មាន​ពាក់ខ្សែ​ក្រវាត់​សុវត្ថិ​ភាព​ ។ ច្បាប់​ថ្មីក៏បាន​ចែងអំពីការ​ផ្តន្ទាទោស​និង​ផាក​ពិន័យ​ចំពោះអ្នក​ប្រើប្រាស់​យានយន្ត​ល្មើស​នឹងច្បាប់​ និងមន្រ្តី​នគរបាល​ដែលបាន​ប្រព្រឹត្ត​ខុស​ច្បាប់ចរាចរណ៍​​ដែរ​ ។​ ប៉ុន្តែ​នៅ​ជំពូក​ទី​​១១​ ​នៃអន្ត​រប្បញ្ញត្តិ​​ ច្បាប់​ថ្មី​បាន​ចែង​ថា​ យានយន្ត​ជាកម្មសិទ្ធិ​របស់ឯកជន​ដែលបាន​ពាក់ស្លាក​លេខ​រដ្ឋ​ នគរបាល​ និង​ខេមរភូមិន្ទ​ ត្រូវធ្វើ​បែបបទ​សុំប្តូរ​មកស្លាក​លេខឯក​ជនឱ្យ​បាន​ចប់សព្វ​គ្រប់​ក្នុង​រយៈ​ពេល​១​​ឆ្នាំ​ គឺគិត​ចាប់ពីថ្ងៃ​ដែលច្បាប់​នេះចូល​ជាធរ​មាន​​៕